គម្រោងលំនៅឋានមានតម្លៃសមរម្យក្រោមទុន៧៨លានដុល្លារអាមេរិកគ្រោងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ

0

ដោយ ប៊ី

ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសថា គម្រោងអភិវឌ្ឍលំនៅឋាន មានតម្លៃសមរម្យក្រោមទុនប្រមាណ៧៨លានដុល្លារអាមេរិកគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងស្រុងនៅមុនបំណាច់ឆ្នាំ២០២០។

គម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដហូម មានទីតាំងស្ថិតនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលចេញកាលពីពេលថ្មីៗនេះបានឱ្យដឹងថា  គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប៊្រីដ ហូម ជាគម្រោងមួយក្នុងចំណោមគម្រោងទាំង៥ ស្ថិតនៅក្នុងភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល មានចំងាយប្រមាណ៨គីឡូម៉ែ​ត្រពីក្រុងតាខ្មៅ សាងសង់លើផ្ទៃដីសរុបប្រមាណ២៣ហិកតា មានចំនួន២៤៥៧ ផ្ទះ មានទុនវិនិយោគប្រមាណ៧៨លានដុល្លារអាមេរិក។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា “មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួន១ ០៨៨ ផ្ទះស្មើ ៤៤ % នៃចំនួនសរុប ក្នុងនោះអតិថិជនជាមន្ត្រីរាជការមានចំនួនជាង២៣%។ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់ ផ្ទះជាស្ថាពរចំនួន២០៣ផ្ទះ គ្រោងប្រគ​ល់ផ្ទះជូនអតិថិជន នៅក្នុងឪកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងគ្រោងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនបំណាច់ឆ្នាំ២០២០”។

គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ របស់ក្រុមហ៊ុនវើលដ៍ប្រ៊ីដ ហូម បានសម្រ​បសម្រួលលក្ខខណ្ឌ នៃការបង់ប្រាក់កក់ដោយអតិថិជនអាចបង់១០%នៃតម្លៃផ្ទះ ក្នុងរយៈពេល១២ខែ ដោយមិនមានការប្រាក់ ហើយទឹកប្រាក់ដែលនៅសល់អតិថិជន ត្រូវបង់រំលស់បន្តជាមួយធនាគារជាដៃគូ ក្នុងរយៈពេលរហូតដល់២០ឆ្នាំ ឬអាចបង់ផ្តាច់ជាមួយក្រុមហ៊ុន។

គោលនយោបាយជាតិស្តីកពីលំនៅឋាន និងគោលនយោបាយស្តីពី ការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍលំនោឋានតម្លៃសមរម្យ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៧ ក្នុងគោលដៅផ្តល់ឪកាសជូនប្រជាជនទូទាំងប្រទេ​សមានលំនៅឋានសមរម្យ អាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ប្រាក់ចំណូលទាប និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្តល់ជាកញ្ចប់វិធានការលើកទឹកចិត្ត ផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនោឋានតម្លៃសមរម្យ។

អនុវត្តតាមគោលនយោបាយជាតិទាំងពីរខាងលើ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥ បាននិងកំពុងអនុវត្តនៅកម្ពុជា ស្ថិតនៅរាជធានីភ្នំពេញចំនួន២គម្រោង ខេត្តក ណ្តាលចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន១គម្រោង សាងសង់លំនៅឋានសរុបប្រមាណ៨៣៣១ខ្នង និង ៧២៥៦ ចំណែកឯកជនលក់ក្នុងតម្លៃក្រោម ៣ ម៉ឺនដុល្លារ អមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here