ដោយៈ រ៉ាណេត
ភ្នំពេញៈ តាមការសិក្សារបស់អ្នកជំនាញ នៅក្នុងវិស័យអចលនទ្រព្យបានឱ្យដឹងថា ពីមួយឆ្នាំទៅមួយឆ្នាំ ជាមួយនឹងកំណើននៃចំនួនប្រជាសាស្ត្រ បានធ្វើឱ្យតម្រូវការលំនៅដ្ឋានកើនឡើង រហូតដល់ប្រមាណ៥ម៉ឺនខ្នងក្នុងមួយឆ្នាំ ដែលជម្រុញអ្នកវិនិយោគ និងអភិវឌ្ឍន៍ ក្នុងវិស័យជាច្រើនបណ្តាក់ទុនសាងសង់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងផុលផុស ដែលក្នុងរួមមានបណ្តុំលំនៅដ្ឋានលក្ខណៈបែបបុរី និងគម្រោងអភិវឌ្ឍន៍បុរីបានកើនឡើងដល់៣២៧ទីតាំងរួចទៅហើយ។

-->
អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសន៍កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ថា បើទោះជាវិស័យសំណង់លំនៅដ្ឋាន នៅពេលបច្ចុប្បន្ននេះ មានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងគំហុកក៏ដោយ ប៉ុន្តែចំនួននៃការផ្គត់ផ្គង់ទាំងនេះ នៅមិនទាន់លើសពីតម្រូវការជាក់ស្ដែងនោះឡើយ។
លោកបានបញ្ជាក់ថា “ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែង ផ្នែកវិស័យឯកជនបានខិតខំ ក្នុងការអភិវឌ្ឍទៅលើគម្រោងសំណង់លំនៅដ្ឋានជាច្រើន ជាពិសេសនៅតាមតំបន់ទីប្រជុំជននៃបណ្តាស្រុកខេត្ត ក៏ដូចជានៅតាមតំបន់ជាយក្រុងផងដែរ ដែលគិតមកដល់ពេលនេះ គម្រោងសំណង់លំនៅដ្ឋានមានលក្ខណៈដូចជាបុរី និងគម្រោងអភិវឌ្ឍន៍បុរីបានកើនឡើងរហូតដល់៣២៧ទីតាំងនៅទូទាំងប្រទេស”។
លោកបានមានប្រសាសន៍បន្តទៀតថា អ្វីដែលក្រសួងដែនដីចង់បាន គឺការអភិវឌ្ឍ ការវិនិយោគ ការសាងសង់វិស័យសំណង់ ដែលជាការបង្កើនធនធាន និងសេដ្ឋកិច្ចសម្រាប់ប្រទេសជាតិ ហើយកំណើននៃការវិនិយោគ និងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានដ៏ផុសផុលនៅពេលនេះ នៅមិនទាន់លើសតម្រូវការនៅឡើយនោះទេ។
លោកបញ្ជាក់ថា តាមទ្រឹស្ដីសេដ្ឋកិច្ចបានបញ្ជាក់ថា បើការផ្គត់ផ្គង់លើស លុះត្រាតែតម្លៃត្រូវបានធ្លាក់ចុះ ប៉ុន្តែសម្រាប់តម្លៃលំនៅដ្ឋាន នៅកម្ពុជានាពេលបច្ចុប្បន្ននេះ មិនមានការធ្លាក់ចុះនោះទេ ផ្ទុយទៅវិញមានតែការរក្សាតម្លៃទីផ្សារ និងអាចបន្តកើនឡើង ដែលជាសញ្ញាបញ្ជាក់ថា តម្រូវការទីផ្សារនៅតែបន្តមាន។
ប្រធានសមាគមអ្នកអភិវឌ្ឈន៍លំនៅដ្ឋានកម្ពុជា លោកឧកញ៉ា លី ហួរ បានមានប្រសាសន៍ថាកាលពីចុងសប្ដាហ៍កន្លងទៅថា សំណង់លំនៅស្ថាន នៅតែជាតម្រូវការយ៉ាងខ្ពស់ទៅថ្ងៃអនាគត ដូច្នេះសមាគមក៏ត្រូវតែបន្តការខិតខំទៅមុខយូរអង្វែង និងបន្តពង្រីកសក្តានុពលរបស់ខ្លួន ឈរលើចក្ខុវិស័យនិងទិសដៅវែងឆ្ងាយ ក្នុងការចូលរួមជាមួយរាជ រដ្ឋាភិបាលកម្ពុជា។
លោកឧកញ៉ាបញ្ជាក់ថា “បច្ចុប្បន្នសមាគមរបស់លោក មានសមាជិកសរុប៥៨ក្រុមហ៊ុន សុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងមានការគាំទ្រយ៉ាងពេញទំហឹង ពីអ្នកវិនិយោគលើវិស័យអចលនទ្រព្យជាតិ និងអន្តរជាតិព្រមទាំងរដ្ឋាភិបាលកម្ពុជាផងដែរ”។

លោកឧកញ៉ាលី ហួរបានបន្តទៀតថា ឈរលើភាពរីកចំរើននៃវិស័យអភិវឌ្ឍលំនៅស្ថានឥតឈប់ឈរ ដែលជាផ្នែកមួយនៃឆ្អឹងខ្នងសេដ្ឋកិច្ចជាតិនោះ សមាគមបានរួមចំណែកអភិវឌ្ឍវិស័យអចលនទ្រព្យមិនថា នៅរាជធានីភ្នំពេញទេ សូម្បីតែនៅតាមបណ្តាខេត្តផងដែរ ដោយបានប្រែក្លាយដី អោយមានតំលៃពោរពេញ ទៅដោយសំណង់អគារទំនើប បុរីលំនៅស្ថាន មជ្ឈមណ្ឌលពាណិជ្ជកម្ម អគារការិយាល័យ ផ្សារទំនើបនិងសំណង់បែបទំនើបៗមានបណ្តាញហេដ្ឋារចនាសម្ព័ន្ធ បណ្តាញផ្លូវ បណ្តាញទឹកនិងមានប្រព័ន្ធអគ្គិសនី លើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ បានសមរម្យ”៕