អ្នកជំនាញអះអាងថាខេត្តកំពង់ស្ពឺនឹងមានចរន្តទិញលក់អចលនទ្រព្យ ច្រើនជាងគេនៅឆ្នាំ២០២០

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រុមអ្នកជំនាញបានអះអាងថា ចរន្តនៃការទិញលក់អចលនទ្រព្យនៅខេត្តកំពង់់ស្ពឺ នឹងសកម្មភាពរសរវើកជាងគេនៅឆ្នាំ២០២០នេះ បន្ទាប់ពីខេត្តទាំង៤ ស្ថិតនៅជាប់តំបន់ឆ្នេរ ដែលបានក្លាយជាគោលដៅវិនិយោគ និងអភិវឌ្ឍន៍កម្រិតខ្ពស់លើវិស័យទេសចរណ៍ និងមណ្ឌលកម្សាន្ត។


ហេតុអ្វីបានជា បណ្តាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យជាច្រើននាក់ សុទ្ធតែបានបង្ហាញពីសុទិដ្ឋិនិយមចំពោះទឹកដីខេត្តកំពង់ស្ពឺ ដែលនឹងមានតម្រូវការទីផ្សារខ្ពស់លើការប្រើប្រាស់ដី សម្រាប់បម្រើឱ្យវិស័យកសិឧស្សាហកម្ម រោងចក្រ សហគ្រាស ឃ្លាំង រួមជាមួយវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ឲ្យដឹងកាលពីល្ងាចថ្ងៃទី២៨ មករាកន្លងមកថា នៅក្នុងឆ្នាំ២០២០នេះ តម្រូវការនៃការប្រើប្រាស់ដី នៅក្នុងខេត្តកំពង់ស្ពឺនឹងកើនឡើងយ៉ាងគំហុក សម្រាប់បម្រើឱ្យទាំងវិស័យរោងចក្រ កសិកម្ម ឧស្សាហកម្ម ឃ្លាំង និងគម្រោងមណ្ឌលកម្សាន្ត។

លោកឧកញ៉ាបន្តទៀតថា គម្រោងវិនិយោគលើវិស័យរោងចក្រ និងសហគ្រាសជាច្រើនបានបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ដោយសារតែខេត្តមួយនេះ មានកត្តាភូមិសាស្ត្រល្អជាងបណ្តាខេត្តដទៃទៀត ជាពិសេសផ្លូវជាតិលេខ៤ ដែលជាផ្លូវសំខាន់ក្នុងការដឹកជញ្ជូន

លោកឧកញ៉ាតេង រិទ្ឋីបានបន្តថា មិនថាគម្រោងវិនិយោគ ឬអភិវឌ្ឍន៍វិស័យរោងចក្រ ឬសហគ្រាសនោះទេ ភាពរីកចម្រើន និងអភិវឌ្ឍន៍នៅក្នុងតំបន់ ពិតជានឹងកើតមាន ដែលរូបភាពទាំងអស់នេះ សុទ្ធតែជាចំណុចល្អជួយជំរុញឱ្យ វិស័យអចលនទ្រព្យទាំងមូលមានភាពកាន់តែល្អប្រសើរ

លើកឡើងស្រដៀងគ្នាទៅនឹងការលើកឡើងខាងលើនេះ អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ចាន់ឌី ដែលមានក្រុមហ៊ុនអភិវឌ្ឍន៍វិស័យលំនៅដ្ឋានផងដែរនោះបានទទួលស្គាល់ថា ទឹកដីខេត្តកំពង់ស្ពឺពិតជាមានភាពល្អប្រសើរ និងទាក់ទាញលើការវិនិយោគ។


លោកបានបន្តថា គម្រោងជាច្រើនវិនិយោគពីអន្តរជាតិជាច្រើនបាន និងកំពុងតែសម្រុកបាញ់ឆ្ពោះទៅកាន់កំពង់ស្ពឺ ស្របទៅនឹងផែនការបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ លោកបានបន្តទៀតថា វាជាមោទនភាពរបស់អ្នកខេត្តកំពង់ស្ពឺ ដែលក្រៅពីអាចមានឱកាសទទួលបានការងារធ្វើ អាចរកចំណូលបានហើយនោះ ថែមទាំងទទួលបាននូវកំណើននៃតម្លៃដីធ្លីទៀត

លោក ម៉ាន់ ចាន់ឌី បានបន្តទៀតថា នៅក្នុងឆ្នាំ២០២០នេះ ខ្ញុំជឿថា គម្រោងវិនិយោគជាច្រើនទៀត នឹងបន្តសម្រុកចូលបន្ថែម ជាពិសេសក្រោយពេលហេដ្ឋារចនាសម្ព័ន្ធនានានៅទូទាំងខេត្ត ត្រូវបញ្ចាប់ការសាងសង់ ជាពិសេសវត្តមានផ្លូវល្បឿនលឿន ដែលជាគម្រោងចម្បងរបស់រាជរដ្ឋាភិបាល កំពុងតែពន្លឿនសកម្មភាពសាងសង់នាពេលបច្ចុប្បន្ននេះ   

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ថា គិតត្រឹមពាក់ក ណ្តាលខែមករា ឆ្នាំ២០២០នេះ សម្រាប់តែវិស័យឧស្សាហកម្ម ដែលកំពុងឈានមុខគេប្រចាំខេត្តគឺមានចំនួន២៧០ទីតាំង ដែលផ្តល់ឱកាសការងារច្រើនជាង១៣ម៉ឺនកន្លែង ក្នុងចំណោមប្រជាជនសរុបជាង៨៧ម៉ឺននាក់។

ចំនួននេះ នៅមិនទាន់រាប់បញ្ចូលចំនួនកម្លាំងកម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅតាមសិប្បកម្មខ្នាតតូចមួយចំនួន មិនទាន់ចុះបញ្ជីនៅឡើយ។

លោកវ៉ី សំណាងបានបន្តថា ជាមួយនឹងកំណើននៃចំនួនរោងចក្រ សហគ្រាសទាំងអស់នេះ ទឹកប្រាក់ច្រើនជាង៣៣លានដុល្លារ បានចាក់បញ្ចួលក្នុងចរន្តសេដ្ឋកិច្ចរបស់ខេត្តពិសេសកម្មករ និយោជិតកំពុងបម្រើការងារ ហើយចំនួនទឹកប្រាក់នេះ នឹងបន្តកើនឡើងទៀត ស្របពេលដែលគម្រោងថ្មីប្រមាណ១០០គម្រោងទៀត ត្រៀមនឹងដំណើរការចង្វាក់ផលិតកម្មនៅពេលខាងមុខនេះ ហើយនឹងផ្តល់ឱកាសការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋក្នុងខេត្ត៕


LEAVE A REPLY

Please enter your comment!
Please enter your name here