ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុនតាមរយៈអង្គការចៃការជប៉ុនប្រចាំកម្ពុជា បានផ្តល់គម្រោងជំនួយសម្រាប់ការសាងសង់ និងការបំពាក់សម្ភារនៅលើអគារវិទ្យាស្ថានគរុកោសល្យចំនួន២នៅកម្ពុជា រួមមាននៅរាជធានីភ្នំពេញ និងនៅខេត្តបាត់ដំបង ក្នុងទំហំទឹកប្រាក់សរុប ៣១៧០លានយ៉េន ស្មើនឹងប្រមាណ ២៩លានដុល្លារអាម៉េរិក បានសម្រេចប្រមាណ៣៣ភាគរយហើយ។
ប្រធានគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យ លោក MASHAKI SAKAKURA បានប្រាប់ក្រុមអ្នកសារព័ត៌មានស្តីពីហិរញ្ញប្បទានអភិវឌ្ឍន៍ របស់រដ្ឋាភិបាលជប៉ុននៅកម្ពុជា កាលពីពេលថ្មីៗនេះនៅវិទ្យាស្ថានគរុកោសល្យ ខេត្តបាត់ដំបងថា មកដល់ពេលនេះវិទ្យាស្ថានគរុកោសល្យទាំង២ ទាំងនៅភ្នំពេញ និងនៅខេត្តបាត់ដំបង បានដំណើរការសាងសង់ដោយក្រុមហ៊ុនជប៉ុនបានប្រមាណ៣៣ភាគរយហើយ។
-->
លោកបញ្ជាក់ថា “វិទ្យាស្ថាននៅខេត្តបាត់ដំបង មានអគារ ៥ខ្នង គ្រោងនឹងបញ្ចប់នៅខែតុលា ឆ្នាំ២០២០ ចំណែកវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញមាន ៤ខ្នង គ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ២០២០។ នៅពេលបញ្ចប់វិទ្យាស្ថានគរុកោសល្យទាំង២នេះនឹងក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ផ្តល់ការអប់រំគ្រូបង្រៀនដល់កម្រិតបរិញ្ញាបត្រ និងជាវិទ្យាស្ថានបណ្តុះធនធានមនុស្សលើកកម្ពស់គុណភាពអប់រំ និងគុណភាពគ្រូបង្រៀនផងដែរ”។
ការអភិវឌ្ឍធនធានមនុស្ស គឺស្ថិតនៅក្នុងមុំ១ នៃមុំទាំង៤ របស់យុទ្ធសាស្ត្រចតុកោណក្នុងអាណត្តិ៥ឆ្នាំនេះ។ ចំណែកគុណភាពនៃការអប់រំ គឺជាចំណុចអាទិភាពមួយនៅក្នុងវិស័យអប់រំរបស់កម្ពុជា។ ក្រសួងអប់រំយុវជន និងកីឡា បានកសាងនូវផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍វិស័យអប់រំ(២០១៩-២០២៣) ដើម្បីដាក់ចេញនូវការកែទម្រង់ក្នុងវិស័យការ លើកកម្ពស់គុណភាពអប់រំ និងការពង្រីកសេវាអប់រំ ឱ្យកាន់តែទូលំ ទូលាយទូទាំងប្រទេស ជាពិសេសការអភិវឌ្ឍធនធានមនុស្ស សម្រាប់នាំផ្លូវកម្ពុជាឈានឆ្ពោះទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០៕