ក្រសួងដែនដី កំពុងពន្លឿនការដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋជាង ២០០០ករណីទៀត

0

ដោយៈ រ៉ាណេត

ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាននិងកំពុងតែជំរុញ និងពន្លឿងរកដំណោះស្រាយ លើបញ្ហាវិវាទដីធ្លីជូនប្រជាពលរដ្ឋជាង២០០០ករណីបន្តទៀតនៅក្នុងឆ្នាំ២០២០នេះ ដើម្បីលុបបំបាត់ទំនាស់វិវាទដីធ្លីនេះ និងជួយដល់ប្រជាពល​រដ្ឋទទួលបាននូវសុខសុវត្ថិភាពនៃការកាន់កាប់ដីធ្លី។

នៅក្នុងពិធីសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងាររបស់ក្រសួងរៀបចំដែនដីដែនដី នគរូបនីយកម្ម និងសំណង់»កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការគណ:រដ្ឋមន្រ្តី លោកសេង ឡូត អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយម្ម និងសំណង់ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ បញ្ហាវិវាទដីធ្លីដែលកើតមានឡើងនៅប្រទេសកម្ពុជា ត្រូវបានដោះស្រាយជាង១ម៉ឺនករណី និងបន្តដោះស្រាយវិវាទដីធ្លីដែលនៅសេសសល់ជាង២០០០ករណី ទៀត។

លោកបន្តទៀតថា “ក្នុងចំណោមវិវាទដីធ្លីជាង២០០០ករណី ដែលនៅសេសសល់មាននៅគ្រប់ខេត្ត ប៉ុន្តែខេត្តដែលច្រើនជាងគេមានដូចជាខេត្តព្រះសីហនុ និងខេត្តបន្ទាយមានជ័យ។ ទោះយ៉ាងណា ក្រសួង បាន និងកំពុងតែយកចិត្តទុកដាក់ក្នុងការពន្លឿនកិច្ចអន្តរាគមន៍ នៅក្នុងការដោះស្រាយវិវាទដីធ្លីនេះ ក្នុងគោលដៅធ្វើយ៉ាងម៉េចឱ្យការដោះស្រាយវិវាទឱ្យបានលឿន ធានាបាននូវភាពសុខដុមរមនានៅក្នុងសង្គម ជូនដល់ប្រជាពលរដ្ឋ រួមទាំងគូភាគីពាក់ព័ន្ធផងដែរ”។

អ្នកនាំពាក្យរូបនេះបានលើកឡើងឱ្យដឹងថា ប្រជាពលរដ្ឋភាគច្រើនមានសំណូមពរចាំបាច់ណាស់ ទៅលើការដោះស្រាយក្រៅប្រព័ន្ធតុលាការនេះ ដោយសារតែចំណេញពេលវេលាចំណេញ ថវិកា មិនចាំបាច់ចំណាយប្រាក់ជួលមេធាវី មិនបាច់ចំណាយប្រាក់ក្នុងការធ្វើដំណើរឆ្ងាយ គឺក្រសួងដែនដីបានត្រៀមរួចជាស្រេចនូវក្រុមការងារ ដើម្បីទៅដោះស្រាយផ្ទាល់នៅទីតាំងតែម្ដង ដែលនេះជាសារៈប្រយោជន៍ខ្លាំងសំរាប់បងប្អូនប្រជាពលរដ្ឋទូទៅ។

កាលពីឆ្នាំ២០១៩ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន ទទួលពាក្យបណ្តឹងពាក់ព័ន្ធនឹងវិវាទដីធ្លីមានចំនួនជាង១២,០០០ករណី ក្នុងនោះក្រុមការងារជំនាញ បានដោះស្រាយវិវាទដីធ្លីជូនប្រជាពលរដ្ឋ បានចំនួនជាង១០,០០០ ករណីហើយ ដោយនៅសល់ជាង២ ០០០ករណីទៀតកំពុងបន្ត៕

LEAVE A REPLY

Please enter your comment!
Please enter your name here