ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានផ្តល់យោបល់ដល់អ្នកដែលទទួលបានចំណូលមធ្យម គួរតែទិញផ្ទះល្វែងសម្រាប់រស់នៅ ក្នុងពេលបច្ចុប្បន្ននេះ ព្រោះងាយស្រួល ក្នុងការប្រកបមុខរបរផ្សេងៗ ហើយមានតម្លៃសមរម្យ។

ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ បានផ្តល់យោបល់ដល់អ្នកដែលទទួលបានចំណូលមធ្យម គួរតែទិញផ្ទះល្វែងសម្រាប់រស់នៅ ក្នុងពេលបច្ចុប្បន្ននេះ ព្រោះងាយស្រួល ក្នុងការប្រកបមុខរបរផ្សេងៗ ហើយមានតម្លៃសមរម្យ។

នាយិកាប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century21 Cambodia លោកស្រី Grace Rachny Fong បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា បច្ចុប្បន្ននេះ គម្រោងវិនិយោគលើផ្ទះល្វែងជាច្រើន នៅតាមជាយក្រុងដែលផ្តល់លទ្ធភាពអ្នកមានចំណូលមធ្យមានលទ្ធភាពក្នុងការទិញបាន។
លោកស្រីបន្តថា “គម្រោងផ្ទះល្វែងតម្លៃចន្លោះពី៦ ទៅ៨ម៉ឺនដុល្លារមានច្រើន ដូចជានៅតាមណ្តោយផ្លូវ៦០ម៉ែត្រ ផ្លូវម៉ុង ឬទ្ធី ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌផ្សេងៗទៀត នៅតាមបណ្តាជាយក្រុងភ្នំពេញ”។
លោកស្រីបន្ថែមថា អ្នកដែលមានចំណូលមធម្យអាចវិនិយោគ ឬទិញផ្ទះល្វែងសម្រាប់រស់នៅបាន ព្រោះថាបច្ចុប្បន្ននេះ តម្លៃរបស់វាគឺសមរម្យដូចផ្ទះល្វែង ខ្លះមានតម្លៃ ៦ ទៅ៨ម៉ឺនដុល្លារអាមេរិក ហើយអនាគតអាចប្រកបមុខរបរផ្សេងៗបានយ៉ាងច្រើន និងមានផាសុកភាព ព្រមទំាងសុវត្ថិភាពខ្ពស់ផងដែរ។
អ្នកស្រីបញ្ជាក់ទៀតថា បើពួកគាត់វិនិយោគ ឬទិញខុនដូ គឺអាចទិញខុនដូបានទំហំ តូចសម្រាប់ពួកគាត់ ព្រោះមានបន្ទប់តែមួយ ហើយបន្ទាប់ពីពួកគេមានកូន អាចនឹងរស់នៅមិនកើត ហើយតូចចង្អៀត តែបើពួកគាត់ទិញផ្ទះល្វែង ពួកគាត់អាចទទួលបានបន្ទប់ច្រើន ដែលអនុញ្ញាតឱ្យឪពុកម្តាយ ឬកូនៗអាចរស់នៅបានច្រើនជាង។
កម្ពុជាបានក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតទាប ចាប់តាំងពីឆ្នាំ ២០១៥។ បើតាមការបែងចែកចំណាត់ថ្នាក់ប្រទេសរបស់ធនាគារពិភពលោក ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប សំដៅដល់ចំណូលជាមធ្យមរបស់ប្រជាជនម្នាក់រកបានចន្លោះពី១០២៦ដុល្លារ ទៅ៣៩៩៥ដុល្លារអាមេរិក ហើយប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ចន្លោះពី៣៩៩៦ដុល្លារ ទៅ ១២ ៣៧៥ដុល្លារក្នុងមួយឆ្នាំ៕