អ្នកជំនាញៈ អ្នកមានលុយគួរទិញអចលនទ្រព្យទុកក្នុងបរិបទនៃវិបត្តិ Covid-19 ?

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ នៅក្នុងស្ថានភាពប្រឈមជាមួយនឹងវិបត្តិនៃជំងឺ Covid-19  ដែលកំពុងរាតត្បាតជាសាកលនាពេលបច្ចុប្បន្ននេះ ត្រូវបានអ្នកជំនាញលើកឡើងស្រដៀងគ្នាថា សម្រាប់អ្នកមានលុយច្រើន គួរទិញអចលនទ្រព្យទុក នៅក្នុងដំណាក់កាលនេះ ដែលវានឹងផ្តល់ផលចំណេញខ្ពស់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ។

អ្នកវិភាគទិន្នន័យក្នុងវិស័យអចលនទ្រព្យ លោក ហ៊ឹម សីហា បានមានប្រសាសន៍កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះថា ក្រុមហ៊ុនក្នុងស្រុកអាចមានឱកាសល្អ ក្នុងការប្រមូលទិញអចលនទ្រព្យ ស្របពេលមានបញ្ហាCovid-19 នេះ ព្រោះក្រុមហ៊ុនក្នុងស្រុក អាចមានឱកាសវាយលុកមុន នឹងឈរជើងរឹងមាំ ខណៈដែលក្រុមហ៊ុនក្រៅប្រទេស មិនសូវចាប់អារម្មណ៍។

លោកបានបញ្ជាក់ថា “ធម្មតានៅក្នុងព្យុះ វាមានកូនឱកាស មានន័យថាក្រុមហ៊ុន Local អាចមានលទ្ធភាពឈរជើងរឹងមាំ អីចឹងឱកាសមានច្រើនរូបភាព ទីមួយខាងក្រៅប្រទេស មិនសូវចាប់អារម្មណ៍ អីចឹងយើងជា Local អាចមានឱកាសវាយលុក ហើយនៅក្នុងនោះអ្នក ដែលអាចមានលទ្ធភាព ប្រមូលទិញអចលនទ្រព្យ ក្នុងពេលដែលគេចង់លក់ គឺគាត់មានឱកាសចរចាច្រើន ហើយការអភិវឌ្ឍន៍គម្រោងធំៗ គាត់អាចមានឱកាសច្នៃ មិនមែនសម្រាប់ឆ្នាំនេះទេ តែសម្រាប់ប៉ុន្មានឆ្នាំខាងមុខ នៅពេលដែលស្ថានភាពល្អជាងនេះ” ។

លោកហ៊ឹម សីហា បានលើកឡើងឱ្យថា សម្រាប់ស្ថានភាពដូចពេលបច្ចុប្បន្ន វិស័យអចលនទ្រព្យ មិនមានការប្រែប្រួលខ្លាំងនោះទេ ហើយធាតុពិតនៃការទិញលក់នៅលើទីផ្សារក្នុងស្រុក ក៏នៅតែបន្តមានសកម្មភាពដដែល ហើយសម្រាប់ពាក្យថាទីផ្សារអចលនទ្រព្យធ្លាក់ចុះ អាចភាគច្រើនអ្នកនៅក្រៅវិស័យនិយាយតែប៉ុណ្ណោះ។

ស្រដៀងគ្នាទៅនឹងការជំរុញឱ្យអ្នកមានលុយច្រើនទិញអចលនទ្រព្យ លោកឧក​ញ៉ា​គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ KW Cambodia និងជានាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Real Estate បានបញ្ជាក់តាមរយៈបណ្តាញទំនាក់ទំនង់អេឡិចត្រូនិកថា នៅក្នុងអំឡុងពេលដែលគេមានការភ័យខ្លាចជំងឺ Covid-19 ស្របទៅនឹងការនិយាយតគ្នានៅមជ្ឈដ្ឋានខាងក្រៅថា ទីផ្សារអចលនទ្រព្យកំពុងជួបវិបត្តិជាប់គាំងនោះ លោកបានប្រកាសទទួលទិញ នូវរាល់អចលនទ្រព្យទាំងឡាយណា ដែលម្ចាស់ទ្រព្យចង់លក់ចេញ។

លោកឧកញ៉ាបញ្ជាក់ទៀតថា “នៅក្នុងដំណាក់កាលនេះ ត្រូវចេះថែរក្សា និងការ​ពារខ្លួនកុំឱ្យមានCovid-19 ហើយកុំចេះតែShare ឬ Like ព័ត៌មានមិនពិតពី Covid-19”។ លោកបានបន្តទៀតថា “នៅក្នុងរាល់បញ្ហាតែងមានឱកាស ហើយឥលូវជាឱកាសដើម្បីទិញអចលនទ្រព្យល្អៗក្នុងតម្លៃសមរម្យបំផុត”។

លោកបន្ថែមថា បើមានអ្នកលក់ដី ផ្ទះ រោងចក្រ ឃ្លាំង សំណង់អគារផ្សេងៗ ដែលត្រូវការលក់ឆាប់ក្នុងតម្លៃដូចឆ្នាំ២០១៦ ឬតម្លៃឆ្នាំ២០១៧ អាចទាក់ទងខ្ញុំបាន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here