ការអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិកចូលក្រុងព្រះសីហនុ គឺជារឿងល្អសម្រាប់ប្រទេសកម្ពុជា

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ មានការលើកឡើង និងបញ្ចេញទស្សនៈក្រោមការគាំទ្រទៅលើសេចក្ដីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិក ចូលចតនៅក្រុងព្រះសីហនុ គឺជារឿងដ៏ចាំបាច់ និងប្រសើរបំផុត ដែលក្រៅពីជាទឹកចិត្តមនុស្សធម៌មិនប្រកាសន់ពូជសាសន៍ ថែមទាំងអាចផ្សព្វផ្សាយពីសក្ដានុពលនៃវិស័យទេសចរណ៍ និងពាណិជ្ជកម្មផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ សម្តេចបន្តថា បើគេមិនទទួលកម្ពុជាទទួល កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេល ដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកបដោយស្មារតីទទួលខុសត្រូវ

ស្ថិតនៅក្រោមទឹកចិត្តមនុស្សធម៌របស់សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យនាវាដឹកផ្ទុកមនុស្សចំនួន២២០០នាក់ និង៤១ជាតិសាសន៍ផ្សេងគ្នានេះ ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកហូ វណ្ឌី បានបង្ហាញពីការគោរព និងស្ញប់ស្ញែងចំពោះការយោគយល់របស់សម្ដេចតេជោ ដែលក្រៅពីបង្ហាញពីទឹកចិត្តមនុស្សធម៌ និងមិនរើសអើងជាតិសាសន៍ដទៃនោះ ថែមទាំងជាចំណុចដល់កម្ពុជាទៅលើវិស័យផ្សេងៗទៀតនៅថ្ងៃអនាគត ដែលក្នុងនោះរួមមានវិស័យទេសចរណ៍ និងវិស័យពាណិជ្ជកម្មផងដែរ។

លោក ហូរ វណ្ឌី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ថា ការអនុញ្ញាតឱ្យនាវាទេសចរណ៍លំដាប់ពិភពលោកនេះ ចូលមកកាន់កម្ពុជា ហាក់មិនមានអ្វីដែលព្រួយបារម្ភនោះទេ។ ពាក់ព័ន្ធទៅនឹងការសង្ស័យមានមេរោគ ឬជម្ងឺ យើងមានអ្នកជំនាញត្រួតពិនិត្យត្រឹមត្រូវ ដូច្នេះវាមិនមែនជាបញ្ហានោះទេ។ ផ្ទុយទៅវិញកម្ពុជានឹងទទួលបានផលប្រយោជន៍ពីសកម្មភាពមួយនេះ ដោយសារតែអ្នកដែលនៅក្នុងនាវាគឺជាភ្ញៀវទេសច ជាអ្នកជំនួញ និងជាអ្នកដំណើរ ដូច្នេះនៅក្នុងឱកាសបានចូលមកកាន់កម្ពុជា។


ក្រៅពីមានការដឹងគុណចំពោះទឹកចិត្តដ៏ល្អរបស់កម្ពុជា ពួកគេក៏បានស្គាល់ នឹងដឹងខ្លះៗពីសក្ដានុពលវិស័យទេសចរ និងឱកាសធ្វើជំនួញនៅក្នុងប្រទេសកម្ពុជាផងដែរ ដែលទាំងអស់នេះ អាចនឹងលេចចេញជារូបរាងនៃផលប្រយោជន៍ ផ្នែកជំនួញនៅថ្ងៃខាងមុខនេះ

តាមរយៈគេហទំព័ររបស់ក្រុមហ៊ុន នាវាទេសចរណ៍មួយនេះបានឱ្យដឹងថា បន្ទាប់ពីសំចតរយៈពេល១២ថ្ងៃនៅខេត្តព្រះសីហនុ ក្រុមហ៊ុនបានសម្រេចជួលយន្តហោះ សម្រាប់ដឹកជញ្ជូនអ្នកដំណើរពីព្រលានយន្តហោះកងកេង ក្នុងខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ស្រុកកំណើតរបស់ពួកគេ។

ដោយឡែកសម្រាប់អាជ្ញាធររបស់កម្ពុជា ក៏បានអះអាងផងដែរថា កម្ពុជាមិនត្រឹមតែអនុញ្ញាតឱ្យនាវានេះចូលចតនោះទេ ថែមទាំងមិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយ។ កាយវិការនេះបានបង្ហាញផងដែរថា ទោះបីក្នុងកាលៈទេសៈណាក៏ដោយរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ មានស្មារតីខ្ពស់បំផុតក្នុងការចូលរួមដោះស្រាយបញ្ហារបស់ពិភពលោក និងគ្មានការរើសអើងពូជសាសន៍ និងជាតិសាសន៍ដទៃនោះឡើយ។


ក្រុមអ្នកទេសចរនៅលើនាវាបានរីករាយជាខ្លាំង ក្រោយទទួលបានដំណឹងថា ប្រទេសកម្ពុជាអនុញ្ញាតឱ្យពួកគេចូលសំចតនោះ។ តាមរយៈទំព័រ Facebook របស់នាយកប្រតិបត្តិរបស់នាវា «Holland America Line» ក្រុមអ្នកទេសចរទាំងនេះ បានថ្លែងអំណរគុណចំពោះដល់ប្រទេសកម្ពុជា ដែលបានជួយដោះស្រាយកង្វល់របស់ពួកគេ។ ពួកគេក៏បានលើកឡើងផងដែរថា នឹងចងចាំចំពោះសមានចិត្ត និងកាយវិការប្រកបដោយសប្បុសធម៌ មនុស្សធម៌ និងគ្មានការរើសអើងមួយនេះរបស់កម្ពុជា។

មុនពេលអនុញ្ញាត្តឲ្យចូលចតដោយសម្តេចតេជោ នាវាខ្នាតយក្សនេះបានព្យាយាមចូលចតនៅប្រទេសចំនួន៦ ប៉ុន្តែត្រូវបានបដិសេធដោយសារការរើសអើង។

ប្រទេសទាំង៦នោះរួមមាន ប្រទេសជប៉ុន កូរ៉េខាងត្បូង កោះតៃវ៉ាន់ ហ្វីលីពីន កោះហ្កាំ និងប្រទេសថៃ៕

LEAVE A REPLY

Please enter your comment!
Please enter your name here