ដីនៅតំបន់ទល់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញមានតម្រូវការខ្ពស់ ប៉ុន្តែកំណើនតម្លៃកើនឡើងយឺត

1

ដោយៈ រ៉ាណេត

ភ្នំពេញៈ អ្នកជំនាញបាននិយាយថា ដីស្ថិតនៅតំបន់ដែលស្ថិតនៅទល់មុខព្រលានយន្តហោះអន្តរជាតិ-ភ្នំពេញ មានតម្រូវការប្រើប្រាស់ដីច្រើន សម្រាប់វិស័យលំនៅដ្ឋានយ៉ាងណាក្ដី ប៉ុន្តែកំណើននៃតម្លៃគឺមានកម្រិតមិនអាចឡើងខ្ពស់ដូចតំបន់ដទៃនោះទេ។

ជាទូទៅអត្រានៃកំណើនតម្លៃដី និងអចលនទ្រព្យនៅទូទាំងរាជធានីភ្នំពេញ ត្រូវបានបណ្តាអ្នកជំនាញអះអាងថា មានការកើនឡើងជាប់ជាប្រចាំ ដែលស្ថិតនៅក្នុងចន្លោះប្រមាណ១០-១៥ភាគរយ ស្របពេលដែលតម្រូវការនៃការប្រើប្រាស់ដី នៅតែបន្តកើនឡើង។

នាយកក្រុមហ៊ុនអចលនទ្រព្យ Daily Realty Croup លោក ហៃ រ៉ាវី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ថា “ដោយសារតែជាមហាវិថី ដែលមានចរាចរណ៍ដ៏មមាញឹក និងសំខាន់ជាងគេ នៅក្នុងរាជធានីភ្នំពេញ ដីដែលស្ថិតនៅស្របតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី សុទ្ធតែមានតម្រូវការប្រើប្រាស់ខ្ពស់បំផុត ក្នុងរូបភាពអគារការិយាល័យ ខុនដូ អគារតាំងបង្ហាញផលិតផលគំរូ ក៏ដូចជាទីតាំងក្រុមហ៊ុនលំដាប់អន្តរជាតិជាដើម។

លោកបានបន្តថា“នៅតំបន់នេះមិនសូវជាមានផ្ទៃដីទំនេរ សម្រាប់អភិវឌ្ឍន៍ជាអគារធំៗនោះទេ ហើយអគារភាគច្រើនដែលមើលឃើញសព្វថ្ងៃនេះ គឺបន្សល់ទុកកាលពីមុនមកតែប៉ុណ្ណោះ”។

លោក ហៃ រ៉ាវី បានបញ្ជាក់ថា “ដោយសារតែភាពល្អប្រសើរ នៃតម្រូវការប្រើប្រាស់ដីនៅតាមបណ្តោយផ្លូវមានខ្ពស់ បានជំរុញតម្លៃមានការកើនឡើង ហើយភាពល្អប្រសើរទាំងនេះបានសាយភាយទៅដល់តំបន់ជិតខាង ជាក់ស្ដែងដូចជាតំបន់ឈូកវ៉ា តំបន់ក្រាំងធ្នង់ដែលកំពុងតែមានភាពផុសផុល ទៅលើគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានក្រោមការវិនិយោគពីក្រុមហ៊ុនបុរីធំៗ ដែលធ្វើឱ្យតម្លៃដីមានកំណើនគួរឱ្យកត់សម្គាល់”។

ស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យ KING Residence លោកខុម មុនីរតន៍ បានមានប្រសាសន៍បង្ហាញពីការយល់ស្រប ទៅនឹងតម្រូវការនៃការប្រើប្រាស់ដីធ្លី ដែលស្ថិតនៅក្បែរមហាវិថីសហព័ន្ធរុស្សី ជាពិសេសតំបន់ដែលស្ថិត ទល់មុខព្រលានយន្តហោះភ្នំពេញ-អន្តរជាតិ  ប៉ុន្តែពាក់ព័ន្ធទៅនឹងកំណើននៃតម្លៃគឺមានកម្រិត។

លោកបានបញ្ជាក់ថា “នៅតំបន់ទល់មុខព្រលាន ដូចជាតំបន់ឈូកវ៉ា១ ឈូកវ៉ា២ ឈូកវ៉ា៣ ក៏ដូចជាបន្តទៅដល់តំបន់ក្រាំងធ្នង់ ពិតជាមានសកម្មភាពអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានខ្លាំង ប៉ុន្តែកំណើននៃតម្លៃគឺវាមានកម្រិត”។លោកបន្តថា “តម្លៃដីនៅតំបន់លំនៅដ្ឋានទាំងនេះ មិនថាពេលបច្ចុប្បន្ន ឬបន្តទៅថ្ងៃខាងមុខក្នុងរយៈពេល៤ឆ្នាំ គឺអាចស្ថិតត្រឹម ១០០០ដុល្លារក្នុងមួយម៉ែត្រតែប៉ុណ្ណោះ ដែលវាមិនអាចឡើងខ្ពស់ជាងនេះបាននោះទេ”។

តំបន់ទាំងនេះ ស័ក្ដិសមជាមួយនឹងវិស័យលំនៅដ្ឋានកម្រិតមធ្យម ត្រឹមតម្លៃក្រោម៧ម៉ឺនដុល្លារ ដោយសារតែប្រជាជនដែលចូលទៅរស់នៅក្នុងតំបន់នេះ ភាគច្រើនអាចមានលទ្ធភាពរកបានចំណូលមិនខ្ពស់ខ្លាំងនោះទេ ដែលអាចនិយាយបានថាស្ថិតនៅត្រឹមកម្រិតកណ្តាលចុះក្រោមតែប៉ុណ្ណោះ៕

1 COMMENT

  1. តម្លៃ​ដី​ថោក​ និង​ តម្រូវការ​ខ្ពស់​
    ដោយសារ​ ការ​រៀបចំ​ផ្លូវ​ តូច​ៗ​ ការ​រស់នៅ​អត់​ស្តង់​ដារ​ ផ្លូវ​ដូច​ផ្លូវ​ភូមិ​ ដី​ហ៊ុយ​ ស្មោគ​គ្រោគ​ ដី​ក៏ថោកតាមនិង។ យេីង​មេីល​ខ័ណ្ឌ​សែន​សុខ​ទៅ​ ជាប់​គ្នា​សោះ​ប៉ុន្តែ​ខុស​គ្នា​ដូច​មេឃ​ និង​ដី​ ។ ផ្លូវ​គេ​ស្តង់ដារ​ ដូច្នេះ​ការ​រស់នៅ​គេ​ក៏​ស្តង់​ដារ​ តម្លៃ​ដី​ក៏​ថ្លៃ​

LEAVE A REPLY

Please enter your comment!
Please enter your name here