ដោយៈ រ៉ាណេត
ភ្នំពេញៈ បើទោះជាកម្ពុជាកំពុងតែស្ថិតនៅក្នុងភាពប្រឈម នៃការរាតត្បាតជំងឺ Covid-19 ប៉ុន្តែសម្រាប់វិស័យសំណង់ នៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើងគួរឱ្យកត់សម្គាល់រហូតដល់ចំនួន៥២៣គម្រោង កើនឡើងជិត៥០ភាគរយ ប្រើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍ ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពការងាររបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលើកទិសដៅបន្តកាលពីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ថា បច្ចុប្បន្ននេះ គម្រោងសាងសង់សំណង់ជាច្រើន នៅតែមានសកម្មភាពក្នុងការអភិវឌ្ឍដដែល ដោយចំនួនសរុបមានរហូតដល់៥២៣គម្រោង គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២០ ខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួនត្រឹមជាង៣០០គម្រោងតែប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា “ជាមួយនឹងការកើនឡើងនូវចំនួនគម្រោងអភិវឌ្ឍន៍ ក្នុងវិស័យសំណង់នេះ បានជំរុញឱ្យទុនវិនិយោគកើនឡើងស្ទើរទ្វេដង ហើយវានឹងនៅតែបន្តកើនឡើងទៀត ប្រសិនបើបញ្ហានៃជំងឺCovid-19 ត្រូវបានទប់ស្កាត់ប្រកបដោយប្រសិទ្ធភាពក្នុងពេលដ៏ខ្លីខាងមុខនេះ”។
នៅពេលបច្ចុប្បន្ននេះ សំណង់អគារខ្ពស់ៗនៅកម្ពុជា មានចំនួនជិត២០០០អគារ ដែលក្នុងនោះ អគារបម្រើវិស័យសណ្ឋាគារមានចំនួនជាង១០០០អគារ ហើខុនដូមានចំនួន២៣,០០០យូនីត។ ដោយឡែកសម្រាប់គម្រោងអភិវឌ្ឍន៍ លើវិស័យលំនៅដ្ឋានមានចំនួន៣២៧ទីតាំង រួមមានទាំងគម្រោងអភិវឌ្ឍន៍បែបបុរី និងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដែលមានលក្ខណៈបែបបុរី។

ក្រុមហ៊ុនអន្តរជាតិដែលចូលមកវិនិយោគ នៅក្នុងវិស័យសំណង់នៅកម្ពុជា សរុបមានចំនួន១៨ប្រទេស ដែលក្នុងនោះការវិនិយោគមកពីប្រទេសចិន ឈរនៅលំដាប់ទី១ ប្រទេសកូរ៉េស្ថិតនៅតំដាប់ទី២ ហើយប្រទេសជប៉ុនស្ថិតនៅលំដាប់ទី៣៕






