ដោយ ហ្សូលី
ភ្នំពេញៈ គម្រោងខ្សែក្រវ៉ាត់១ផ្លូវ១របស់ចិនបានកំណត់ថា នឹងត្រូវស្ថាបនាឱ្យចប់ជាស្ថាពរនៅឆ្នាំ២០៤៩ ដែលជាគម្រប់១០០ឆ្នាំនៃសាធារណរដ្ឋប្រជាមានិតចិន។ មហិច្ឆិតារបស់ចិន គឺចង់សម្រេចគោលដៅនេះនៅរយៈពេល២៩ឆ្នាំក្រោយ ខណៈពេលដែលបច្ចុប្បន្នស្ទើរតែទូទាំងពិភពលោក កំពុងជួបប្រទះវិបត្តិសេដ្ឋកិច្ច ដោយសារការផ្ទុះវីរុសឆ្លងកូវីដ១៩។

-->
យោងទៅតាមការផ្សព្វផ្សាយរបស់សារព័ត៌មានក្នុងស្រុក និងក្រៅស្រុកបានឱ្យដឹងថា រាល់គម្រោងធំៗនៅក្នុងតំបន់អាស៊ី ត្រូវបានពន្យាពេលគ្រប់គម្រោង។ មន្ត្រីភ្នាក់ងាររបស់គម្រោងស្ថាបនាប្រទេសចិនបានបញ្ជាក់ថា ចិននឹងបន្តស្ថាបនានៅពេលដែលឧបសគ្គកំពុងកើតមានបច្ចុប្បន្នកន្លងផុតសិន។
គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ នឹងត្រូវវិនិយោគនៅតាមបណ្តារប្រទេសជាច្រើននៅជុំវិញអាស៊ី និងអ៉ឺរ៉ុប ដែលក្នុងនោះមានដូចជា កម្ពុជា ឥណ្ឌូនេស៊ី ឥណ្ឌា ជាដើម។ និយាយជារួម គឺមានភាពជាដៃគូជាមួយប្រទេសសរុប១៣៧ប្រទេស ដែលមានការផ្គត់ផ្គង់គ្រឿងសំណង់ ធនធានមនុស្ស វត្ថុធាតុដើម ពីខាងប្រទេសចិនទាំងស្រុង។
មិនមែនត្រឹមតែផលប៉ះពាល់ពីវីរុសតែមួយមុខទេ ធនាគារពិភពលោក (WHO) បានឱ្យដឹងថា ហានិភ័យនៃអំពើពុករលួយ បញ្ហាបរិស្ថាន និងហិរញ្ញវត្ថុដែលត្រូវវិនិយោគមួយចំនួន អាចជួបប្រទះនាពេលខាងមុខ ដែលមិនប្រាកដថានឹងមាននិរន្តភាពឬយ៉ាងណានោះទេ។
គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ មិនបញ្ជាក់តែនៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់តែប៉ុណ្ណោះទេ តែក៏មានដូចជា ការអភិវឌ្ឍលើបណ្តាញផ្លូវដែក និងកំពង់ផែផងដែរ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម ងាយស្រួលនៅក្នុងការដឹកជញ្ជូនទំនិញ ដើម្បីជម្រុញសេដ្ឋកិច្ចប្រទេសនិមួយៗមានកំណើនកាន់តែខ្ពស់។

ជាក់ស្តែងគម្រោងបណ្តាញផ្លូវដែកល្បឿនលឿន តម្លៃជាង៥ពាន់លានដុល្លារនៅឥណ្ឌូនេស៊ី និងទំនប់វារីអគ្គិសនី ត្រូវផ្អាកដំណើរការ ដោយសារខ្វះខាតធនធានមនុស្ស និងការដាក់រឹតបន្តឹងការធ្វើដំណើរ។ កត្តាទាំងអស់នេះ អាចជាឧបសគ្ករារាំងនៃគម្រោងខ្សែក្រវ៉ាតមួយផ្លុវមួយរបស់ចិន មកទល់ពេលនេះ មិនទាន់មានដំណោះស្រាយនៅឡើយទេ៕