ដោយគង់ សូរិយា
ភ្នំពេញ ចូលដល់ចុងត្រីមាសទី១ឆ្នាំ២០២០នេះ ទោះជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកំពុងលេចឡើងក្តី ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍ ការសាងសង់គំរោងធំៗជាច្រើនបាននិងកំពុងបន្តយ៉ាងសកម្មនៅតាមមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។

ដោយគង់ សូរិយា
ភ្នំពេញ ចូលដល់ចុងត្រីមាសទី១ឆ្នាំ២០២០នេះ ទោះជាបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចកំពុងលេចឡើងក្តី ប៉ុន្តែសកម្មភាពនៃការអភិវឌ្ឍ ការសាងសង់គំរោងធំៗជាច្រើនបាននិងកំពុងបន្តយ៉ាងសកម្មនៅតាមមហាវិថីសម្តេចតេជោ ឬផ្លូវ៦០ម៉ែត្រ។

បច្ចុប្បន្នគំរោងលំនៅដ្ឋាន ខុនដូ និងមជ្ឈមណ្ឌលពាណិជ្ជកម្មធំៗជាច្រើនបាននិងកំពុងសាងសង់នៅតំបន់នេះរួចហើយ ដែលអនាគតតំបន់នេះនឹងមានការរីកចម្រើនលឿននិងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងលំនៅដ្ឋានកាន់តែរសរវើក និងកាន់តែទាក់ទា ញការចាប់អារម្មណ៍។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកច្រឹក សុខនីមបានថ្លែងឲ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្នតំបន់នេះស្ថិតនៅកណ្តាលក្រុងរួចទៅហើយ និងជាតំបន់មានការអភិវឌ្ឍន៍លឿន ដោយសារទីតាំងមានភាពអំណោយផលកៀកនឹងកណ្តាលរាជធានី និងជាតំបន់ថ្មី ដែលងាយស្រួលរៀបចំហេដ្ឋារចនាសម្ព័ន្ឋ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ឋមេធំៗមួយចំនួនបានរៀបចំល្អប្រសើររួចហើយ។
លោកបន្តថា “តំបន់នេះក្នុងរយៈពេល៥ឆ្នាំខាងមុខ នឹងក្លាយជាតំបន់ដ៏ពេញនិយមសម្រាប់ការរស់នៅ និងការធ្វើពាណិជ្ជកម្ម”។លោកបន្តថា “វានឹងក្លាយជាតំបន់ដ៏រសរវើកមួយនាពេលអនាគត”។
បច្ចុប្បន្នផ្សារទំនើបធំៗចំនួនពីរ បាននិងកំពុងសាងសង់ គំរោងខុនដូR&F, Urban illage ផ្សារទំនើបរបស់បុរីប៉េង ហួត ផ្សារទំនើបរបស់ក្រុមហ៊ុនជីព ម៉ុងលែនដ៏ និងផ្សារទំនើបAEON MALL3នឹងសាងសង់នៅតំបន់នេះនាពេលខាងមុខ។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាលោកស្រីចេវ សុឃុនបានមានប្រសាសន៍ថា គ្រប់ទិសទាំងអស់នៅរាជធានីភ្នំពេញ សុទ្ឋតែមានការអភិវឌ្ឍលឿន និងក្នុងទម្រង់ខុសៗគ្នា ប៉ុន្តែសម្រាប់តំបន់ភាគខាងត្បូងក្រុងភ្នំពេញ ពិសេសផ្លូវ៦០ម៉ែត្រជាតំបន់មានការអភិវឌ្ឍលឿន និងតម្លៃដីធ្លីបានកើនឡើងខ្ពស់រួចទៅហើយ។
លោកស្រីបន្តថា ហេតុផលដែលតម្លៃដីធ្លីឡើងខ្ពស់នៅតំបន់នេះ ដោយសារទី១ វាមានចម្ងាយជិតបើសិនជាចូលមកកាន់កណ្តាលក្រុង ទី២វាជាទីក្រុងថ្មី និងកំពុងទាក់ទាញការវិនិយោគពីអ្នកវិនិយោគជាតិ អន្តរជាតិ និងទី៣ ហេដ្ឋារចនាសម្ព័ន្ឋ និងការតភ្ជាប់ពីតំបន់នេះទៅកាន់ព្រលានយន្តហោះ ក៏ជិត និងកៀកនឹងកណ្តាលក្រុង។
លោកបន្តថា “រយៈពេល៣ទៅ៥ឆ្នាំខាងមុខ វានឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ និងជាទីក្រុងថ្មីមួយដែលមានភាពរសរវើក តែបើគិតរយៈពេល៥ទៅ១០ឆ្នាំខាងមុខ គឺយើងសម្លឹងទៅកាន់តំបន់ស្របតាមបណ្តោយផ្លូវជាតិលេខ៦អា និងផ្លូវជាតិលេខ៥”។លោកបន្តថា “តំបន់នានានៃទិសទាំង៤របស់រាជធានីមានការអភិវឌ្ឍន៍ដូចគ្នា តែលឿនឬយឺត វាអាស្រ័យលើពេលវេលា ហើយតម្លៃអចលនទ្រព្យក៏នៅធូរថ្លៃផងដែរ បើធៀបនឹងតំបន់មានការអភិវឌ្ឍលឿន”។
រដ្ឋាភិបាលតាមរយៈរដ្ឋបាលក្រុងភ្នំពេញ បាននិងកំពុងរៀបចំផែនការអភិវឌ្ឈន៍តំបន់ភាគខាងត្បូងរាជធានីភ្នំពេញជាតំបន់បៃតង។ បច្ចុប្បន្នរដ្ឋបាលក្រុងភ្នំពេញបាននិងកំពុងសហការជាមួយសាលាក្រុងប៉ារីសប្រទេសបារាំង ដើម្បីសិក្សាពីប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋនានា ដូចជាផ្លូវ ប្រព័ន្ឋលូ ប្រព័ន្ឋរំដោះទឹកជំនន់ជាដើម ដើម្បីធ្វើយ៉ាងណាបញ្ចៀសវិបត្តិហេដ្ឋារចនាសម្ព័ន្ឋនិងលំហូរចរាចរនាពេលអនាគត ដោយសារតែតំបន់ភាគខាងត្បូងមានមនុស្សរស់នៅកាន់តែច្រើននារយៈពេល៥ទៅ១០ឆ្នាំខាងមុខ៕