ក្រុមហ៊ុនZ1 Data Co., LTDចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិកដើម្បីវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ

0

ដោយគង់ សូរិយា

ភ្នំពេញៈ  ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) ដែលជាក្រុមហ៊ុនឯកទេសខាងប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ដើម្បីស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ បានចុះអនុស្សារណៈយោគយល់គ្នា ជាមួយក្រុមហ៊ុន The​ DevMasters ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ដើម្បីសហការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំមួយ សម្រាប់ពាណិជ្ជកម្មក្នុងវិស័យអចលនទ្រព្យ។

ក្រុមហ៊ុនThe DevMasters ជាក្រុមហ៊ុនមានឯកទេសខាងប្រឹក្សា និងបណ្តុះបណ្តាលការប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ដើម្បីវិភាគទិន្នន័យ ដែលបានជួយក្រុមហ៊ុនជាច្រើន ក្នុងការអភិវឌ្ឍន៍កម្មវិធីទិន្នន័យពាណិជ្ជកម្ម ឲ្យឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង។

អនុស្សារណៈយោគយល់នេះ ត្រូវបានចុះហត្ថលេខាដោយលោក ហ៊ឹម សីហាដៃគូ និងជានាយកក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និង​លោក Arshad Khan ដែលជានាយកប្រតិបត្តិនៃក្រុមហ៊ុន The DevMasters។

លោក ហ៊ឹម សីហា ដៃគូ និងជានាយក ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) បានលើកឡើងបន្ទាប់ពីពិធីចុះហត្ថលេខា នាព្រឹកថ្ងៃទី១១ មិនានេះថា វិស័យអចលនទ្រព្យកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ដោយមានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនបាន​បង្កើតគម្រោងលំនៅឋាន និងគម្រោងពាណិជ្ជកម្មដោយភាពសម្បូរបែប។ កត្តានេះ តម្រូវឲ្យមានការអភិវឌ្ឍន៍ប្រព័ន្ធផ្ទុកទិន្នន័យដ៏ធំ និងមានគុណភាពមួយ ដើម្បីពង្រឹងទំនុកចិត្តវិនិយោគិន និងដើម្បីងាយស្រួលវិភាគពីនិន្នាការអភិវឌ្ឍន៍កន្លងមក និងការព្យាករណ៍សម្រាប់ថ្ងៃអនាគត។

លោកបន្តថា “បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ជួយពន្លឿនប្រតិបត្តិការវិស័យអចលនទ្រព្យ តាមរយៈការកាត់បន្ថយពេលវេលា ដែលតែងតែធ្វើដោយដៃកន្លងមក ហើយបញ្ញាសុប្បនិម្មិត ក៏បានជួយបង្កើនប្រសិទ្ធភាព សម្រាប់ដំណើរការទិញលក់ និងប្រតិបត្តិការទីផ្សារអចលនទ្រព្យផងដែរ”។

លោកហ៊ឹម សីហា បានបន្តថា កិច្ចសហការរវាងក្រុមហ៊ុន Z1 Data Co., LTD (Cambodia) និងក្រុមហ៊ុន The Dev Masters ពីអាមេរិកនេះ គឺជាការវិវត្តន៍យ៉ាងសំខាន់សម្រាប់វិស័យអចលនទ្រព្យកម្ពុជា ដោយសារថាការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីធ្វើការវិភាគ និងព្យាករទិន្នន័យអចលនទ្រព្យដោយប្រើប្រាស់ Artificial Intelligence (AI) នឹងរួមចំណែកបង្កើនទំនុកចិត្តដល់វិនិយោគិន និងលំហូរទុនវិនិយោគក្នុងវិស័យនេះ។

កម្មវិធីជាច្រើននៅក្នុងវិស័យអចលនទ្រព្យ សុទ្ធសឹងតែអាចប្រើប្រាស់ បញ្ញាសុប្បនិម្មិត Artificial Intelligence (AI) ដើម្បីពង្រឹងប្រសិទ្ធភាព និងកាត់បន្ថយពេលវេលា ដែលកម្មវិធីទាំងនោះ ឧទាហរណ៍ដូចជា ការស្វែងរកតម្លៃបច្ចុប្បន្ន និងការព្យាករណ៍ពីតម្លៃនាថ្ងៃខាងមុខ ការធ្វើស្វ័យប្រវត្តកម្មនៃឯកសារនានា ការព្យាករពីតម្លៃអចលនទ្រព្យនាពេលខាងមុខ និងមុខងារប្រើប្រាស់ជាច្រើនទៀត។

យោងតាម​លោក ហ៊ឹម សីហា ការអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យដោយប្រើប្រាស់បញ្ញាសុប្បនិម្មិត ដែលមានគុណភាព នឹងផ្តល់ប្រយោជន៍ដល់ប្រតិបត្តករ ក្នុងទីផ្សារអចលនទ្រព្យ ម្ចាស់ទ្រព្យ ភ្នាក់ងារទិញលក់ និង រដ្ឋាភិបាល។

អំពី Z1 Data Co., LTD (Cambodia)

ក្រុមហ៊ុន Z1 Data Co., LTD (Cambodia) គឺជាក្រុមហ៊ុនក្នុងស្រុក ដែលមានឯកទេសខាងស្រាវជ្រាវ និងវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ ដោយប្រើប្រាស់បញ្ញាសុប្បនិម្មិត។ ក្រុមហ៊ុននេះ បានអភិវឌ្ឍន៍ខ្លួនចេញពីនាយកដ្ឋានសិក្សា​ស្រាវជ្រាវ​​របស់ក្រុហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា គឺក្រុមហ៊ុន VTrust Appraisal Co., Ltd.។

អំពី The Dev Masters

TheDevMasters គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ GBCS LLC ដែលជាក្រុមហ៊ុនប្រឹក្សាផ្នែកទិន្នន័យ ដោយប្រើប្រាស់បញ្ញាសុប្បនិម្មិត Artificial Intelligence (AI)។ មានមូលដ្ឋាននៅសហរដ្ឋអាមេរិក TheDevMasters បានបង្កើតឡើងនៅឆ្នាំ២០១២ ដែលកាលពីមុនត្រូវបានស្គាល់ថា Codecamp5។ TheDevMasters ផ្តល់ការបណ្តុះបណ្តាល និងការពិសោធន៍ពីវិទ្យាសាស្រ្តទិន្នន័យ Machine Learning និងវគ្គបណ្តុះបណ្តាលនានាដែលមានកម្មវិធីឆ្លើយតបនឹងតម្រូវការទីផ្សារជាក់ស្តែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here