សម្ដេចក្រឡាហោមស ខេង ក្រើនរំឭកសារជាថ្មីមិនឱ្យប្រជាជនជួលដីនៅ តាមបន្ទាត់ព្រំដែន

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ សម្ដេចក្រឡាហោមស ខេង បានក្រើនរំឭកសារជាថ្មី ដល់គណៈអភិបាលខេត្តទាំងអស់ ដែលស្ថិតនៅជាប់ព្រំដែនជាមួយប្រទេសជិតខាង ត្រូវបន្តការណែនាំដល់ប្រជាពលរដ្ឋកុំឱ្យជួលដីស្រែរបស់ខ្លួនឱ្យទៅកសិករប្រទេសជិតខាង។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តព្រៃវែង និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះថា គ្រប់អាជ្ញាធរ ជាពិសេសអភិបាលខេត្តទាំងអស់ ដែលនៅជាប់តំបន់ព្រំដែនប្រទេសជិតខាង ត្រូវបន្តការណែនាំដល់ប្រជាពលរដ្ឋ កុំជួលដីស្រែចម្ការរបស់ខ្លួន ដែលស្ថិតនៅតំបន់ព្រំដែនឱ្យទៅជនបរទេស។

សម្ដេចបញ្ជាក់ទៀតថា “ករណីគេសុំជួលដី ដើម្បីបង្កបង្កើនផលនៅតាមព្រំដែន គឺកុំឱ្យមានឱ្យសោះ ពីព្រោះការធ្វើស្រែបន្តិចបន្តួចនៅតាមព្រំដែន វានឹងនាំឱ្យមានការស្មុគស្មាញទៅថ្ងៃក្រោយ ហើយប្រជាជនណា ដែលជួលដីស្រែឱ្យទៅប្រទេសជិតខាង គឺខុសច្បាប់ កាធ្វើបែបនេះ ក្នុងន័យដើម្បីការពារបូរណភាព អធិបតេយ្យទឹកដីរបស់យើង”។

កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសារាចរមួយ ដើម្បីហាមប្រជាពលរដ្ឋខ្មែរ កុំឱ្យលក់ ឬជួលដីស្រែ ដីចំការ ឬដីលំនៅឋាននៅតាមតំបន់ព្រំដែនឱ្យទៅប្រជាពលរដ្ឋនៃប្រទេសជិតខាង ដូចជាប្រទេសវៀតណាម ឡាវ និងថៃ ជាដើម។ នៅក្នុងសារាចរនោះក៏បានបញ្ជាក់ថា ក្នុងករណីមានការជួលហើយ តែពុំមានឯកសារគតិយុត្ត ឬកិច្ចសន្យាត្រឹមត្រូវ អភិបាលខេត្តត្រូវបញ្ឈប់លែងឱ្យមានការជួលតទៅទៀត។ ប៉ុន្តែក្នុងករណីជួលរួចហើយ មានឯកសារគតិយុត្តត្រឹមត្រូវ ការជួលដីនោះអាចបន្តរហូតដល់អស់សុពលភាព ហើយបន្ទាប់ពីអស់សុពលភាព ហាមមិនឱ្យជួលដីនោះបន្តឱ្យប្រជាពលរដ្ឋប្រទេសជិតខាងទៀតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here