តំបន់ព្រៃសក្លាយជាបណ្តុំបុរី និងការវិនិយោគលំនៅដ្ឋានដ៏មានសក្តានុពល

0

ដោយ ៖ រ៉ាណេត

ភ្នំពេញៈ កាលពី២ឆ្នាំមុន តំបន់ព្រៃ “ស”រាប់ចាប់គិតពីចំណុចផ្លូវបំបែកស្ដុបចំការដូងឆ្ពោះទៅកាន់វត្តព្រៃស ពោរពេញទៅដោយវាលលិចទឹក និងដើមកក់ដុះសងខាងផ្លូវនោះ ពេលនេះត្រូវបានចាក់បំពេញជំនួស ដោយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងស្អេកស្កះ ជាពិសេសគម្រោងបុរីធំៗមិនតិចជាង១០គម្រោងនោះទេ ដែលកំពុងតែមានសកម្ម​ភាពសាងសង់យ៉ាងសកម្ម។

ស្របទៅតាមគម្រោងអភិវឌ្ឍន៍ ដែលស្ថិតនៅក្នុងផែនការនៃប្លង់មេ របស់រាជរដ្ឋាភិបាល នៅតាមតំបន់ជាយក្រុងឱ្យមានភាពរីកចម្រើន បច្ចុប្បន្នតំបន់ព្រៃស ដែលធ្លាប់តែមានសភាពស្ងប់ស្ងាត់ បានប្រែក្លាយមកជាតំបន់ដ៏មានប្រជាប្រិយភាព និងមានសក្ដានុពលក្នុងការវិនិយោគវិស័យលំនៅដ្ឋានមិនចាញ់តំបន់ទួលពង្រនោះទេ។

សហស្ថាបនិកក្រុមហ៊ុនអភិវឌ្ឍន៍ គម្រោងលំនៅដ្ឋានបែបបុរី ហេង ណា លោក សាវុធ ដាណា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ថា មិនមែនត្រឹមតែជាតំបន់ ដែលស្ថិតនៅជាប់៣០ម៉ែត្រ ដែលបំបែកចេញចំណុ​ចស្ដុបចំការដូងនោះទេ តំបន់ដទៃទៀតដែលស្ថិតជុំវិញ ក៏កំពុងតែមានសក្ដានុពល និងផ្តល់ឱកាសដល់ការវិនិយោគទាំងអស់។

លោកបន្តទៀតថា “បច្ចុប្បន្ននេះមានគម្រោងបុរីធំៗ មិនក្រោម១០នោះទេដែលកំពុងតែធ្វើសកម្មភាពអភិវឌ្ឍន៍យ៉ាមមាញឹក ដើម្បីឈានទៅរកការបញ្ចប់គម្រោងរបស់ខ្លួន ក្នុងនោះក្រៅពីមានគម្រោងបុរីពិភពថ្មី បុរីលឹមឈាងហាក់ បុរីជីប ម៉ុង គម្រោងអភិវឌ្ឍន៍បុរីហេង ណា នៅមានគម្រោងផ្សេងៗជាច្រើនទៀត ដែលក្នុងនោះនៅមានគម្រោ​ងបណ្តុំលំនៅដ្ឋានកម្រិតធម្យមមួយចំនួនផងដែរ”។

លោកសាវុធ ដាណាបានបន្តទៀតថា  ការប្រែប្រួលតម្រូវការក្នុងរយៈពេលដ៏ខ្លីនេះ ក៏ព្រោះតែបណ្តាញហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន របស់រដ្ឋាភិបាលត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរ ដូចជាផ្លូវថ្នល់តូចធំក្នុងតំបន់ ការតភ្ជាប់បណ្តាញអគ្គិសនី បណ្តាញទឹកស្អាត ដែលអនុវត្តទៅតាមផែនការមេរបស់រដ្ឋបាលក្រុង បន្ថែមពីលើគម្រោអភិវឌ្ឍន៍របស់វិស័យឯកជន ជាពិសេសបន្ទាប់ពីគម្រោង នៃការបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗ ក៏ដូចជា គម្រោងបង្កើតផ្សារទំនើប AEON3 ត្រូវបានរដ្ឋាភិបាលប្រកាសពីការសាងសង់យ៉ាងប្រាកដក្នុងពេលដ៏ខ្លីខាងមុខនេះ។

ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលកាន់តែធ្វើឱ្យតំបន់ព្រៃ “ស”កាន់តែមានសក្ដានុពល និងប្រជាប្រិយភាពក្នុងការវិនិយោគរួមមាន ដូចជា មហាវិថីសម្ដេចតេជោ៦០ម៉ែត្រ មហាវិថី៥០ម៉ែត្រ ផ្លូវ៣០ម៉ែត្រ រួមជាមួយនឹងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី២ ខណៈដែលគម្រោងនៃការសាងសង់ ព្រលានយន្តហោះភ្នំពេញ-អន្តរជាតិថ្មី ត្រូវបានប្រកាសឡើងផងដែរ។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Fortuna Investment លោក វ៉ា វិរៈ បានមានទទួលស្គាល់នូវភាពរីកចម្រើន និងសន្ទុះនៃការអភិវឌ្ឍគម្រោងលំនៅដ្ឋានជាច្រើននៅតំបន់ខាងលើនេះ ដោយលាកបានអះអាងថា រាល់គម្រោងអភិវឌ្ឍន៍នានាសុទ្ធតែត្រូវបានសិក្សាពីគម្រោង និងផែនការរបស់រដ្ឋាភិបាល ជាពិសេសនៅពេលដែលមានលំហូរប្រជាជនចូលទៅរស់នៅកាន់តែច្រើន។

លោកបានបញ្ជាក់ថា “មនុស្សអាចចូលទៅរស់នៅតំបន់ណាមួយបាន គឺទាល់តែតំបន់នោះមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និងងាយស្រួលប្រើប្រាស់ជាពិសេសផ្លូវថ្នល់ រួមជាមួយទីតាំងបម្រើសេវាសាធារណៈ”។

លោកវ៉ា វីរៈបានបន្តទៀតថា សម្រាប់តែសង្កាត់ព្រៃស ខណ្ឌដង្កោ ពេលនេះស្ថិតនៅមិនឆ្ងាយពីក្រុងនោះទេ ជាពិសេសមានភាពងាយស្រួល ក្នុងការធ្វើដំណើរទៅទីតាំងផ្សេងៗ ដូចជាចេញចូលក្នុងរាជធានីភ្នំពេញ ចេញទៅផ្លូវជាតិលេខ៣ ចេញទៅផ្លូវជាតិលេខ២ ចេញទៅក្រុងតាខ្មៅ ក៏ដូចជា ឆ្ពោះមកកាន់តំបន់ពាណិជ្ជកម្មពិសេស ដែលស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រជាដើម។

លោកបានបញ្ជាក់ថា “វត្តមានរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ ដែលចូលទៅកាន់តំបន់ខាងលើនេះនៅមិនទាន់គ្រប់គ្រាន់នោះតែ ដែលនឹងមានគម្រោងថ្មីៗចូលបន្ថែមទៀតនៅពេលខាងមុខនេះ ដោយសារតែទីតាំងតំបន់មានភាពល្អប្រសើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម”។

បច្ចុប្បន្ននេះ ចំពោះតម្លៃដីធ្លីនៅក្នុងសង្កាត់ព្រៃស មានការហក់ឡើងខ្ពស់ ពោលគឺកាលបីប្រមាណ២ឆ្នាំមុន ដីដែលស្ថិតនៅជាប់ផ្លូវ៣០ម៉ែត្រ មានតម្លៃក្នុងចន្លោះចាប់ពី ៣៥០-៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ឬលើសពីនេះអាស្រ័យទៅតាមសណ្ឋានដី ដោយឡែកនៅពេលបច្ចុប្បន្ននេះ ដីនៅទីតាំងដដែលនេះឡើង ដល់ប្រមាណ១០០០ដុល្លារក្នុងមួយម៉ែត្រ។

សម្រាប់គម្រោងលំនៅដ្ឋាននៅពេលបច្ចុប្បន្ននេះ ភាគច្រើនត្រូវបានក្រុមហ៊ុនអភិ​   វឌ្ឍន៍សាងសង់ ជាប្រភេទលំនៅដ្ឋានកម្រិតមធ្យម ដែលដាក់លក់ចាប់ពីតម្លៃ៧ម៉ឺនរហូតដល់១៥ម៉ឺនដុល្លារក្នុងមួយល្វែង។ ក្រៅពីនេះ ក៏មានគម្រោងបុរីខ្លះធ្វើការសាងសង់លំនៅដ្ឋានបែបទំនើប និងប្រណីត ដាក់លក់នៅក្នុងតម្លៃចន្លោះពី២៥ -៣០ម៉ឺនដុល្លារក្នុងមួយខ្នងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here