ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍បញ្ជាក់ ការអនុវត្ត និងគោរពតាមច្បាប់ស្ដីពីសំណង់ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងបង្កើនទំនុកចិត្តកាន់តែខ្ពស់លើការវិនិយោគក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានឧត្តមភាព។

-->
ច្បាប់ស្ដីពីសំណង់ ត្រូវបានរៀបចំចងក្រងឡើងក្រោមកិច្ចសហការរវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កម្ពុជា ជាមួយនឹងក្រសួងដីធ្លីដឹកជញ្ជូន និងទេសចរណ៍របស់ប្រទេសជប៉ុន ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនៃវិស័យសំណង់មានភាពល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។
មានប្រសាសន៍នៅក្នុងវគ្គផ្សព្វផ្សាយអំពីច្បាប់ “ស្ដីពីសំណង់” ជូនអ្នកវិជ្ជាជីវៈក្នុងវិស័យសំណង់លើកទី៣ កាលពីព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី រាជធានីភ្នំពេញ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានមានប្រសាសន៍ថា វគ្គផ្សព្វផ្សាយច្បាប់ស្តីពីសំណង់ជូនវិស្វករនិងស្ថាបត្យករជាលើកទី៣ គឺដើម្បីប្រមូលធនធានមនុស្សដែលចាត់ទុកថាជាសក្តានុពលសំរាប់ធ្វើការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដែល បង្ហាញនូវសមត្ថភាពរបស់ខ្លួនក្នុងការរួមចំណែកដល់កិច្ចអភិវឌ្ឍជាតិ។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “ច្បាប់សំណង់នេះក៏មានគោលដៅក្នុងការរួមចំណែកលើកកំពស់ជំនឿជឿជាក់ដល់វិនិយោគិនក្នុងវិស័យអចលនទ្រព្យដែលមានន័យថាយើងអាចលក់អចលនទ្រព្យដែលយើងបានសាងសង់ហើយនិងផ្ទេរកម្មសិទ្ធដីធ្លីនិងអចលនទ្រព្យផ្សេងៗដែលធ្វើអោយប្រជាពលរដ្ឋមានភាពនឹងនរក្នុងការផ្ទេរកម្មសិទ្ធអចលនទ្រព្យរបស់ខ្លួនដោយស្របច្បាប់គ្មានការព្រួយបារម្ភ។ ក្រោយបញ្ចប់វគ្គផ្សព្វផ្សាយនេះ អ្នកប្រកបវិជ្ជាជីវះក្នុងវិស័យសំណង់ទាំងអស់ដែលបានចូលរួមនឹងទទួលបានការបញ្ជាក់អំពីការផ្តល់នូវអាជ្ញាបណ្ណប្រកបអាជីវកម្មសិក្សាគំរោងប្លង់ពីក្រសួងដើម្បីអោយគ្រប់តាមលក្ខណ្ឌ័ដែលក្រសួងបានរៀបចំ ជាពិសេសគឺច្បាប់ស្តីពីសំណង់”។

ច្បាប់សំណង់នេះមានគោលបំណងដើម្បីធានាសុវត្ថិភាពក្នុងវិស័យសំណង់ សំណង់ត្រូវតែមានភាពរឹងមាំ ការពារផលប្រយោជន៍របស់ម្ចាស់សំណង់និងការពារផលប្រយោជន៍សាធារណះដែលចាត់ទុកថានេះជាចំណុចដ៏សំខាន់សំរាប់ការសាងសង់ទាំងអស់និងចង់អោយសំណង់នេះមានសោភ័ណភាពចូលរួមចំណែកក្នុងការអភិវឌ្ឍទីក្រុងទីប្រជុំជនប្រកបដោយសុវត្ថិភាព។ មានន័យថារាល់សំណង់ទាំងអស់ត្រូវតែគោរពទៅតាមប្លង់គោលនិងផែនការប្រើប្រាស់ដីធ្លីរឺផែនការនគរូបនីយកម្មនៅតាមឃុំសង្កាត់ដោយមិនអោយសំណង់សង់លើដីសាធារណះរឺអូរបឹងរឺទីតាំងសាធារណះមួយចំនួនដែលទៅអនាគតនាំអោយខាតបង់ថវិការជាតិរឺពេលវេលាសំរាប់ដោះស្រាយផលប៉ះពាល់នោះឡើយ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានរៀបចំប្លង់រដ្ឋបាលនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសដើម្បីដកហេដ្ឋារចនាសម្ព័ន្ធចេញអោយអស់ ដូច្នេះប្លង់ដែលបានរៀបចំហើយនេះគឺត្រូវមានការទទួលស្គាល់និងចុះហត្ថលេខាពីអាជ្ញាធរថ្នាក់ក្រោមជាតិហើយបញ្ជូនមកក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដើម្បីអោយការសាងសង់នោះមានភាពជាក់លាក់ហើយម្ចាស់សំណង់មានការនឹងនរចិត្តនិងមិនត្រូវបានរំខានដល់ការអភិវឌ្ឍផ្សេងៗទៀតហើយរាល់សំណង់នេះត្រូវសង់មិនអោយប៉ះពាល់ដល់កន្លែងដែលបានដកចេញដូចជាទីរមណីយដ្ឋានរឺក៏មូលដ្ឋានផ្សេងៗទៀតដែលចាត់ទុកថាជាទីកន្លែងវប្បធម៌រឺសំណង់វប្បធម៌នោះទេដែលទាំងអស់នេះគឺដើម្បីធានាអោយការអភិវឌ្ឍសំណង់មានចីរភាពនិងធានាដល់ភាពសុខដុមនៅក្នុងសង្គម៕
