ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាល តាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមជាមួយនឹងក្រសួងពាក់ព័ន្ធ បាន និងកំពុងធ្វើការដោះស្រាយនូវរាល់បញ្ហានានាពាក់ព័ន្ធទៅនឹងកិច្ចអនុវត្តច្បាប់សំណង់ ដើម្បីពង្រឹងគុណភាពសំណង់ សុខសុវត្ថិភាពកម្មករសំណង់ ស្របទៅនឹងការស្នើសុំរបស់សហគម អង្គការសង្គមស៊ីវិលនានា។

-->
តាមរយៈសេចក្ដីប្រកាសរបស់ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលធ្វើការផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២០ ម្សិលមិញនេះបានបញ្ជាក់ថា ក្រសួងបានទទួលញត្តិរបស់តំណាងសហព័ន្ធសហជីព សមាគម អង្គការសង្គមស៊ីវិល និងសហគមន៍ ដែលធ្វើការក្នុងវិស័យការងារ និងសិទ្ធិមនុស្ស ដែលបានអំពាវនាវដល់រាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធនានា ឱ្យយកចិត្តទុកដាក់ដោះស្រាយនូវវិធានការចំនួន ៧ចំណុច។
នៅក្នុងវិធានការដែលបានស្នើសុំទាំង៧ចំណុចខាងលើនេះ បានផ្តោតលើការត្រួតពិនិត្យ វាយតម្លៃគម្រោងសាងសង់ លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពកម្មករផ្នែកសំណង់ ការទូទាត់សំណងជូនជនរងគ្រោះនិងការផ្តន្ទាទោសជនដែលបង្កគ្រោះថ្នាក់ការផ្អាកអ្នកម៉ៅការបន្តដែលគ្មានអាជ្ញាបណ្ណ ការធ្វើស្តូបរំលឹកការចងចាំព្រឹត្តិការណ៍ការបាក់រលំអគារ និងការអនុវត្តសេចក្តីណែនាំការពង្រឹងគុណភាពនិងសុវត្ថិភាពសំណង់។
ជាការឆ្លើយតប ក្រសួងបានបញ្ជាក់ថា ចំណុចដែលទាមទារមួយចំនួន ក្រសួងបាននឹងកំពុងអនុវត្តរួចហើយ។ ចំពោះមុខក្រសួងនឹងពិនិត្យដោះស្រាយយ៉ាងយកចិត្តទុកដាក់នូវរាល់សំណូមពរទាំងឡាយណា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួង។ ចំពោះរាល់សំណូមពរផ្សេងទៀតដែលផុតពីដែនសមត្ថកិច្ចរបស់ក្រសួង ក្រសួងនឹងបញ្ជូនទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ និងដោះស្រាយបន្តទៀត។ ជាមួយគ្នានេះ ក្រសួងក៏បានត្រៀមខ្លួនជាស្រេច ដើម្បីសហការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបន្តពិនិត្យនិងដោះស្រាយនូវរាល់កង្វល់នានាដែលបានលើកឡើង។

លោកឧបនាយកដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជា សុផារ៉ា បានព្រមានចាត់វិធានការក្ដៅទៅលើបណ្តាក្រុមហ៊ុនអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុនទទួលម៉ៅការសាងសង់ទាំងឡាយណាដែលមិនបានគោរព និងអនុវត្តទៅតាមច្បាប់សំណង់ដែលបានកំណត់ ដោយការដកហូតនូវអាជ្ញារប័ណ្ណបញ្ចប់សកម្មភាពសាងសង់ និងអាជីវកម្ម ព្រមទាំងមានទោសយ៉ាងធ្ងន់ធ្ងរថែមទៀតផង។
ជាមួយនឹងការអនុវត្តតាមច្បាប់សំណង់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំដោយមានការចូលរួមពីបណ្តាមន្ត្រីរដ្ឋបាលមូលដ្ឋានទាំង១៤ខណ្ឌ ទូទាំងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការ និងការធ្វើសេចក្ដីជូនដំណឹងទៅដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងសំណង់អគារដែលមានសភាពទ្រុឌទ្រោមឱ្យមានការប្រយ័ត្នខ្ពស់ទៅលើសុខសុវត្ថិភាព។ បន្ថែមពីនេះ ក៏មានការកំណត់ដាច់ខាតមិនឱ្យមានកម្មករសំណង់ស្នាក់នៅក្នុងសំណង់អគារទាំងឡាយណាដែលកំពុងសាងសង់ និងមិនទាន់បញ្ចប់ជាដាច់ខាត៕