ដោយវុត្ថា
ភ្នំពេញៈ អ្នកជំនាញបានសម្តែងការគាំទ្រ ចំពោះចំណាត់ការរបស់រដ្ឋាភិបាលលើក្រុមហ៊ុន និងអ្នកដែលផ្សព្វផ្សាយលក់គម្រោងអចលនទ្រព្យ នៅតាមបណ្តាញសង្គម និងតេឡេក្រាមដោយគ្មានច្បាប់អនុញ្ញាត្តត្រឹមត្រូវ។
លោកម៉ាន់ ចាន់ឌី អគ្គនាយកក្រុមហ៊ុន PREMIUM Group បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងមកថា នេះជាការល្អមួយរបស់រដ្ឋាភិបាល ដែលមានវិធានការចំពោះក្រុមហ៊ុន ឬអ្នកដែលផ្សព្វផ្សាយលក់អចលនទ្រព្យដែលគ្មានច្បាប់ត្រូវ ឱ្យពួកគេត្រឡប់មកវិញ។
-->
លោកថា “ខ្ញុំសូមស្វាគមន៍ចំពោះរដ្ឋាភិបាលនូវចំណាត់ការនេះ ព្រោះវានឹងធ្វើឱ្យពួកគេរត់មករកច្បាប់ត្រឹមត្រូវវិញ”។ លោកបន្ថែមថា “កន្លងមកនេះ មានភាពរញ៉េរញ៉ៃ និងគ្មានសណ្តាប់ធ្លាប់ច្រើនចំពោះការលក់ និងការផ្សព្វផ្សាយលក់អចលនទ្រព្យលើប ណ្តាញសង្គម ដោយគ្មានច្បាប់នេះ ដែលធ្វើឱ្យពលរដ្ឋលែងមានជំនឿទុកចិត្ត និងប៉ះពាល់ដល់វិស័យអលចទ្រព្យ”។
ចំណែកនាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investment លោកវ៉ា វីរៈបានឱ្យដឹងដែរថា នេះមិនមែនជាលើកទីមួយទេ ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញបានអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានេះ គឺកុំអោយមានបញ្ហានៅពេលទិញរួចរាល់។
លោកបានអំពាវនាវដល់អ្នក ដែលមានបំណងចង់ទិញអចលនទ្រព្យ គួរតែមានការទិញក្រុមហ៊ុន ដែលមានការចុះបញ្ជីមានច្បាប់ត្រឹមត្រូវ ព្រោះក្រុមហ៊ុនដែលមានច្បាប់មានប្រាក់ដំកល់នៅក្រុងសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងដែនដី មានឯកសារគ្រប់ទាំងអស់ដើម្បីអនុលោមតាមច្បាប់។
លោកបន្ថែមថា “ក្រុមហ៊ុន ឬអ្នកដែលផ្សព្វផ្សាយលក់អចលនទ្រព្យ ដែលមានច្បាប់ត្រឹមត្រូវ តែងតែផ្សព្វផ្សាយ និងលក់ប្រកបដោយវិជ្ជាជីវៈ មិនសំឡឹងមើលតែលុយច្រើននោះទេ និងមិនបោកប្រាស់អតិថិជននោះទេ”។ លោកបន្តថា “យើងទាំងអស់គ្នាគួរតែចូលរួមអនុវត្តច្បាប់ទាំងគ្នា ទាំងអ្នកទិញ និងអ្នកលក់ដើម្បីលើកម្ពស់ការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជាឱ្យបានកាន់តែមានប្រសិទ្ធិភាព”។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាថ្មីៗនេះបានចេញជួនសេចក្តីជួនដំណឹងមួយ ដែលអំពាវនាវដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការទិញអចលនទ្រព្យដែលគ្មានអាជ្ញាប័ណ្ណ ហើយត្រូវបានផ្សព្វផ្សាយ នៅតាមបណ្ដាញសង្គម Facebook និងTelegram។
ក្រសួងសេដ្ឋកិច្ចខ្លួនបានពិនិត្យលើបណ្ដាញសង្គម Facebook និង Telegram រៀងរាល់ថ្ងៃ ឃើញមានការផ្សព្វផ្សាយលក់ គម្រោងអភិវឌ្ឍអចលនទ្រព្យ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូត៍) ដែលគ្មានអាជ្ញាប័ណ្ណ។
យោងតាមប្រកាសលេខ០៨៩សហវ.ប្រក ចុះថ្ងៃ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ និងប្រកាសលេខ ៦៣៦ សហវ.ប្រក ចុះថ្ងៃ២៩ ខែមិថុនា ឆ្នាំ២០១៧ ស្តីពីការគ្រប់គ្រងអាជីវកម្មវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចាត់វិធានការតឹងរឹងទៅតាមផ្លូវច្បាប់ ចំពោះម្ចាស់គណនីដែលធ្វើការផ្សព្វផ្សាយលក់ គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ ដែលគ្មានអាជ្ញាប័ណ្ណ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអំពាវនាវដល់សាធារណជន ដែលមានបំណងចង់ទិញអចលនវត្ថុ (លំនៅដ្ឋាន អគារសហកម្មសិទ្ធិ និងដីឡូតិ៍) ត្រូវប្រុងប្រយ័ត្នខ្ពស់ដោយត្រូវពិនិត្យនូវព័ត៌មានសំខាន់ៗមួយចំនួន ដូចជា: អាជ្ញាប័ណ្ណអាជីវកម្មអភិវឌ្ឍលំនៅឋាន/អគារសហកម្មសិទ្ធិ/ដីឡូត៍ (ចេញដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) លិខិតអនុញ្ញាតសាងសង់ (ចេញដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់) វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងឯកសារបង់ពន្ធអចលនវត្ថុជាដើម៕