ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ទីតាំងគម្រោងសាងសង់ផ្សារទំនើប AEON3 ដែលស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ឬផ្លូវ៦០ម៉ែត្រ ក្រោមទុនវិនិយោគជិត ៣០០លានដុល្លារ កំពុងតែចាក់ដីបំពេញយ៉ាងសកម្ម ដើម្បីឈានទៅរកដំណើរការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈពេលដែលពេលវេលានៃគម្រោងបើកការដ្ឋានសាងសង់ក៏ខិតជិតចូលមកដល់។

-->
ដូចទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីសប្ដាហ៍កន្លងទៅថា ផ្សារទំនើប AEON3 ដែលស្ថិតបណ្តាយមហាវិថីសម្ដេចតេជោ គ្រោងនឹងបើកការដ្ឋានសាងសង់នៅក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះយ៉ាងប្រាកដ ខណៈពេលដែលបច្ចុប្បន្ន ទីតាំងនៃគម្រោងត្រូវបានគេឃើញមានការឈូសឆាយ និងចាក់បំពេញដីយ៉ាងសកម្ម។
ផ្អែកតាមប្រភពព័ត៌មានដែលអាចទុកចិត្តបានបង្ហើបប្រាប់ឱ្យដឹងថា តាមផែនការដែលបានគ្រោងទុក គម្រោងបើកការដ្ឋានសាងសង់ផ្សារទំនើប AEON3 ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) នឹងចាប់ផ្តើមនៅពេលឆាប់ៗខាងមុខនេះ ហើយដាក់ឱ្យប្រើប្រាស់នៅក្នុងឆ្នាំ២០២៣ បន្ទាប់បញ្ចប់ការសាងសង់ត្រឹមរយៈពេលប្រមាណ២៤ខែ។
គម្រោងសាងសង់ផ្សារទំនើបដ៏ធំ AEON3 នឹងត្រូវបានធ្វើឡើងនៅលើផ្ទៃដីទំហំជាង១៧ហិកតា ស្ថិតនៅភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែរស្ពានថ្ម ជិតគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានបែបទំនើប និងប្រណីតភាពរបស់បុរីប៉េងហួត ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីនៃរាជធានីភ្នំពេញ ដោយមានផ្ទៃក្រឡាសរុបរហូតដល់ទៅ ១៧៤,០០០ ម៉ែត្រការ៉េ ដែលធំជាងផលបូកផ្ទៃក្រឡាផ្សារទំនើប AEON 1 (៦៨០០០ ម៉ែត្រការ៉េ) និងផ្សារទំនើប AEON 2 ខណ្ឌសែនសុខ (១០០០០០ ម៉ែត្រការ៉េ)។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះថា “ជាក្ដីសាទរចំពោះវត្តមានថ្មីនៃផ្សារទំនើប AEON3 ដែលនឹគ្រោងដំណើរការបំពេញសេចក្ដីត្រូវការក្នុងពេលដ៏ខ្លីខាងមុខនេះ”។ លោកស្រីបានបន្តទៀតថា “ការជ្រើសរើសទីតាំងគឺសំខាន់បំផុត។ ទីតាំងរបស់ AEON3 គឺស្ថិតនៅតំបន់ដែលមានសក្ដានុពល ជាតំបន់កំពុងមានការអភិវឌ្ឍខ្លាំងទៅលើហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេស ប្រមូលផ្តុំទៅលំនៅដ្ឋានជាច្រើនក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈពេលដែលបច្ចុប្បន្ននេះមានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែមមាញឹកដើម្បីបញ្ចប់គម្រោង”។

ជាមួយនឹងវត្តរបស់ផ្សារទំនើប AEON3 លោកស្រីបានបង្ហាញពីភាពជឿជាក់ថា នឹងមានភាពល្អប្រសើរច្រើនជាងបញ្ហាប្រឈម ដោយសារតែ ផ្សារទំនើប AEON បានផ្តោតសំខាន់ទៅលើអតិថិជនកម្រិតមធ្យម ដែអាចប្រមូលចំណែកទីផ្សារមកពីតំបន់ជិតខាងបន្ថែមទៀត ដែលខុសប្លែកពីមជ្ឈមណ្ឌលពាណិជ្ជកម្ម និងផ្សារទំនើបមួយចំនួនទៀតដែលនឹងបង្ហាញខ្លួនជិតគ្នាបានជ្រើសរើសអតិថិជនកម្រិតខ្ពស់ ឬកម្រិតអភិជន។
លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីពេលកន្លងទៅនេះថា “ការមកដល់នៃក្រុមហ៊ុនលំដាប់អន្តរជាតិល្បីៗ ជាពិសេសក្រុមហ៊ុនជប៉ុន ដែលបានមកវិនិយោគនៅកម្ពុជា បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ”។ លោកឧកញ៉ាបានបន្តទៀតថា “អ្នកវិនិយោគជប៉ុនមិនងាយចូលទៅវិនិយោគ នៅប្រទេសណានោះទេ ហេតុនេះនៅពេលពួកគេទៅវិនិយោគមានន័យថា ប្រទេសនោះមានបរិយាកាសនយោបាយល្អ និងស្ថានភាពនៃការវិនិយោគមានភាពប្រសើរ ដែលអាចផ្តល់ភាពកក់ក្តៅដល់ពួកគេ”។