ដោយ ប៊ី
ភ្នំពេញៈ ក្រសួងសុខាភិបាលសហការជាមួយឧត្តមអភិបាកលនៃគណៈអភិបាលរាជធានីភ្នំពេញ តាមការសម្រេចរបស់រដ្ឋាភិបាល នឹងប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

-->
ក្រសួងក៏បានប្រកាសដែលថា បើទោះបីជំងឺកូវីត១៩នេះរាតត្បាតជាសកល ប៉ុន្តែក្នុងពេលនេះ កម្ពុជាមិនទាន់មានការរាតត្បាត ក្នុងសហគមន៍របស់យើងនៅឡើយទេ។ ករណីទាំងអស់សុទ្ធជាករណីនាំចូលពីក្រៅប្រទេស។
ដើម្បីបញ្ចៀសនូវការចម្លងក្នុងសហគមន៍ជាយថាហេតុ រាជរដ្ឋាភិបាលបានឲ្យក្រសួងសុខាភិបាល សហការជាមួយកងកម្លាំងសុខាភិបាល នៃកងយោធពលខេមរភូមិន្ទរបស់ក្រសួងការពារជាតិ និងកងកម្លាំសុខាភិបាលនៃនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ ដើម្បីរួមសហការគ្នាប្រយុទ្ធនឹងជំងឺកូវីដ១៩ ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។
សណ្ឋាគារកម្រិតផ្កាយ៥ ដែលមានកំពស់ខ្ពស់ជាងគេលើកដំបូង នៅក្រុងភ្នំពេញ The Great Duke Phnom Penh បានប្រកាសបិទទ្វារចាប់ពីថ្ងៃទី៣១ ធ្នូ ឆ្នាំ២០១៩។
ជាអតីតសណ្ឋាគារ Inter-Continental Hotel ក្រោយមកប្តូរឈ្មោះទៅជា The Great Duke Phnom Penh នៅដើមឆ្នាំ២០១៨ នៅពេលនេះបានប្រកាសបិទទ្វារសោកស្តាយ ខណៈព៌តមានលំអិតពីការបិទទ្វារនេះ មិនត្រូវបានបញ្ជាក់ឲ្យដឹងលំអិតនោះទេ។
សណ្ឋាគារនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកដំបូងកាលពីឆ្នាំ២០០២ ដែលទទួលបដិសណ្ឋារកិច្ចមេដឹកនាំធំៗមួយចំនួន។
យោងតាមសេចក្តីជូនដំណឹងផ្លូវការរបស់ The Great Duke Phnom Penh បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យសណ្ឋាគារផ្កាយ៥ ដែលមានអាយុជាង២ទសវត្សរ៍នេះបិទទ្វារ គឺដោយសារបញ្ហាសេដ្ឋកិច្ច។
សេចក្តីជូនដំណឹងបានលើកឡើងថា ជូនចំពោះបុគ្គលិកទាំងអស់។ អាស្រ័យដោយមូលហេតុសេដ្ឋកិច្ច យើងមានការសោកស្តាយ សូមជម្រាបជូនដំណឹងថា សណ្ឋាគារនឹង ត្រូវបិទដំណើរការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩។ ចាប់ពីថ្ងៃជូនដំណឹងនេះ តទៅបុគ្គលិកទាំងអស់ ត្រូវបានស្នើឲ្យសម្រាកមិនបាច់មកធ្វើការទេ។ ម្យ៉ាងវិញទៀតសណ្ឋាគារបានចាត់តាំងការិយាល័យមេធាវី អេចប៊ីអេស (HBS) ឲ្យទទួលដោះស្រាយនូវដំណើរការនៃការ បិទសណ្ឋាគារនេះ រួមទាំងការគិតគូរដោះស្រាយ ពីអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់ ទៅតាមផ្លូវច្បាប់ជាធរមាន៕
