ដោយវុត្ថា
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសសាងសង់ស្ពានបេឡេ ១ កន្លែងទៀត ឆ្លងកាត់ស្ទឹងសង្កែដែលស្ថិតនៅភូមិសសរពក ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនផលិផលកសិកម្មរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

-->
សម្តេចក្រឡាហោម ស ខេង នៅក្នុងពិពីចុះពិនិត្យអគារសិក្សាវិទ្យាល័យកន្ទឺ២ អគារសាលាមត្តេយ្យសិក្សាស្រុកបាណន់ កសិដ្ឋានចិញ្ចឹមគោយកសាច់ នៅឃុំឈើទាលនៅក្នុងខេត្តបាត់ដំបងកាលពីថ្ងៃទី ១៣ ខែមីនា ម្សិលមិញនេះ បានប្រកាសថានឹងសាងសង់ស្ពានបេឡេនេះនៅពេលឆាប់ៗខាងមុខនេះ។ តែយ៉ាងណាក៏ដោយ សម្តេចមិនបញ្ជាក់ពេលពេលវា និងថវិកាគ្រោងចំណាយលើការសាងស្ពាននេះនៅឡើយទេ។
លោក ម៉ៃ វីរៈ ប្រជាពលរដ្ឋដែលរស់ក្នុងស្រុកបាណន់ បានសម្តែងការត្រេកអរនៅពេលដែលសម្តេចក្រឡាហោម ស ខេងប្រកាសសាងសង់ស្ពានបេឡេឆ្លងកាត់ស្ទឹងសង្កែនេះ ព្រោះតំបន់នេះមានស្ពានដែរតែមានសភាពចាស់ដែលធ្វើឱ្យមានការលំបាក់ធ្វើដំណើរ ដែលអាចបង្កជាយថាហេតុណាមួយកើតឡើងដល់ប្រពលរដ្ឋនៅក្នុងតំបន់នេះ។
លោកបន្តថា តំបន់នេះ មានប្រជាពលរដ្ឋរស់នៅច្រើន និងមានចរាចរណ៍មានភាពមមាញឹកខ្លាំង ដោយសារតែមានការដឹកញ្ជូនទំនិញ និង ផលិផលកសិកម្មផ្សេងៗទៅដាក់នៅក្នុងទីផ្សារនានានៅក្នុងខេត្ត និងក្រៅខេត្ត។នៅពេលដែលមានស្ពាននេះ នេះ កើតឡើងនឹងជួយសម្រួលបន្ថែមទៀតដល់ការដឹកជញ្ជូន និងធ្វើដំណើរ។
បើតាម លោក ម៉ៃ វីរៈ បានប៉ាន់ស្មានថា ចំងាយស្ពានស្ទឹកសង្កែដែលនឹងត្រូវសាងសង់ស្ពានបេឡេនេះ មានប្រវែងប្រមាណជាង ១០០ ម៉ែត្រ ខណៈបច្ចុប្បន្នមានស្ពាន ២ កន្លែងគឺស្ពានយោល១ និងបេឡេ១ ដែលមិនឆ្លើយទៅនឹងតម្រូវការដឹកជញ្ជូនឆ្លងកាត់ និងធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបាត់ដំបងបាននឹងកំពុងសាងសង់ស្ពានឆ្លងស្ទឹងសង្កែថ្មីមួយទៀតនៅក្នុងក្រុងបាត់ដំបងជំនួយឱ្យស្ពានថ្មចាស់ដែលមានសភាពទ្រុឌទ្រម ស្របតាមការណែនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕