ខុនដូលំដាប់ផ្កាយ៥តម្លៃជិត៣០៥លានដុល្លារនឹងលេចរូបរាងក្នុងព្រះសីហនុ

0

ដោយ ប៊ី

ភ្នំពេញៈ គម្រោង Prince Tian XI Wan ដែលជាគម្រោងអភិវឌ្ឍចម្រុះដ៏ធំបំផុតមួយនៅក្នុងខេត្តព្រះសីហនុជាមួយ នឹងទុនវិនិយោគ៣០៤,៩ និងត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC) គ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែមិថុនា ឆ្នាំ ២០១៩ បានអនុម័ត “PRINCE TIAN XI WAN CO., LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ៣០៤,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤.៨៦០កន្លែង។

ក្រុមហ៊ុនបានឱ្យដឹងថា គម្រោង Prince Tian XI Wan មានរួមបញ្ចូលជាមួយនឹង សណ្ឋាគារលំដាប់ផ្កាយ៥ ខុនដូប្រណីត និងផ្សារទំនើប ដែលមាន ហាងទំនិញរួចពន្ធអន្ដរជាតិធំជាងគេ រោងភាពយន្ដ IMAX និងកន្លែងកម្សាន្ដតាមមាត់សមុទ្រជាច្រើនផ្សេងទៀត។

អាគារភ្លោះកម្ពស់២៩ជាន់នៅក្នុងគម្រោង មានអាផាតមិនប្រណីតសរុបទាំងអស់ចំនួន១០៣៨យូនីត និងមានសណ្ឋាគារប្រណីតចំនួន៣៩៣បន្ទប់ផងដែរ។ គម្រោងនេះមានសួនច្បារពណ៌បៃតង នៅលើដំបូលអគារ ដែលលាតសន្ធឹងទំហំ១៣០០០ម៉ែត្រការ៉េ និងចំណតរថយន្ត មានទំហំធំទូលាយរហូតទៅដល់២៥,០០០ម៉ែត្រការ៉េ ដែលមានកន្លែងចតរថយន្ដសរុប ទាំងអស់១៣២៨កន្លែង។

ក្រុមហ៊ុនបន្ថែមថា “គម្រោងនេះគ្រោងនឹងបញ្ចប់នៅក្នុងខែមីនា ឆ្នាំ២០២៣”។

អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Easy Property Investment Co,.Ltd លោក ម៉ម សិរីបញ្ញា បានទទួលស្គាល់ពីភាពល្អប្រសើរជាបណ្តើរៗ នៃក្រុងព្រះសីហនុ ប៉ុន្តែពាក់ព័ន្ធទៅនឹងស្ថានភាព និងតម្លៃអចលនទ្រព្យនៅទូទាំងខេត្តព្រះសីហនុ មានសភាពយ៉ាងណានោះ លោកថាត្រូវចំណាយពេលសិក្សា និងទន្ទឹងរង់ចាំមើលពីល្បឿននៃការអភិវឌ្ឍបន្តិចទៀត។

លោកបញ្ជាក់ថា “តម្រូវការនៃការប្រើប្រាស់ដីធ្លី ក៏ដូចជាសំណង់អគារស្នាក់នៅ ពេលនេះហាក់មិនទាន់មានភាពល្អប្រសើរនោះទេ ពោលគឺនៅតែរក្សាភាពស្ងប់ស្ងាត់ដដែ​ល ប៉ុន្តែសភាពបែបនេះអាចនឹងមានការប្រែប្រួលនៅពេលដ៏ខ្លីខាងមុខនេះ”។

លោកបានបន្តទៀតថា “ស្ថានភាពជាក់ស្ដែងនៅក្នុងក្រុងព្រះសីហនុ នាពេលនេះ ក្រៅពីសកម្មភាព នៃការសាងសង់គម្រោងដែលបន្សល់ពីឆ្នាំចាស់នោះ ហាក់នៅមិនទាន់ឃើញមានសំណង់ថ្មី ដែលជាគម្រោងថ្មីណាមួយ ដែលមានទ្រង់ទ្រាយធំនៅឡើយនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here