ដោយៈ រ៉ាណេត
ភ្នំពេញៈ ខុសប្លែកកាលពីឆ្នាំកន្លងទៅ ខណ្ឌសែនសុខ ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ជាតំបន់មានសន្ទុះខ្លាំងជាងគេ លើការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យមនោះ សម្រាប់ឆ្នាំ២០២០នេះ បានបង្ហាញពីភាពលេចធ្លោមួយទៀត ដោយការរីកលូតលាស់នៃទីផ្សារ ខុនដូតម្លៃសមរម្យ។

ដោយៈ រ៉ាណេត
ភ្នំពេញៈ ខុសប្លែកកាលពីឆ្នាំកន្លងទៅ ខណ្ឌសែនសុខ ដែលធ្លាប់ជាប់ចំណាត់ថ្នាក់ជាតំបន់មានសន្ទុះខ្លាំងជាងគេ លើការអភិវឌ្ឍវិស័យលំនៅដ្ឋានកម្រិតមធ្យមនោះ សម្រាប់ឆ្នាំ២០២០នេះ បានបង្ហាញពីភាពលេចធ្លោមួយទៀត ដោយការរីកលូតលាស់នៃទីផ្សារ ខុនដូតម្លៃសមរម្យ។

នៅត្រឹមដើមឆ្នាំ២០២០នេះ សំណង់អគារខុនដូមិនក្រោមជាង១០គម្រោងនោះទេដែលកំពុងតែសម្រុកការងារសាងសង់ ដើម្បីដាក់ចូលទៅក្នុងទីផ្សារបំពេញ តម្រូវការជាក់ស្ដែងរបស់អតិថិជនដែលកំពុងមានកំណើនខ្ពស់។
អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ KW Sen Sok និងជានាយកក្រុមហ៊ុន SAM SN Realty លោក សំ សុខនឿន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីចុងសប្តាហ៍មុនថា នៅដើមឆ្នាំ២០២០នេះ ខណ្ឌសែនសុខ បានក្លាយជាគោលដៅក្នុងការវិនិយោគលើវិស័យខុនដូដែលមានតម្លៃសមរម្យ។
លោបានបញ្ជាក់ថា “តាមការមើលឃើញជាក់ស្ដែងរបស់ខ្ញុំ ពេលនេះមានគម្រោងខុនដូមិនក្រោងជាង១០នោះទេ ដែលកំពុងតែសម្រុកការសាងសង់យ៉ាងសកម្ម ដើម្បីត្រៀមខ្លួនដាក់បញ្ចូលនៅក្នុងទៅផ្សារ ខណៈដែលអគារខុនដូមួយចំនួនទៀតត្រូវបានបញ្ចប់ការសាងសង់រួចរាល់”។
លោកបន្តទៀតថា កាលពីឆ្នាំ២០១៨-២០១៩ ខណ្ឌសែនសុខ គឺជាតំបន់ដែលមានប្រជាប្រិយភាពខ្ពស់ ក្នុងការអភិវឌ្ឍលើវិស័យលំនៅដ្ឋានតម្លៃមធ្យម ដោយសារតែតម្លៃដីនៅមានកម្រិត ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ ខណ្ឌមួយនេះមិនស័ក្ដិសមនឹងការអភិ វឌ្ឍន៍វិស័យលំនៅដ្ឋានទៀតនោះទេ ដោយសារតែតម្លៃដីឡើងខ្ពស់មិនក្រោម១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េនោះទេ ប៉ុន្តែតម្លៃនេះបានអនុគ្រោះ ដល់ការវិនិយោគលើវិស័យខុនដូ ដែលមានតម្លៃសមរម្យ ដែលកំពុងមានការចាប់អារម្មណ៍ច្រើន ពីសំណាក់អតិថិជនក្នុងស្រុកដែលជាជនជាតិខ្មែរ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍ថា “បច្ចុប្បន្ននេះ នៅក្នុងខណ្ឌសែនសុខមានលំហូរមនុស្សចូលទៅរស់នៅច្រើន ហើយក៏អភិវឌ្ឍក្លាយទៅជាតំបន់ ដែលមានសេដ្ឋកិច្ចខ្ពស់ផងដែរ ដែលស័ក្ដិសមទៅនឹងតំបន់ពាណិជ្ជកម្មផងដែរ។
លោកស្រីបានបន្តទៀតថា “ខុនដូដែលតម្លៃសមរម្យភាគច្រើន មានតម្រូវការខ្ពស់ពីសំណាក់អតិថិជនក្នុងស្រុក ដោយសារពួកគាត់បានយល់ និងស្គាល់ពីគុណតម្លៃនៃការស្នាក់នៅក្នុងខុនដូ ហើយពួកគាត់ទិញសម្រាប់រស់នៅច្រើន ជាងទិញសម្រាប់ទុកវិនិយោគបន្ត”។
លោកស្រីអាន សុធីតាបានបន្តទៀតថា និយាយរួមទៅ ការវិនិយោគទៅលើប្រភេទខុនដូតម្លៃសមរម្យ នៅតែមានភាពល្អប្រសើរទាំងនៅក្នុងឆ្នាំ២០២០នេះ និងបន្តទៅឆ្នាំក្រោយទៀត ព្រោះកាលណាតម្លៃទាប នឹងមានទីផ្សារទូលាយ បន្ទាប់ពីទទួលបានការចាប់អារម្មណ៍កាន់តែច្រើនពីអតិថិជនក្នុងស្រុក ជាពិសេសជនជាតិខ្មែរ។
លោកស្រីបានបញ្ជាក់ថា ខុនដូដែលត្រូវបានចាត់ទុកថាប្រភេទសមរម្យ គឺមានតម្លៃប្រមាណ១២០០ដុល្លារ។ ដោយឡែកខុនដូតម្លៃមធ្យមឬតម្លៃកណ្តាល គឺមានតម្លៃប្រមាណចាប់ពី១៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េហើយចំពោះប្រភេទខុនដូតម្លៃខ្ពស់គឺមានតម្លៃចាប់ពីប្រមាណ២៥០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េឡើងទៅ និងស្ថិតនៅជាន់ខ្ពស់ៗ៕