អ្នកជំនាញពីររូបនឹងបង្ហាញពីគន្លឹះជោគជ័យលើវិស័យអចលនទ្រព្យជាលើកដំបូង

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញចំនួន២រូបដែលសុទ្ធតែមានមានភាពជោគជ័យ នៅក្នុងវិស័យមួយនេះជាច្រើនឆ្នាំ នឹងចូលមកបង្ហាញពីវិធីសាស្ត្រនានា ដែលអាចជួយឱ្យទទួលបានភាពជោគជ័យ តាមរយៈកម្មវិធីសិក្ខាសាលា«ត្រៀមខ្លួន ដើម្បីជោគជ័យសម្រាប់អាជីវកម្មដំបូងក្នុងវិស័យអចលនទ្រព្យ»។

តាមរយៈការរៀបចំដោយសាលាអចលនទ្រព្យកម្ពុជា (Real Estate School of Cambodia) នៅត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ខាងមុខនេះ នៅសាលប្រជុំនៃភោជនីយដ្ឋានទន្លេបាសាក១ អ្នកជំនាញ ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ និងកំពុងទទួលបានភាពជោគជ័យ នៅក្នុងវិស័យអចលនទ្រព្យ នឹងធ្វើការចែករំលែកនូវចំណេះដឹង ជំនាញ រួមជាមួយបទពិសោធន៍ផ្ទាល់ខ្លួន ដើម្បីជួយលើកកម្ពស់ធនធានមនុស្សក្នុងវិស័យមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យKhmer Foundation Appraisal (KFA) លោកឧកញ៉ា នួន រិទ្ធី ជាវាគ្មិននៅក្នុងកម្មវិធីនេះ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះថា តាមរយៈកម្មវិធីបណ្តុះបណ្តាលមួយនេះ សិក្ខាកាមដែលបានចូលរួម នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ពាក់ព័ន្ធនឹងចំណេះដឹងពីវិស័យអចលនទ្រព្យនៅកម្ពុជា រួមជាមួយនឹងគន្លឹះ ដែលអាចជួយឱ្យទទួលបានភាពជោគជ័យពីការធ្វើអាជីវកម្មនៅក្នុងវិស័យមួយនេះ។

លោកឧកញ៉ាបន្តថា “តាមរយៈកម្មវិធីនេះនឹងមានការធ្វើបទបង្ហាញ និងបណ្តុះបណ្តាលចំណេះដឹង និងជំនាញដែលអាចទាញយកផលប្រយោជន៍ ពីវិស័យមួយនេះក្នុងអត្រាមួយកម្រិតខ្ពស់ និងអាចចៀសផុតពីហានិភ័យ”។ លោកឧកញ៉ាបន្តទៀតថា “ភាគច្រើន ភ្នាក់ងារដែលកំពុងតែប្តិបត្តិសព្វថ្ងៃ ហាក់មិនបានបំពេញតាមតម្រូវការរបស់អតិថិជនឱ្យគ្រប់ជ្រុងជ្រោយនោះទេ ដែលវាជាហេតុបណ្តាលឱ្យអតិថិជនបាត់បង់ទំនុកចិត្ត ឬអាចងាកទៅរកភ្នាក់ដទៃធ្វើជាដៃគូ”។

ដូច្នេះ នៅក្នុងវគ្គសិក្ខាសាលានេះ នឹងមានបង្ហាញអ្នកចូលរួមឱ្យដឹង និងស្គាល់ពីអ្វីដែលហៅថា Professional Real Estate Agency ហើយនឹងមានឯកសារច្បាប់ពាក់ព័ន្ធអ្វីខ្លះដែលត្រូវរៀបចំ។ នៅពេលពួកគាត់បានយល់ដឹងពីរបៀប នៃការស្វែងរកភ្ញៀវ របៀបនៃការផ្តល់ទំនុកចិត្តដល់អតិថិជន និងការចេះមើលវាយតម្លៃទៅលើស្ថានភាពអចលនទ្រព្យ នោះពួកគាត់នឹងមានអត្រាជោគជ័យខ្ពស់នៅក្នុងការងារ និងអាជីវកម្ម”។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) លោ​ក ឃាង ពុទ្ធី ដែលជាវាគ្មិនសំខាន់ម្នាក់ នៅក្នុងកម្មវិធីខាងលើនេះបានមានប្រសាសន៍ឲ្យដឹងផងដែរថា ដោយសារតែវិស័យអចលនទ្រព្យនៅកម្ពុជា មានភាពរីកចម្រើន និងអភិ​វឌ្ឍន៍យ៉ាងឆាប់រហ័ស ដែលអាចទាញយកផលចំណេញបានច្រើន បានធ្វើឱ្យមនុស្សជាច្រើនងាកមកចាប់អារម្មណ៍នៅក្នុងវិស័យនេះ ប៉ុន្តែវាមិនមែនងាយស្រួលក្នុងការទទួលបានជោគជ័យទាំងអស់នោះទេ។

លោកបន្តទៀតថា “ជាការចូលរួមក្នុងពង្រឹងវិស័យនេះ ក៏ដូចជាជួយបណ្តុះបណ្តាលធនធាននៅក្នុងវិស័យអចលនទ្រព្យ ពួកខ្ញុំនឹងធ្វើការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ដែលធ្លាប់ជួបប្រទះនៅក្នុងប្រតិបត្តិនៃអាជីវកម្ម និងភាពជំនាញជាភ្នាក់ងារទៅដល់អ្នកជំនាន់ក្រោយ”។ លោកបានបញ្ជាក់ទៀតថា “នៅពេលដែលពួកគាត់បានស្គាល់ពីវិស័យនេះច្បាស់ រួមជាមួយនឹងការចេះពីវិធីសាស្ត្រក្នុងការធ្វើអាជីវកម្ម និងភាពជាអ្នកជំនាញ នោះពួកគាត់អាចកាត់បន្ថយនូវភាពបរាជ័យ បានយ៉ាងប្រសើរជាងការចូលប្រឡូកបែបប្រថុយប្រថាន”។

កម្មវិធីបណ្តុះបណ្តាលនេះរៀបចំដោយសាលាអចលនទ្រព្យកម្ពុជា(real estate school of Cambodia)៕

LEAVE A REPLY

Please enter your comment!
Please enter your name here