លោក ច្រឹក សុខនីម ៖ សសរស្ដម្ភទាំង៣ ជ្រោមជ្រែងវិស័យអចលនទ្រព្យនៅកម្ពុជា

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ សរសរស្តម្ភទាំង៣ ដែលជួយជ្រោមជ្រែងឱ្យវិស័យអចលនទ្រព្យរឹងមាំបាន និងបានជួយដល់ដំណើរនៃការអភិវឌ្ឍប្រកបដោយភាពរលូនក្នុងរយៈពេលជាង១០កន្លងមកនេះរួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។ នេះបើតាមការលើកឡើងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។

មានប្រសាសន៍នៅក្នុងសន្និបាតបូកសរុបការងារ ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ថា វិស័យអចលទ្រព្យនៅកម្ពុជាអាចមានភាពរឹងមាំ និងមានការអភិវឌ្ឍគឺអាស្រ័យទៅលើសរសរស្ដម្ភទាំង៣ រួមមាន ភ្នាក់ងារអចលនវត្ថុ ភ្នាក់ងារវាយតម្លៃ និងការអភិវឌ្ឍគម្រោង។

ជាមួយនឹងការលើកឡើងខាងលើនេះ លោក ច្រឹក សុខនីម ដោយមើលឃើញច្បាស់ពីគុណតម្លៃនៃផ្នែកសំខាន់ៗទាំង៣ ដែលឈរជាសរសរស្ដម្ភក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ក្នុងនាមជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានសហការជាមួយអនុប្រធាន និងក្រមការងារស្នូលរបស់សមាគមព្រមទាំងដៃគូដោយបានសម្រេចបណ្តុះបណ្តាលនូវជំនាញវិជ្ជាជីវៈភ្នាក់ងារអចលនវត្ថុប្រមាណជាង ១,០០០នាក់។

ក្រៅពីនេះ នៅមានការបណ្តុះបណ្តាល ភ្នាក់ងារវាយតម្លៃអចលនវត្ថុប្រមាណជាង ១២៥នាក់ ចែករំលែកអំពីការគ្រប់គ្រងលើវិស័យអចលនវត្ថុប្រមាណជាង២៥០នាក់តាមរយៈកម្មវិធីធុរកិច្ចអាជីវកម្ម (Real Estate Business Support Program) និងការចែករំលែកចំណេះដឹងជាសាធារណៈប្រមាណជាង ៨០០នាក់ ហើយសមាគមបាននាំសមាជិកទៅសិក្សារៀនសូត្រ និងផ្លាស់ប្តូរពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិទាំងនៅក្នុងតំបន់អាស៊ាន និងអឺរ៉ុបផងដែរ។ លើសពីនេះទៀត សមាគមបានសហការជាមួយសមាគម_NationalAssociation of Realtors-NAR,នៅសហរដ្ឋអាមេរិច ធ្វើការបណ្តុះបណ្តាលជំនាញភ្នាក់ងារអចលនវត្ថុកម្រិតអន្តរជាតិ ប្រមាណជាង ១២៥នាក់ ដើម្បីក្លាយជាអ្នកជំនាញអចលវត្ថុនិងជាសមាជិក NAR ដែលជាស្ថាប័នមួយទទួលស្គាល់ដោយអន្តរជាតិ។

លោកបានបន្តទៀតថា សមិទ្ធផលទាំងអស់នេះ អាចសម្រេចទៅបានដោយមានសន្តិភាព និងស្ថិរភាពនយោបាយដែលដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើអោយសេដ្ឋកិច្ចប្រទេសកម្ពុជាសម្រេចបាននូវកំណើនក្នុងរង្វង់ ៧ភាគរយ ជារៀងរាល់ឆ្នាំ។ ចក្ខុវិស័យនៃការរីកលូតលាស់យ៉ាងឆាប់រហ័សនេះ បានទាក់ទាញភ្នាក់ងារអចលនវត្ថុរាប់រយក្រុមហ៊ុនឲ្យចូលរួមវិនិយោគក្នុងវិស័យសេវាកម្មអចលនវត្ថុដើម្បីគាំទ្រដល់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងអគារលំនៅដ្ឋានប្រហែលជាង ៣០០គម្រោង ដែលកំពុងដំណើរការនៅកម្ពុជា។ ស្របពេលដែលយើងកំពុងមានឱកាសទីផ្សារទូលំទូលាយបែបនេះសមាគមនៅតែមានការព្រួយបារម្ភអំពីកង្វះខាតក្រុមហ៊ុនផ្តល់សេវាកម្ម និងធនធានមនុស្សសម្រាប់បំពេញសេចក្តីត្រូវការក្នុងទីផ្សារអចលនវត្ថុក៏ដូចជាវិស័យឧស្សាហកម្មអចលនវត្ថុ។

លោកបញ្ជាក់ថា ដើម្បីឱ្យទីផ្សារអចលនវត្ថុអាចដំណើរការទៅប្រកមដោយនិរន្តភាព ចាំបាច់ត្រូវទាមទារឱ្យមានការពង្រីកក្រមសីកធម៌ វិជ្ជាជីវៈ នៅក្នុងទីផ្សារអចលនវត្ថុ ដើម្បីជៀសវាងការវិវាទដីធ្លី ការបំប៉ោងតម្លៃអចលនវត្ថុ និងដើម្បីបង្កើននូវភាពជឿទុកចិត្តដល់វិនិយោគគិនជាតិ និងអន្តរជាតិ ដើម្បីអនុញ្ញាតឱ្យពួកគាត់បន្តណែនាំអ្នកវិនិយោគ ផ្សេងទៀតចូលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here