ក្រសួងរៀបចំដែនដីៈ សំណង់ខុសច្បាប់១៤កន្លែងនៅក្រុងព្រះសីហនុត្រូវបាន បញ្ជាឲ្យរុះរើ

0

ដោយ ប៊ី

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាឱ្យមានការរុះរើសំណង់ខុសច្បាប់១៤កន្លែង នៅខេត្តព្រះស៊ីហនុ ខណៈសំណង់ជាង១០០ តម្រូវឱ្យមានការត្រួតពិនិត្យដំណើរការសាងសង់ឡើងវិញ។

លោកសេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាព និងទិសដៅការងារបន្ដ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់” នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០នេះថា គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ នៃក្រសួងរៀបចំដដែនដី នគរូបនីយកម្មនិងសំណង់បានត្រួតពិនិត្យសំណង់ជាង៥០០ គម្រោងនៅក្នុងខេត្តព្រះសីហនុ។

លោកបានថ្លែងថា “សំណង់ខុសច្បាប់១៤កន្លែង ត្រូវបានបញ្ជារុះរើ និងសំណង់ជាង១០០ទាមទារឱ្យមានពិនិត្យគុណភាព និងត្រូវបានណែនាំ បន្ទាប់ពីគណៈកម្មការត្រួត​ពិនិត្យគុណភាពសំណង់ បានរកឃើញភាពមិនត្រឹមត្រូវបទដ្ឋានសំណង់”។

នៅក្នុងឱកាសបើកសម្ពោធការដ្ឋានសាងសង់ គម្រោងអភិវឌ្ឍន៍លំនៅដ្ឋាននៅលើភ្នំបូកគោ (កំណប់ឋានសួក៌) កាលពីចុងសប្ដាហ៍កន្លងទៅថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា បានធ្វើការក្រើនរំលឹកសាជាថ្មីម្ដងទៀត ទៅដល់បណ្តាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនម៉ៅការសាងសង់ ជាពិសេសមន្ត្រីជំនាញដែលពាក់ព័ន្ធទាំងអស់ ចាំបាច់ត្រូវតែគោរព និងអនុវត្តទៅតាមច្បាប់សំណង់ ដែលក្រសួងបានដាក់ចេញ ជៀសវាងធ្វើតាមការបង្គាប់បញ្ជាពីសំណាក់ម្ចាស់គម្រោង ដែលជាអ្នកមានលុយ ដែលប្រាស់ចាកពីច្បាប់កំណត់។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា “គ្រប់ការដ្ឋានសាងសង់ នៅពេលមន្ត្រីក្រ​សួងឬមន្ទីរចុះឆែក បើអត់មានច្បាប់សំណង់ទេ ព្រះរាជអាជ្ញាត្រូវចេញដីកាឃាត់ភ្លាម”។

លោកបន្តថា “ជាងនេះទៅទៀត អ្នកសាងសង់ ត្រូវរក្សានូវផែនការ គឺសាងសង់គោរពតាមប្លង់គោល ប្លង់នគររូបនីយកម្ម មិនត្រូវសង់លើផ្លូវ ប្រឡាយទឹក សង់មិនគោរព ទៅតាមបទដ្ឋានបច្ចេកទេស សង់អត់មានវិស្វករ ស្ថាបត្យករ នៅប្រចាំការដ្ឋាននោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here