ដោយ ដែន ចែងចាំង
ភ្នំពេញ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះ ពាក្យថ្មីចំនួនពីរគឺអាផាតម៉ិន និងខុនដូបានលេចឡើងនៅក្នុងទីផ្សារកម្ពុជា ប៉ុន្តែប្រជាជនមួយចំនួនមិនទាន់យល់ច្បាស់ថាអាផាតម៉ិន និងខុនដូមានភាពខុសគ្នាដូចម្តេចនោះទេ។
ថ្ងៃនេះគេហទំព័រ Propertyarea.asia ដែលនាំមុខគេផ្នែកព៌តមានអចលនទ្រព្យ និងសេដ្ឋកិច្ចសូមលើកយកចំណេះដឹងខ្លះៗ មកជម្រាបជូនមិត្តអ្នកអាន។
-->
១/ អាផាតម៉ិន
អាផាតម៉ិន សំដៅដល់អាគារខ្ពស់ឬទាបមានច្រើនបន្ទប់ ដែលអ្នកវិនិយោគ
សាងសង់ឡើងសម្រាប់ជួល និងមានប្រព័ន្ឋគ្រប់គ្រងច្បាស់លាស់ឬមានក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យជំនាញ ជាអ្នកគ្រប់គ្រងអាផាតម៉ិននោះ ដើម្បីផ្តល់សេវាកម្មឲ្យអ្នកស្នាក់នៅមានអារម្មណ៍កក់ក្តៅ និងផាសុខភាព។
អាផាតម៉ិនមានបំពាក់សម្ភារៈ បរិក្ខាចាំបាច់មួយចំនួន រហូតដល់មានអាងហែលទឹក កន្លែងហាត់ប្រាណ ស្ទីម សោណា និងហាងកាហ្វេជាដើម។
អាផាតម៉ិនមានភាពស្អាតជាង ដោយសារអ្នកវិនិយោគសាងសង់ឡើងក្នុង គោលបំណងជួលដល់អតិថិជន ហេតុនេះទើបអ្នកវិនិយោគបានគិតគូពីគុណភា ពសេវាកម្ម និងការរចនាមានភាពប្រណីត ហើយតម្លៃក៏ជួលបានខ្ពស់ជាងខុនដូផងដែរ។
អាផាតម៉ិនមានម្ចាស់តែម្នាក់ប៉ុណ្ណោះ គឺអ្នកវិនិយោគសាងសង់អាគារនោះសម្រាប់ជួល។

២/ ខុនដូ
អាគារខុនដូ មានសណ្ឋានដូចគ្នានឹងអាផាតម៉ិន ប៉ុន្តែអ្នកវិនិយោគខុនដូសាងសង់ឡើងសម្រាប់លក់ផ្ទះ ឬបន្ទប់នៅក្នុងអាគារនោះដល់អតិថិជន ដែលគេនិយមហៅអាគារខុនដូថា ជាអាគារបែបសហកម្មសិទ្ឋ ដោយសារខុនដូនិមួយៗមានម្ចាស់ច្រើន និងប្រើប្រាស់សេវាកម្មរួម ជាការរស់នៅបែបសហគមន៍រួមមួយ។
ដោយសារសម័យកាលកាន់តែរីកចម្រើន និងការប្រកួតប្រជែងគ្នាកើនឡើង បានធ្វើឲ្យអ្នកវិនិយោគខុនដូកាន់តែមានគំនិតច្នៃប្រឌិត លើគំរោងវិនិយោគរបស់ពួកគេ ដើម្បីទាក់ទាញអ្នកទិញខុនដូរបស់ខ្លួនផង និងដើម្បីរកប្រភពចំណូលបន្ថែមផង។
បច្ចុប្បន្ននេះ អ្នកវិនិយោគខ្លះបានសាងសង់ផ្សារទំនើប មានសេវាកម្មការិយាល័យ និងភោជនីយដ្ឋានផ្សេងៗ ដើម្បីធ្វើឲ្យគំរោងរបស់ខ្លួនកាន់តែមានភាទាក់ទាញផងដែរ៕








