ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២០នេះ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា (CVEA) នឹងបង្កើតវគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកគ្រប់គ្រងអចលនទ្រព្យឱ្យបានចំនួន២២២២នាក់ ដើម្បីចូលរួមពង្រឹង និងអភិវឌ្ឍវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត។

-->
គោលដៅនៅក្នុងការបង្កើតវគ្គបណ្តុះបណ្តាលសិក្ខាកាមកម្រិតថ្នាក់ជាតិនៅក្នុងឆ្នាំ ២០២០ នេះ ចំនួន ២២២២ នាក់ ដើម្បីបានជាកម្លាំងក្នុងការចូលរួមសហការជាដៃគូក្នុងនាមជាបុគ្គលិកជំនាញ ជាភ្នាក់ងារ ឬជាអ្នកប្រឹក្សា ដើម្បីជាការចូលរួមចំណែកជួយពង្រឹង និងពង្រីកកិច្ចអភិវឌ្ឍន៍ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាពីសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍នៅក្នុងអង្គសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តក្នុងឆ្នាំ២០២០ កាលពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ នៅសណ្ឋាគារកាំបូឌីយ៉ាណាថា “យើងនឹងបង្កើតវគ្គបណ្តុះបណ្តាលជំនាញភាពជាអ្នកគ្រប់គ្រងអចលនទ្រព្យឱ្យបានតាមចំនួនខាងលើនេះ សម្រាប់បំពេញនូវភាពខ្វះខាតបុគ្គលិកជំនាញនៅតាមបណ្តាក្រុមហ៊ុនដែលកំពុងប្រតិបត្តិការអាជីវកម្មនៅកម្មនៅក្នុងវិស័យអចលនទ្រព្យ”។

លោកបានបន្តទៀតថា “នៅក្នុងចំណោមសិក្ខាកាមទាំង ២ ២២២ នាក់ នឹងត្រូវបែងចែកជា ភ្នាក់ងារជំនាញអចលនវត្ថុចំនួន ១ ២២២នាក់ ភ្នាក់ងារជំនាញវិជ្ជាជីវៈ ចំនួន ២០០នាក់ ភ្នាក់ងារជំនាញគ្រប់គ្រងវិជ្ជាជីរៈចំនួន ៣០០ ភ្នាក់ងារជំនាញវាយតម្លៃចំនួន ៣០០នាក់ ផ្នែកបរិញ្ញាបត្ររងមានជំនាញវិជ្ជាជីវៈអចលនវត្ថុមានចំនួនប្រហាក់ប្រហែល៣០០នាក់ផងដែរ”។
បន្ថែមពីនេះ លោកក៏បានបង្ហាញពីគម្រោងនៃការបណ្តុះបណ្តាលជំនាញដល់សិក្ខាកាមកម្រិតអន្តរជាតិឱ្យបានច្រើនជាង ១១២៣ នាក់ ដើម្បីអាចលទ្ធភាពក្នុងការប្រកួតប្រជែងជាមួយបណ្តាក្រុមហ៊ុនជាតិ និងអន្តរជាតិនៅលើទីផ្សារអចលនទ្រព្យរួមនៅថ្ងៃខាងមុខនេះ៕