ផ្លូវ ២៧១ ក្លាយជាវិថីពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ

0

ដោយ ប៊ី

ភ្នំពេញ: ផ្លូវ ២៧១ ដែលជាផ្លូវក្រវ៉ាត់ក្រុងកាលពីមុន និងជាផ្លូវទី១ បាននិងកំពុងបង្ហាញវត្តមានសំណង់ អាគារពាណិជ្ជកម្មជាច្រើន និងមានភាពទាក់ទាញ ដោយសារកំនើនប្រជាសាស្រ្ត និងការរីកចម្រើនសេដ្ឋកិច្ចសង្គម បានធ្វើឲ្យផ្លូវនេះក្លាយជាវិថីពាណិជ្ជកម្មថ្មីមួយនៃរាជធានីភ្នំពេញ។

លោកស្រីតាំង ហួរ អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service បានប្រាប់ Propertyarea.asia នៅថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ផ្លូវ ២៧១ ពីមុនជាក្រវ៉ាត់ក្រុង ប៉ុន្តែបច្ចុប្បន្នវាមានការប្រែប្រួលខ្លាំងដោយបណ្តុំទៅដោយអាគារការិយាល័យ អាផាតមិន ខណៈផ្លូវនេះមិនសូវស្ទះដូចមុន ដោយសារមានផ្លូវ ៣៧១ សម្រាប់រំដោះចរាចណ៍ពីផ្លូវ២៧១។

វាជារឿងធម្មតាទេ នៅពេលដែលតំបន់ណាដែលមានមនុស្សចេញចូលច្រើន ធ្វើដំណើរឆ្លងកាត់ច្រើន គឺតែងកើតមានការធ្វើពាណិជ្ជកម្ម។ ដោយឡែកសម្រាប់តាមបណ្តោយផ្លូវ ២៧១ គឺវាបានអនុគ្រោះដល់ការធ្វើជំនួញជាច្រើនប្រភេទ ដែលក្នុងនោះរាប់ទាំងការវិនិយោគលើវិស័យអចលនទ្រព្យផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា “ការរីកចម្រើនសកម្មភាពអាជីវកម្មនៅលើផ្លូវនេះ អាស្រ័យដោយតំបន់ ប៉ុន្តែតំបន់ជាច្រើនដែលស្ថិតនៅតាមបណ្តោយផ្លូវ ២៧១ បានក្លាយទៅជាតំបន់ពាណិជ្ជកម្ម បច្ចុប្បន្នតម្លៃដី ក៏ដូចជាអចលនទ្រព្យនានា បាន និងកំពុងតែមានតម្លៃកើនឡើងគួរឱ្យកត់សម្គាល់”។

លោកស្រីតាំង ហួរបានបន្តថា ដីនៅតំបន់ខ្លះ ដែលពោរពេញទៅដោយសំណង់អាគារពាណិជ្ជកម្ម សំណង់អាផាតមិន ក៏ដូចជាខុនដូរជាដើមនោះ អាចមានតម្លៃចន្លោះចាប់ពី ៣០០០ ទៅ៤០០០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។
យ៉ាងណាក៏ដោយ អ្នកស្រី តាំង ហួរ បានថ្លែងថា ដើមឆ្នាំ២០២០ ខាងមុខនេះ នៅតាមបណ្តោយផ្លូវ271 ដែលជាផ្លូវក្រវ៉ាត់ក្រុងយ៉ាងសំខាន់របស់រាជធានីភ្នំពេញ លេចចេញនូវវត្តមានសំណង់ អាគារពាណិជ្ជកម្មជាច្រើន និងមានភាពទាក់ទាញ មិនចាញ់ផ្លូវម៉ៅសេងទុងនាពេលបច្ចុប្បន្ននេះនោះឡើយ។

ផ្លូវ២៧១ ត្រូវបានរៀបចំស្ថាបនាជាផ្លូវក្រវ៉ាត់ក្រុងទីខ្សែ១ ដែលគ្របដណ្ដប់ខណ្ឌចំនួន៤ រួមមានខណ្ឌចំការមន ខណ្ឌ៧មករា ខណ្ឌដូនពេញ និងខណ្ឌទួលគោក ដោយឆ្លងកាត់ផ្លូវទំនប់ផ្លូវ៥៩៨ ផ្លូវ២៧១ រហូតដល់តំបន់ក្បាល់ថ្នល់ ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូនដោយយានយន្តធុនធ្ងន់ ប៉ុន្តែពេលនេះ ផ្លូវ ២៧១ បាន និងកំពុងតែរំលេចខ្លួនយ៉ាងឆាប់រហ័សក្លាយជាតំបន់ពាណិជ្ជកម្ម។

លោក សន សៀប នាយកក្រុមហ៊ុនអចលនទ្រព្យ Key Real Estate Co.Ltd បានទទួលស្គាល់ពីការរីកចម្រើន នៃវិស័យអចលនទ្រព្យនៅតាមបណ្តោយផ្លូវ ២៧១ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា វារីកចម្រើនដោយតំបន់តែប៉ុណ្ណោះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះថា “តាមពិតផ្លូវ ២៧១ មិនមែនទើបតែរីកចម្រើននោះទេ ពោលគឺវាជាបានអភិវ ឌ្ឍខ្លួនជាតំបន់ពាណិជ្ជកម្មតាំងពីប្រមាណ10ឆ្នាំមុនមកម៉្លេះ គ្រាន់តែថាការរីកចម្រើនទាំងនោះវាមិនទាន់បង្ហាញពីភាពធំដុំកំភួន ដូចពេលបច្ចុប្បន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here