លោកឧកញ៉ាលី ហួរៈកម្ពុជានៅតែមានតម្រូវការលំនៅដ្ឋានខ្ពស់ទាំងបច្ចុប្បន្ននិងអនាគត

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជាលោកឧកញ៉ាលី ហួរបានមានប្រសាសន៍ថា  សំណង់លំនៅស្ថាន នៅតែជាតម្រូវការយ៉ាងខ្ពស់ទៅថ្ងៃអនាគត ដូច្នេះសមាគមក៏ត្រូវតែបន្តការខិតខំទៅមុខយូរអង្វែង និងបន្តពង្រីកសក្តានុពលរបស់ខ្លួនឈរលើចក្ខុវិស័យនិងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកឧកញ៉ាលី ហួរបានមានប្រ​សា​សន៍ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារសំរាប់ឆ្នាំ២០២០កាលពីថ្ងៃទី៤ មិនាកន្លងមកថា បច្ចុប្បន្នសមាគមរបស់លោក មានសមាជិកសរុប៥៨ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងមានការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាតិ និងអន្តរជាតិព្រមទាំងរដ្ឋាភិបាលកម្ពុជាផងដែរ។

លោកឧកញ៉ាបានបន្តទៀតថា សមាគមមានទស្សនវិស័យមួយទៀត គឺលើកកំពស់ស្តង់ដាវិស័យអចលនទ្រព្យនៅកម្ពុជាអោយកាន់តែខ្ពស់ ដោយមិនមែនផ្តោតសំខាន់លើតែសំណង់លំនៅស្ថាន រឺបុរីប៉ុណ្ណោះទេតែក៏ផ្តោតលើអគារខុនដូ មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារទំនើបខ្ពស់ៗជាសំខាន់ព្រោះថា អគារខ្ពស់ៗទាំងនោះគឺជាប៉ូលដ៏សំខាន់ នៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ជាមួយពាណិជ្ជកម្មអន្តរជាតិ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើសេវាពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងចូលរួមចំណែកលើកស្ទួយកំណើនសេដ្ឋកិច្ចជាតិផងដែរ។

លោកឧកញ៉ាលី ហួរបានបន្តថា ឈរលើភាពរីកចំរើននៃវិស័យអភិវឌ្ឍលំនៅស្ថានឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនោះ សមាគមបានរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យមិនថា នៅរាជធានីភ្នំពេញទេ សូម្បីតែនៅតាមបណ្តាខេត្តផងដែរ ដោយបានប្រែក្លាយដី អោយមានតំលៃពោរពេញទៅដោយសំណង់អគារទំនើប បុរីលំនៅស្ថាន មជ្ឈមណ្ឌលពាណិជ្ជកម្ម  អគារការិយាល័យ ផ្សារទំនើបនិងសំណង់បែបទំនើបៗមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹកនិងមានប្រព័ន្ធអគ្គិសនី លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានសមរម្យផ្តល់អោយពួកគាត់មានការងារធ្វើ រួមចំណែកជួយដល់រាជរដ្ឋាភិបាលតាមរយះការបង់ពន្ធ ជម្រុញកំណើនសេដ្ឋកិច្ចជាតិនិងលើកកំពស់កិត្តិយសកិត្យានុភាពជាតិកម្ពុជា ចំពោះអន្តរជាតិផងដែរក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលអន្តរជាតិទទួលស្គាល់ថា កម្ពុជាមានសន្តិភាពស្ថេរភាព និងការអភិវឌ្ឍលើគ្រប់វិស័យគួរជាទីមោទនៈ។

លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានកត់សម្គាល់ថា វិស័យអចលនវត្ថុជាវិស័យមួយដែលជំរុញសេដ្ឋកិច្ចជាតិក្នុងឆ្នាំ២០១៩ ដោយក្នុងនោះឃើញមានការវិនិយោគលើវិស័យនេះ ក្នុងព្រះរាជាណាចក្រកម្ពុជាមានរហូតដល់១១,០០០លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានទំហំទុនវិនិយោគតែ៥៥០០លានដុល្លារ សហរដ្ឋអាមេរិកប៉ុ​ណ្ណោះ គឺមានការកើនឡើងរហូតដល់៩០ភាគរយ។

ការវិវត្តរីកចម្រើននៃវិស័យសំណង់ស្រប នឹងឱកាសដែលសមាគមអ្នកអភិវឌ្ឍន៍លំនៅស្ថានកម្ពុជា បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួននេះ ក៏អាចនិយាយបានថា នេះគឺជាការផ្លាស់ប្តូរនូវបទពិសោធន៍កម្រិតជំនាញ ការយល់ដឹងនិងគិតគូរអំពីគំនិតយោបល់សំរាប់ជំរុញនូវការអភិវឌ្ឍ បើគ្មានការរៀបចំបូកសរុបលទ្ធផលការ​ងារប្រចាំឆ្នាំទេ នោះវាមិនបានចងក្រងជាដុំឯកភាពគ្នាតែមួយ ហើយនេះក៏ជាផែនមួយសំរាប់ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញ ទៅមកដែលកាលពីមុនយើង នៅដាច់ដោយឡែកពីគ្នាហើយទុន ក៏នៅមានការខ្វះចន្លោះមិនទាន់គ្រប់គ្រាន់ ក្រោយពេលដែលយើងមានបទពិសោធន៍ និងរកបានដៃគូហើយនោះរហូតមកទល់ពេលនេះ យើងឃើញថាការវិវត្តន៍រីកចំរើន មានកំណើនកាន់តែកើនឡើងថែមទៀត ដោយបច្ចុប្បន្នមានសំណង់លំនៅដ្ឋានល្អទំនើបខ្ពស់ៗ រីឯសំណង់បុរីមានរហូតដល់៣២០បុរី ដែលកាលពីមុនមិនមានបុរីបែបនេះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here