ដោយវុត្ថា
ភ្នំពេញៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព គម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដហូម ស្ថិតនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចេញផ្សាយនៅថ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឱ្យដឹងថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម បានសម្របសម្រួលលក្ខខណ្ឌនៃការបង់ប្រាក់កក់ដោយអតិថិជនអាចបង់១០ % នៃតម្លៃផ្ទះក្នុងរយៈពេល១២ខែ ដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់អតិថិជន ត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូក្នុងរយៈពេលរហូតដល់២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៥ ស្ថិតនៅក្នុងភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចំងាយប្រមាណ៨គីឡូម៉ែត្រពីក្រុងតាខ្មៅ សាងសង់លើផ្ទៃដីសរុបប្រមាណ២៣ហិកតា មានចំនួន២ ៤៥៧ផ្ទះ មានទុនវិនិយោគប្រមាណ៧៨លានដុល្លារអាមេរិក ។

ប្រភពដដែលបញ្ជាក់ថា មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួន១០៨៨ ផ្ទះស្មើ៤៤ % នៃចំនួនសរុប ក្នុងនោះអតិថិជនជាមន្ត្រីរាជការមានចំនួនជាង២៣ % ។ ក្រុមហ៊ុន បានបញ្ចប់ការសាងសង់ផ្ទះជាស្ថាពរចំនួន២០៣ផ្ទះ គ្រោងប្រគល់ផ្ទះជូនអតិថិជននៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនបំណាច់ឆ្នាំ ២០២០។
គោលនយោបាយជាតិស្តីកពី លំនៅឋាន និងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនោឋានតម្លៃសមរម្យ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៧ ក្នុងគោលដៅផ្តល់ឪកាសជូនប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្តល់ជាកញ្ចប់វិធានការលើកទឹកចិត្ត ផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនោឋានតម្លៃសមរម្យ។

អនុវត្តតាមគោលនយោបាយជាតិទាំងពីរខាងលើ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន៥ បាននិងកំពុងអនុវត្តនៅកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញចំនួន២គម្រោង ខេត្តក ណ្តាលចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន១គម្រោង សាងសង់លំនៅឋានសរុបប្រមាណ៨៣៣១ខ្នង និង៧២៥៦ ចំណែកឯកជនលក់ក្នុងតម្លៃក្រោម៣ ម៉ឺនដុល្លារ អមេរិក៕






