ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កំពុងអូសទាញការវិនិយោគវិស័យសំណង់

0

ដោយ ៖ រ៉ាណេត

កំពង់ស្ពឺ ៖ បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បានកែប្រែមុខមាត់យ៉ាងប្រសើរជាមួយនឹងសន្ទុះនៃការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ និងវិស័យឧស្សាហកម្មចំរុះយ៉ាងសម្បូរបែប ជាពិសេស គម្រោងសាងសង់សំណង់អគារមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់កបពពក រួមជាមួយនឹងគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃមធ្យម ដែលកំពុងតែមានសកម្មភាព។

ជាមួយនឹងគម្រោងអភិវឌ្ឍធំៗជាច្រើននៅក្នុងខេត្តកំពង់ស្ពឺ បានធ្វើឱ្យបណ្តាអ្នកវិនិយោគផ្នែកវិស័យអចលនទ្រព្យទាំងក្នុង និងក្រៅស្រុក ចាប់ផ្តើមសកម្មភាពបោះទុនវិនិយោគទៅលើវិស័យសំណង់ ជាពិសេសក្រោយពេលដែលរដ្ឋាភិបាលបង្ហាញពីគម្រោងបង្កើតតំបន់ឧស្សាហកម្មនៅតាមបណ្តាយផ្លូវជាតិលេខ៤ ឆ្ពោះទៅក្រុងព្រះសីហនុ ។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០ថា បច្ចុប្បន្ននេះ ខេត្តកំពង់ស្ពឺ បាន និងកំពុងតែមានសកម្មភាពអភិវឌ្ឍលើគ្រប់វិស័យ ដែលធ្វើឱ្យសេដ្ឋកិច្ចនៅក្នុងខេត្ត ក៏ដូចជាកម្រិតជីវភាពរបស់ប្រជាពលរដ្ឋក្នុងតំបន់មានភាពល្អប្រសើរជាងមុន។

លោកបានមានប្រសាសន៍ប្រាប់ឱ្យដឹងថា ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល បច្ចុប្បន្ននេះវិស័យឧស្សាហកម្ម បាន និងកំពុងតែដើរឈានមុខគេនៅក្នុងខេត្តកំពង់ស្ពឺ ដោយមានរោងចក្រ សហគ្រាសសរុបច្រើនជាង ២៧០គម្រោង ផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋទូទៅជាង១២ម៉ឺននាក់ ខណៈខេត្តនេះមានប្រជាជនសរុបមានចំនួនជាង៨៧ម៉ឺននាក់ ហើយនៅគម្រោងប្រមាណ ១០០ទៀត ដែលភាគច្រើនជាការវិនិយោគរបស់ក្រុមហ៊ុនចិន កំពុងតែរៀបចំឯកសារ ស្នើសុំដំណើរការក្នុងពេលខាងមុខនេះ។

លោក វ៉ី សំណាង បានបញ្ជាក់ថា “ក្រៅពីគម្រោងទាំងនេះ នៅមានគម្រោងធំៗជាច្រើនទៀតដែលកំពុងដំណើរការនីតិវិធី ដូចជាគម្រោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពស់ ៣៤ជាន់ និងគម្រោង ៦៤ជាន់ ដែលស្ថិតសង់ខាងផ្លូវ កណ្តាលក្រុងច្បារមន”។ លោកបន្តទៀតថា “នៅក្នុងខេត្តកំពង់ស្ពឺ ក៏មានគម្រោងបង្កើតទីក្រុងវៃឆ្លាតលើដីទំហំ ១០០ហិកតា រួមជាមួយការសាងសង់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា លើដីទំហំ១២៦ហិកតា ក្នុងទឹកប្រាក់វិនិយោគប្រមាណ១០លានដុល្លារ ស្ថិតក្នុងស្រុកភ្នំស្រួច ដែលរហូតមកដល់ពេលនេះសាងសង់បានប្រមាណ២០ភាគរយ”។

ងាកមកចាប់អារម្មណ៍ជាមួយនឹងការវិនិយោគ និងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានវិញត្រូវបានគេកត់សម្គាល់ឃើញថា មានសកម្មភាពគួរឱ្យកត់សម្គាល់ផងដែរ ជាពិសេសនៅក្នុងក្រុងច្បារមន ដែលជាប្រភេទលំនៅដ្ឋានតម្លៃមធ្យម ។ ដោយឡែកនៅតំបន់ភ្នំស្ថិតក្នុងស្រុកសំរោង និងស្រុកភ្នំស្រួច ក៏មានគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានបែបលំហែរផងដែរ ដោយមានតម្លៃចាប់ពី១៦ម៉ឺនដុល្លារឡើងទៅដល់៣៥ម៉ឺនដុល្លារ ជាក់ស្ដែងដូចជាគម្រោងលំនៅដ្ឋានបែបលំហែរដែលវិនិយោគដោយលោកឧកញ៉ា ម៉ុង ឫទ្ធី ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here