ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមកពី១៨ប្រទេសកំពុងវិនិយោគនៅកម្ពុជា

0

ដោយវុត្ថា

ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់បានអះ​អាងថា រហូតមកដល់ពេលនេះ មានក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ មកពី១៨ប្រទេស បាននឹងកំពុងវិនិយោគ លើវិស័យសំណង់ នៅក្នុងប្រទេសកម្ពុជា។

ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានក្រុមហ៊ុនមកពីប្រទេសចិន ឈរនៅលំដាប់ថ្នាក់លេខ១ បន្ទាប់មកកូរ៉េ និងជប៉ុន។

លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងផ្តល់ព័ត៌មាន នៅក្នុងសន្នីសីទកាសែត កាលពីដើមសប្តាហ៍កន្លងមកនេះបានឱ្យដឹង ការវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិមកពីប្រទេសទាំង៨នេះ បាននឹងកំពុងជួយឱ្យវិស័យសំណង់ និងសេដ្ឋកិច្ចរបស់កម្ពុជាមានការរីកចំរើនយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

លោកបន្តថា “វិស័យសំណង់ដែលបាន និងកំពុងវិនិយោគដោយក្រុមហ៊ុនបរទេសមានចំនួន១៨ប្រទេស ដែលប្រទេសខ្លះបោះទុនតិច និងប្រទេសខ្លះបោះទុនច្រើន ហើយ បើយើងរៀបតាមលំដាក់ថ្នាក់ អ្នកវិនិយោគបរទេសដែលទទួលលំដាប់ថ្នាក់ទី១ នៅក្នុងប្រទេសកម្ពុជាគឺចិន បន្ទាប់មកកូរ៉េ  និងទី៣ជប៉ុន”។

លោកសេង ឡូតបន្តថា និយាយបែបនេះ មិនមែនមានន័យមានតែបរទេសនោះទេ ការវិនិយោគរបស់ក្រុមហ៊ុន ក្នុងស្រុងរបស់យើងក៏សម្បើបដែរ ជាពិសេសវិនិយោគទៅលើបុរី ឬលំនៅឋានជាលក្ខណបុរី ដែលបច្ចុប្បន្នមាន៣២៧ទីតាំង ដែលភាគច្រើន គឺជាការវិនិយោគក្នុងស្រុក។

លោកបន្ថែមទៀតថា ចំណែកវិនិយោគិនបរទេសវិញ វិយោគលើលំនៅឋានរស់នៅរួម (ខុនដូ) ឬអគារសហកម្មសិទ្ធិ និងអគារខ្ពស់ៗ ដែលមិនសូវមានវនិយោគិនក្នុងស្រុកច្រើននោះទេ។ ដោយឡែក នាពេលបច្ចុប្បន្ន កម្ពុជាមានអគារខ្ពស់ ដែលមានកម្ពស់លើសពី៥ជាន់មានជិត២ពាន់អគារនៅទូទាំងប្ររទេស។

បើតាម លោក សេង ឡូត គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ២០២០នេះ ការវិនិយោគក្នុងវិស័យសំណង់ នៅកម្ពុជាមិនទាន់មានការប៉ះពាល់ ដោយសារការរាតត្បាត នៃវីរ៉ុស COVID-19នោះទេ ដែលផ្ទុយទៅវិញការស្នើសុំសាងសង់មានការកើនឡើង ពោលគឺមានប្រមា​ណ៥២៣គម្រោង មានការកើនឡើង បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ ដែលមានត្រឹមជាង៣០០គម្រោងប៉ុណ្ណោះ។

លោក ច្រឹក សុខនីម ប្រធានសមាគមភ្នាក់ការងារ និងវាយតម្លៃអចលនវត្ថុកម្ពុជាបានឱ្យដឹងថា ទីផ្សារអលចនទ្រព្យ និងសំណង់ នៅក្នុងប្រទេសកម្ពុជានៅតែបន្តមានការរីកចំរើន ដោយមានការចូលរួមវិនិយោគពីវិនិយោគិនជាតិ និងអន្តរជា បើទោះបីកម្ពុជាជួបវិបត្តិជំងឺកូវីដ ១៩ និងការចាកចេញរបស់ជនជាតិចិនខ្លះជាដើម។

លោកបន្តថា “ការព្រួយបារម្ភស្ថិតនៅក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ  ពីព្រោះថាកម្ពុជាមានគោលនយោបាយសេដ្ឋកិច្ចរឹងមាំ ក្នុងទំហំប្រមាណ៧ភាគរយ ក្នុងរយៈពេល១០ ចុងក្រោយនេះ ដែលអាចនិយាយបានថាជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់មួយនៅក្នុងតំបន់អាស៊ី”។

លោកបញ្ជាក់ទៀតថា វិស័យអចលនទ្រព្យបាន និងកំពុងរីកចំរើនក្នុងរង្វង់១០ ទៅ ១៥ ភាគរយជារាល់ឆ្នាំ ដែលអាចឱ្យអ្នកវិនិយោគិន ទទួលបានប្រាក់ចំណេញពីការវិនិ​យោគទៅលើវិស័យអចលនទ្រព្យ ស្របទៅនឹងការរីកចំរើនរបស់កម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រកបដោយភាពឈ្លៀសវៃ ហើយបានត្រួសត្រាយផ្លូវ និងកំណត់ផែនការ យុទ្ធសាស្ត្រក្នុងរយៈពេលវែងឱ្យសេដ្ឋកិច្ចរបស់កម្ពុជាដើរក្នុងលំនឹង។

លោកបន្តថា “ការវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ធៀបទៅនឹងបណ្តាប្រទេនៅក្នុងតំបន់អាស៊ាន គឺការវិនិយោគនៅក្នុងប្រទេសកម្ពុជាទទួលបានផលចំណេញប្រាក់ច្រើន ជាបណ្តាប្រទេសនៅជិតខាងរបស់កម្ពុជា ដូចជាវៀតណាម ថៃ និងឡាវជាដើម ដូច្នេះវាជាឱកាសសម្រាប់ក្រុមហ៊ុនអចលនទ្រព្យអចលនទ្រព្យ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here