រដ្ឋាភិបាលអនុម័តគំរោងវិនិយោគរោងចក្រតម្លៃ ៥,៥លានដុល្លារ នៅខេត្តកំពង់ស្ពឺ

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អនុម័តឱ្យបង្កើតរោងចក្រផលិតអំបោះតម្លៃ៥,៥លានដុល្លារ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក ។

យោងតាមការផ្សព្វផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានផ្សព្វផ្សាយនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ឱ្យដឹងថា តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតអំបោះគ្រប់ប្រភេទរបស់ក្រុមហ៊ុន “KANGTAIXIANG TEXTILE CO., LTD.” គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ” ជូនដល់ក្រុមហ៊ុនខាងលើ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្លែង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានសាទរ និងស្វាគមន៍វត្តមានថ្មីនៃក្រុមហ៊ុនជាតិ និងអន្តរជាតិទាំងអស់ដែលសម្រេចយកទឹកដីខេត្តកំពង់ស្ពឺធ្វើជាទីតាំងសម្រាប់វិនិយោគ។ លោកថា បច្ចុប្បន្ននេះនៅទូទាំងខេត្តកំពង់ស្ពឺទាំងមូល មានរោងចក្រ សហគ្រាសតូចធំ ដែលមានឈ្មោះនៅក្នុងបញ្ជី នីងកំពុងដំណើរការផលិតកម្មមានចំនួនជាង២៧០ទីតាំង ដែលអាចផ្តល់ការងារបានជាង ១៣ម៉ឺននាក់។

លោកបានបញ្ជាក់ទៀតថា សម្រាប់ឆ្នាំ២០២០នេះ នៅមានគម្រោងវិនិយោគជាច្រើនកំពុងតែត្រៀមខ្លួនចាប់ដំណើរការ ខណៈពេលដែលបច្ចុប្បន្ននេះគម្រោងមួយចំនួនធំកំពុងតែរត់ការឯកសារច្បាប់ស្នើសុំការអនុញ្ញាតពីរដ្ឋាភិបាលកម្ពុជា ។

លោក កាង សុធី អគ្គនាយកក្រុមហ៊ុន Century21 Land Station ធ្លាប់បានឱ្យដឹងកន្លងមកនេះថា ខេត្តកំពង់ស្ពឺកំពុងមានសក្តានុពលលើការវិនិយោគព្រោះជាខេត្តដែលនៅជាប់រាជធានីភ្នំពេញ និងមានផ្លូវសេដ្ឋកិច្ចទី ១ របស់កម្ពុជា ។

លោកបន្តថា អ្នកវិនិយោគជាច្រើនបាននឹងកំពុងងាកទៅរកខេត្តមួយនេះ ដោយសារតែកន្លងមករដ្ឋាភិបាលបានសម្រេចឱ្យរោងចក្រ សហគ្រាស និង ការសាងសង់អគារផ្សេងៗទៅបោះទីតាំងនៅតាមជាយក្រុង ដើម្បីបង្កមានភាពងាយស្រួលក្នុងការដឹកជញ្ជូលចេញចូល។

លោកបន្តថា ម្យ៉ាងទៀត ខេត្តកំពុងមានមនុស្សរស់នៅច្រើនស្រាប់ ហើយដីធ្លីមានភាពអំណោយផលព្រោះស្ថានដីគឺមានខ្ពង់រាបស្រាប់ ជាពិសេសខេត្តនេះ មានផ្លូវល្បឿនលឿននឹងបញ្ចប់នៅក្នុងឆ្នាំ ២០២២ ឆ្លងកាត់ខេត្តនេះ ដែលជួយឱ្យវិស័យអចលនទ្រព្យកាន់តែមានភាពទាក់ទាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here