ដោយៈ រ៉ាណេត
បន្ទាយមានជ័យៈ ខុសពីការលើកឡើងដោយគ្មានប្រភពច្បាស់លាស់ ដែលនិយាយពីឱនភាពទីផ្សារអចលនទ្រព្យ ក្នុងខេត្តបន្ទាយមានជ័យ មានការធ្លាក់ចុះអ្នកជំនាញនៅក្នុងវិស័យនេះបានអះអាងថា តំបន់សំខាន់ៗនៅក្នុងខេត្តបន្ទាយមានជ័យ នៅតែមានសកម្មភាពវិនិយោគ និងអភិវឌ្ឍន៍ឥតឈប់ឈរ ហើយតម្លៃដីធ្លី នៅតែបន្តឡើងថ្លៃផងដែរ។

-->
តាមការអះអាងរបស់អ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យប្រចាំ នៅក្នុងខេត្តជាប់ព្រំដែនមួយនេះបានបញ្ជាក់ថា តម្រូវការនៃការប្រើប្រាស់ដី ក៏ដូចជាសកម្មភាពអភិវឌ្ឍន៍សំណង់អគារនានានៅតែមាន ជាពិសេសលើវិស័យលំនៅដ្ឋាន។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០កន្លងមកថា ស្ថានភាពនៃទីផ្សារអចលនទ្រព្យ នៅខេត្តបន្ទាយមានជ័យ មិនមានអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ជាពិសេសនៅតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មសំខាន់ៗដូចជាតំបន់ក្រុងសិរីសោភ័ណ្ឌ និងក្រុងប៉ោយប៉ែត គឺនៅតែមានតម្រូវការខ្ពស់ដដែល។
លោកបន្តថា “សម្រាប់តែក្រុងសិរីសោភ័ណ្ឌ ក៏ដូចជាតំបន់ដែលស្ថិតនៅជាប់ជាយក្រុង សកម្មភាពទិញ–លក់ គម្រោងអភិវឌ្ឍន៍សំណង់លំនៅដ្ឋាន នៅតែមានហើយក្នុងនោះរាប់ទាំងការពុះដីឡូតិ៍ផងដែរ”។ លោកបន្តថា “ការទិញ–លក់ដីធ្លី នៅតំបន់នេះគឺគិតជាម៉ែត្រដើរ ដោយក្នុងមួយម៉ែត្រមានតម្លៃចាប់ពី១ម៉ឺនដុល្លារឡើងទៅ (នៅក្នុងក្រុង) ដោយឡែកសម្រាប់ផ្ទះល្វែងនៅកណ្តាលក្រុង ដែលជាតំបន់ពាណិជ្ជកម្មមានតម្លៃចាប់ពី ២០–២៥ ម៉ឺនដុល្លារឡើងទៅក្នុងមួយល្វែង”។
លោកបានអះអាងថា តម្លៃដីធ្លី ក៏ដូចជាអចលនទ្រព្យ នៅក្នុងតំបន់នេះនៅតែរក្សាបាននូវភាពល្អប្រសើរដដែល មិនមានធ្លាក់ចុះដូចការនិយាយតគ្នា ដោយគ្មានប្រភពនោះទេ។

ងាកទៅមើលពីតម្រូវការ និងទីផ្សារអចលនទ្រព្យនៅក្នុងក្រុងប៉ោយប៉ែត ដែលស្ថិតនៅជាប់ច្រកព្រំដែនកម្ពុជា–ថៃ ដែលជាច្រកសេដ្ឋកិច្ចយ៉ាងសំខាន់ប្រចាំ ប្រទេសកម្ពុជាក៏ត្រូវបានអ្នកជំនាញអះអាងថា មានស្ថានភាពល្អប្រសើរផងដែរ ខណៈដែលគម្រោងសំណង់អគារពាណិជ្ជកម្មធំៗ ដែលមានតម្លៃរាប់សិបលានដុល្លារ កំពុងតែបន្តដំណើរការសាងសង់យ៉ាងសកម្ម ដែលក្នុងនោះក៏មានគម្រោងសំណង់ផ្សារទំនើប លំដាប់អន្តរជាតិផងដែរ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group លោកឧកញ៉ា តេង រិទ្ធី បានមានប្រសាសន៍ថា ធម្មតានៅតំបន់ច្រកព្រំដែន គឺតែងមានសកម្មភាពពាណិជ្ជកម្មរស់រវើកជាងតំបន់ផ្សេងៗ ដោយសារមានតំបន់សេដ្ឋកិច្ចពិសេស មានសួនឧស្សាហកម្ម មជ្ឈមណ្ឌលពាណិជ្ជកម្ម ជាពិសេសបណ្តុំនៃមណ្ឌលកម្សាន្ត កាស៊ី ជាដើម។
លោកបានបន្តទៀតថា “វត្តមាននៃវិស័យសំខាន់ៗទាំងអស់នេះ បានជំរុញឱ្យតម្រូវការនៃការប្រើប្រាស់ដីមានអត្រាខ្ពស់ ដែលធ្វើឱ្យតម្លៃមានការឡើងថ្លៃ”។ លោកឧកញ៉ាបញ្ជាក់ថា “មិនថាឆ្នាំនេះឬឆ្នាំក្រោយនោះទេ ប៉ោយប៉ែតនៅតែអាចរក្សាបាននូវស្ថានភាពអចលនទ្រព្យល្អប្រសើរជាងបណ្តាខេត្តដទៃទៀត” ៕
