ដោយ ហ្សូលី
ភ្នំពេញ៖ តម្លៃលំនៅដ្ឋានធ្លាក់ចុះ ៣៣% ចាប់តាំងពីរដ្ឋាភិបាលសម្រេចចេញវិធានការបិទហ្គេមអនឡាញកាលពីខែសីហាកន្លងទៅ ដែលបណ្តាលឱ្យជនអន្តោសប្រវេសន៍ចិន និងអាជីវករចិនយ៉ាងតិច ៤សែននាក់ បង្ខំចិត្តត្រឡប់ទៅប្រទេសកំណើតខ្លួនវិញ។ នេះបើយោងតាមស្ថិតិអន្តោប្រវេសន៍របស់រដ្ឋាភិបាល។

-->
តម្លៃលំនៅដ្ឋានក្នុងទីក្រុងមាត់សមុទ្រនៅក្រុងខេត្តព្រះសីហនុធ្លាក់ចុះយ៉ាងគួរឱ្យបារម្ភ ព្រោះថាទីនោះគឺជាចំនុចកណ្តាលនៃការវិនិយោគដែលចិនមកបណ្តាក់ទុនទិញអចនទ្រព្យនៅក្នុងប្រទេសកម្ពុជា។
បើនិយាយពីការវិនិយោគទុនរបស់ជនជាតិចិនមានការកើនឡើងជិត ១០ដង ដោយក្នុងនោះមានជាការជួលផ្ទះ ទិញផ្ទះជាមួយអត្រាតម្លៃមួយគួរឱ្យស្ងើចនៅក្នុងចន្លោះឆ្នាំ ២០១៧ និង ២០១៩ ព្រោះថាជនជាតិចិនមានលុយចំណាយវិនិយោគនិងហ៊ានឱ្យតម្លៃលើសពីទីផ្សារធម្មតាទៅទៀត។
តម្លៃដីនៅខេត្តព្រះសីហនុបានធ្លាក់ចុះច្រើនជាអនេកប្រមាណ ៣០% រីតម្លៃជួលវិញក៏ចុះថោក។ យោងតាមរបាយការណ៍ឧស្សាហកម្មបានឱ្យដឹងថា កាលពីឆ្នាំ២០១៩ តម្លៃជួលផ្ទះអាចហក់ឡើងដល់ទៅ ៨០០ ដុល្លារក្នុងមួយខែ ដែលបច្ចុប្បន្នមួយខែបានតម្លៃត្រឹម ២០០ដុល្លារប៉ុណ្ណោះ។
អ្នកវិភាគមួយចំនួនបានគូសបញ្ជាក់ថា តម្លៃធ្លាក់ចុះគឺបណ្តាលមកពីកំណែទីផ្សារ ថ្វីត្បិតតែធ្លាក់ក៏ពិតមែន ប៉ុន្តែវិស័យអចនទ្រព្យនិងសំណង់មិនដួលរលំក្រោយសម្ពាធនៃការធ្លាក់ចុះតម្លៃឡើយ។
សហព័ន្ធសមាគមពាណិជ្ជកម្មខេត្តព្រះសីហនុដែលជាក្រុមអ្នកជំនួញជនជាតិចិនបានប៉ាន់ប្រមាណថាបរិមាណនៃការជួលទ្រព្យសម្បត្តិពាណិជ្ជកម្មនៅខេត្តព្រះសីហនុបានធ្លាក់ចុះចំនួន ៨៥% និងការលក់ដីធ្លី ២៥%។ ជាមធ្យមផ្ទះចំនួន ៦០០ល្វែង ត្រូវបានជួល និង ២០ល្វែង បានទិញលក់ក្នុងមួយថ្ងៃ បើធៀបនឹងបច្ចុប្បន្ន ធ្លាក់ចុះមកត្រឹមក្រោម ២០ល្វែង និង ៩ល្វែងក្នុងមួយថ្ងៃ។
ប្រសិនបើតម្លៃអចលនៈទ្រព្យបន្តធ្លាក់ចុះក្នុងឆ្នាំ ២០២០ និងឆ្នាំ ២០២១ នោះវិស័យហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាអាចប្រឈមនឹងមានភាពតានតឹងខ្លះៗ។ សូម្បីតែក្រុមហ៊ុនអភិវឌ្ឍអចនទ្រព្យមួយចំនួនមានការព្រួយបារម្ភអំពីផលចំណេញនាពេលអនាគតផងដែរ ប្រសិនបើតម្លៃនៅតែបន្តធ្លាក់ចុះដូចជាពេលបច្ចុប្បន្នព្រោះពួកគេអាចនឹងជួបហានិភ័យហិរញ្ញវត្ថុ។

ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យសកលលោក CBRE ប្រចាំកម្ពុជា បានព្យាការណ៍ថា ទីផ្សារលំនៅដ្ឋាននឹងមានភាពនឹងនរក្នុងឆ្នាំ ២០២០។ យ៉ាងណាមិញភ័ស្តុតាងរួមបង្ហាញថា តម្លៃអចលនទ្រព្យក៏បានធ្លាក់ចុះផងដែរនៅក្នុងទីក្រុងដូចជា កំពតបាវិត និងរាជធានីភ្នំពេញ ទោះបីជាវាបានធ្លាក់ចុះយ៉ាងលឿននៅខេត្តព្រះសីហនុក៏ដោយ។
គម្រោងសាងសង់មួួយចំនួនត្រូវបានជាប់គាំងដោយគ្មានដំណើរការ ដោយទីតាំងមួយចំនួនបានសាងសង់ហើយបានពាក់កណ្តាលនៃគម្រោង។ ចំណែកឯហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់វិញរងនូវការខូចខាតដោយសារការស្ថាបនាអចនទ្រព្យទាំងនោះ៕