អគារទីស្ដីការក្រសួងសាធារណៈការថ្មី នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២០តាមកាលកំណត់

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ បើមិនមានអ្វីប្រែប្រួលនោះទេ អគារទីស្ដីការក្រសួងសាធារណៈការ និងដឹកជញ្ជូនថ្មី ស្ថិតនៅតាមផ្លូវឯកឧត្តម ជា សុផារ៉ា ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងត្រូវបានបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុងឆ្នាំ២០២០ខាងមុខនេះ។

អគារទីស្ដីការក្រសួងសាធារណៈការថ្មី ដែលមានកម្ពស់១០ជាន់ ស្ថិតនៅលើទំហំដីជិត៤ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវ ៥៩៨ (ផ្លូវឯកឧត្តម ជា សុផារ៉ា) សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅត្រឹមចុង២០២០ឆាប់ៗខាងមុខនេះ។

នៅក្នុងដំណើរចុះត្រួតពិនិត្យពីវឌ្ឍនភាពនៃការសាងសង់កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដែលដឹកនាំដោយលោក សួង ហេង រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បានបញ្ជាក់ថាស្ថិតនៅក្នុងគម្រោងសំណង់អាគារទីស្ដីការថ្មីនេះ មានការសាងសង់ជាអគារ A,B,C,D,E,F,G,H,I,J សម្រាប់ធ្វើការបែងចែកទៅតាមផ្នែកនីមួយៗដើម្បីធានាបាននូវភាពងាយស្រួលក្នុងការបំពេញការងារ។

បច្ចុប្បន្ននេះ ជាលទ្ធផលនៃការសាងសង់សម្រេចបានអគាររដ្ឋបាល A,B,C ត្រូវបានឡើងប្លង់សេរួច ៨/៩សន្លឹក អគារសាលប្រជុំធំ D បានឡើងប្លង់សេរួច ២/២សន្លឹក អគារចាស់ E,F,G,H,I,J ត្រូវបានជួសជុលរួចរាល់។

ដោយឡែកសម្រាប់ទីតាំងរត់ខ្សែកាបអុកទិច បណ្តាញប្រព័ន្ធបច្ចេកវិទ្យា មជ្ឈមណ្ឌលទិន្នន័យក្រសួង និងមណ្ឌលប្រឹក្សាយោបល់សេវាសាធារណៈ គ្រោងនឹងបញ្ចប់ការសាងសង់ក្នុងខែមីនា ឆ្នាំ២០២០ ដោយក្រុមការងារបច្ចេកទេសផ្នែកសេវាសាធារណៈ និងបច្ចេកវិទ្យា នឹងចូលទៅធ្វើការរៀបចំផ្នែកខាងក្នុង ដើម្បីដាក់ឱ្យដំណើរការក្នុងខែមិថុនា ឆ្នាំ២០២០ ក៏ដូចជាដើម្បីត្រៀមតម្លើងប្រព័ន្ធទិន្នន័យ គម្រោង PORT EDI ដែលដឹកនាំដោយលោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅត្រឹមខែកក្កដា ឆ្នាំ២០២០ ផងដែរ។

សម្រាប់ទីតាំងមន្ទីរពិសោធន៍សាធារណការ និងដឹកជញ្ជូន ត្រូវបានជួសជុលកែលម្អសោភណ្ឌភាពឡើងវិញ។ មន្ទីរពិសោធន៍នេះនឹងត្រូវរៀបចំឱ្យមានលក្ខណៈស្តង់ដារ និងមានសោភណភាព ដែលអាចទាក់ទាញនូវការទុកចិត្តពីក្រុមហ៊ុន សហគ្រាស ដែលជាអតិថិជន មកទទួលសេវាកម្ម ដោយការរចនាប្លង់ ដើម្បីធ្វើការជួសជុលកែលម្អឡើងវិញទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅ គ្រោងអាចដំណើរការឡើងវិញបានក្នុងរយៈពេល៣ខែស្របតាមផែនការដែលបានកំណត់៕

LEAVE A REPLY

Please enter your comment!
Please enter your name here