ខណ្ឌកំប៉ូលកំពុងទាក់ទាញការវិនិយោគលើវិស័យសំណង់និងអចលនទ្រព្យ

0

ដោយវុត្ថា

ភ្នំពេញ៖ ខណ្ឌកំបូល គឺជាខណ្ឌជាយក្រុងមួយ ដែលទើបបំបែកចេញពីខណ្ឌពោធិ៍សែនជ័យ បាននឹងកំពុងមានការ រីកចម្រើន លើវិស័យសំណង់លំនៅឋាន ពាណិជ្ជកម្ម និងឧស្សាហកម្មគួរឲ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ទន្ទឹមនឹងការរីកចំរើននេះ ក៏បានលេចចេញនូវបញ្ហាប្រឈម ជាច្រើនផងដែរ ទាក់ទង និង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវលូបរិស្ថាន ដែលទាមទាមឱ្យអាជ្ញាធរពាក់ព័ន្ធគិតគូ និងយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធនេះឱ្យកាន់តែមានគុណភាព និងប្រសិទ្ធិភាពខ្ពស់។

នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានឱ្យដឹងកាលពីពេលថ្មីៗនេះថា តំបន់ជាយក្រុងដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភាគខាងលិចនៃទីក្រុងភ្នំពេញ គឺមានភាពទាក់ទាញលើការវិនិយោគវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យមជាងតំបន់ជាយក្រុងផ្សេងទៀត ព្រោះកត្តាភូមិសាស្ត្រនៅតំបន់នេះមានភាពល្អប្រសើរច្រើន។

លោកស្រីបន្តថា “នៅតំបន់ខាងលើនេះ មានភាពល្អប្រសើរច្រើន ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធ ទាំងគម្រោងអភិវឌ្ឍ ក៏ដូចជាចំនួនប្រជាជនផងដែរ”។ លោកស្រីបានបន្តទៀតថា “គម្រោងអភិវឌ្ឍភាគច្រើន សុទ្ធតែបានសម្លឹងឆ្ពោះ ទៅកាន់តំបន់ជាយក្រុងដែលមានចម្ងាយប្រមាណ២០-៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ជាពិសេសវិស័យរោងចក្រ សហគ្រាស សំណង់លំនៅឋាននិងឃ្លាំង ដែលស្របតាមគោលនយោបាយរបស់រដ្ឋាភិបាល។

លោកស្រីថា នៅពេលដែលតំបន់ណាមួយមានសកម្មភាពអភិវឌ្ឍ កំណើនមនុស្សនឹងកើនឡើងដោយស្វ័យប្រវត្តិ ដែលជំរុញឱ្យមានតម្រូវការស្នាក់នៅច្រើន ដូច្នេះហើយបានជាអ្នកអភិវឌ្ឍចាប់អារម្មណ៍វិនិយោគ និងធ្វើការអភិវឌ្ឍន៍នៅតំបន់នេះច្រើន។
នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century 21 Cambodia លោកស្រី Grace Rachny Fong ធ្លាប់បានប្រាប់គេហទំព័រpropertyarea.asia ឱ្យដឹងថា ខណ្ឌទាំង១៤នៃរាជធានីភ្នំពេញ គឺមានសក្តានុពលក្នុងការប្រើប្រាស់ ការរីកចំរើនលើវិស័យអចលនទ្រព្យ និងមានតម្រូវការខុសៗពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ និងទីតាំង។

លោកស្រីបន្តថា បច្ចុប្បន្ននេះ ខណ្ឌដែលជាចំណុះរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ បានបង្កើនឡើងរហូតដល់ចំនួន១៤ ដោយបំបែកខណ្ឌចំនួន២ គឺខណ្ឌបឹងកេងកង (ចេញពីខណ្ឌចំការមន) និងខណ្ឌកំបូល (ចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ) ដែលកំពុងតែមានសក្ដានុពលលើវិស័យដីធ្លី និងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម។

លោកស្រីបន្តថា ខណ្ឌកំបូល ដែលស្ថិតនៅតំបន់ជាយក្រុង កំពុងតែមានសក្ដានុពល និងទាក់ទាញខ្លាំងលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម រួមជាមួយនឹងសកម្មភាពពុះដីឡូតិ៍។

ខណ្ឌកំបូល ត្រូវបានបង្កើតឡើងតាមអនុ ក្រឹត្យរបស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩នេះ ដោយបំបែកចេញពីខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ ក្នុងនោះមានសង្កាត់ចំនួន៧ គឺសង្កាត់ កំបូល កន្ទោក ស្នោភ្លើងឆេះរទេះ ប្រទះឡាង ឪឡោក និងសង្កាត់បឹងធំ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here