ផ្សារស្ទឹងមានជ័យដែលមានវ័យចំណាស់ ៦០ ឆ្នាំ ត្រៀមសាងសង់ថ្មី

0

ដោយវុត្ថា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញត្រៀមសាងសង់ឡើងវិញនូវសំណង់ផ្សារស្ទឹងមានជ័យដែលមានវ័យចំណាស់៦០ ឆ្នាំ ខណៈផ្សារដែលមានវ័យណាស់នេះ មានសភាព ទ្រុធទ្រោមខ្លំាង ដែលអាចបង្កគ្រោះថ្នាក់ដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់។

នេះ គឺជាការបង្ហើយឱ្យដឹងបីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីរាជធានី ចុះពិនិត្យស្ថានភាពសំណង់និងការលក់ដូរក្នុងផ្សារស្ទឹងមានជ័យចាស់នាថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២០ នេះ ខណៈសំណង់មួយនេះ ត្រូវបានគេដឹងថា បានសាងសង់តំាងពីទសវត្សរ៍ ទី៦០កន្លងមកនេះ ។

លោក ឃួង ស្រេង បានចុះត្រួតពិនិត្យសំណង់ផ្សារស្ទឹងមានជ័យចាស់ នៅថ្ងៃនេះ គឺដើម្បីសិក្សានិងវាយតម្លៃ ការជួសជុលកែលម្អសាឡើងវិញ និងបន្ទាប់ពីមានការបារម្ភពីកត្តាហានិភ័យនានា គ្រាដែលសំណង់ផ្សារដែលធ្វើពីឈើប្រ៉ក់សង្ក័សីនេះ មានសភាព ទ្រុធទ្រោមខ្លំាង ដែលអាចបង្កគ្រោះថ្នាក់ដល់អាជីវករ ក៏ដូចជា ប្រជាពលរដ្ឋដែលចូលទៅទិញឥវ៉ាន់។
លោក ឃួង ស្រេង ក៏បានជម្រុញដល់ប្រធានផ្សារ អាជ្ញាធរឃុំ សង្កាត់ ត្រូវពង្រឹងការផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក៏ដូចជាអាជីវករលក់ដូរ ក្នុងនិងជុំវិញបរិវេណផ្សារ អោយបានយល់បានដឹង អំពីគម្រោងនានា ពាក់ព័ន្ធនឹងការជួសជុលកែលម្អផ្សារនេះ ឡើងវិញផងដែរ។
លោកថា “ផ្សារស្ទឹងមានជ័យចាស់ ដែលបានកសាងឡើងតាំងពីទសវត្សរ៍ទី៦០មកនេះ ឃើញថាមានសភាពចាស់ទ្រុឌទ្រោម ដែលនឹងអាចបង្កគ្រោះថ្នាក់ដល់ អាជីវករលក់ដូរ និង ប្រជាពលរដ្ឋ នៅពេលមានភ្លៀងឬខ្យល់កន្ត្រាក់ម្តងៗ”។

លោក ឃួង ស្រេងបន្តថា “ដូច្នេះ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងធ្វើការជួសជុលផ្សារនេះឲ្យបានល្អប្រសើរឡើងវិញ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីឯកឧត្តម បានបញ្ជាក់ថា គម្រោងនេះ បើបងប្អូនអាជីវករ មានការជំទាស់មិនឲ្យធ្វើការជួសជុលឡើងវិញទេ អាជ្ញាធរក៏មិនធ្វើការជួសជុលវិញដែរ។ តែបើមានប្រជាពលរដ្ឋអាជីវករមានការគាំទ្រច្រើន លើសពីអ្នកមិនគាំទ្រ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការជួសជុលអោយបានល្អប្រសើរ ដោយរក្សានូវលំនាំដើមទាំងស្រុង”។

តាមការបញ្ជាក់របស់អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ផ្សារនេះបានកសាងឡើងក្នុងឆ្នាំ១៩៦៤ ដោយធ្វើអំពីឈើប្រក់ក្បឿង ដែលមានទំហំ១៣ ម៉ែត្រគុណនឹង១៨ ម៉ែត្រ។ ប៉ុន្តែមកដល់ពេលនេះ ដោយសារសត្វល្អិត ដូចជាកណ្តៀរ ខ្មូតជាដើមជាដើមចូលស៊ី និងដោយសារមានអាយុកាលយូរហើយនោះបានធ្វើអោយតួផ្សារមានលក្ខណៈពុកផុយ ទើបរដ្ឋបាលខណ្ឌមានជ័យស្នើសុំមករដ្ឋបាលរាជធានីអោយធ្វើការជួសជុលឡើងវិញ ព្រោះខ្លាចមានគ្រោះថ្នាក់ដោយយថហេតុដោយ ប្រជាពលរដ្ឋនិងអាជីវករ៕

LEAVE A REPLY

Please enter your comment!
Please enter your name here