ដោយ ហ្សូលី
ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាទទួលរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ ហើយអ្នកជំនាញបានបង្ហើបពីគន្លឹះមួយចំនួនដល់អ្នកវិនិយោគលើវិស័យនេះដើម្បីធ្វើយ៉ាងណារក្សាស្ថេរភាពឱ្យបានល្អ។

ដោយ ហ្សូលី
ភ្នំពេញ៖ បច្ចុប្បន្នកម្ពុជាទទួលរងផលប៉ះពាល់ស្ទើរគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអចលនទ្រព្យផងដែរ ដោយសារតែការរីករាលដាលនៃវីរុសកូវីដ ១៩ ហើយអ្នកជំនាញបានបង្ហើបពីគន្លឹះមួយចំនួនដល់អ្នកវិនិយោគលើវិស័យនេះដើម្បីធ្វើយ៉ាងណារក្សាស្ថេរភាពឱ្យបានល្អ។

នាយិកាក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE ប្រចាំប្រទេសកម្ពុជា លោកស្រី អាន សុធីតា បានប្រាប់ដល់គេហទំព័រ Property Area Asia នៅរសៀលថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២០ នេះថា « ការធ្លាក់ចុះគឺមានស្រាប់ទៅហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតដែលអ្នកវិនិយោគអចលនទ្រព្យត្រូវធ្វើគឺ ត្រូវកាត់បន្ថយការចំណាយតាមដែលអាចធ្វើបាន។ ហើយសូមកុំភ័យខ្លាចខ្លាំងពេកដែរ ព្រោះកាលណាភ័យខ្លាចខ្លាំងពេក អាចធ្វើឱ្យអ្នកវិនិយោគបាក់ទឹកចិត្ត។»
ចំណែកឯអ្នកជំនាញអចលនទ្រព្យអន្តរជាតិ លោក សោម កែវម៉ាលីដា បានគូសបញ្ជាក់ថា « វិស័យអចលនទ្រព្យមកទល់ពេលនេះរាងមានភាពទ្រឹង ដោយសារស្ថានភាពនេះមានភាពលំបាកមែនទែន។ ហើយក្នុងតំណាក់កាលនេះបើចង់ធ្វើសកម្មភាពឱ្យមានភាពទាក់ទាញលុះត្រាណាតែអ្នកវិនិយោគអាចមានតម្លៃល្អជូនអតិថិជន។»
លោកបានពន្យល់ទៀតថា « ឧទាហរណ៍ថា បើសិនជាអ្នកវិនិយោគឬក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យនានាធ្លាក់លក់ ១០ម៉ឺនដុល្លារ អញ្ចឹងឥលូវអាចលក់ត្រឹម ៨ម៉ឺនឬក៏យ៉ាងណាដែលជាតម្លៃល្អសម្រាប់ចំណេញភ្លាមៗ។ ស្ថានភាពនេះ មានតែប្រើយុទ្ធសាស្រ្តផ្តល់ជូនតម្លៃល្អទើបបាន។»
មិនតែប៉ុណ្ណោះ លោក សោម កែវម៉ាលីដា បានជម្រាបត្រួសៗថា ក្នុងពេលបច្ចុប្បន្ន មានតំបន់មួយចំនួនដែលប្រើប្រាស់យុទ្ធសាស្រ្តផ្តល់តម្លៃល្អជូនអតិថិជនគឺមាននៅតំបន់ ព្រះសីហនុ និងបាវិត ជាដើម។
ទន្ទឹមនេះ លោកស្រី តាំង ហួរ នាយិកាក្រុមហ៊ុនអចលនទ្រព្យAmatak Property Service មានប្រសាសន៍ថា « ដើម្បីរក្សាភាពនឹងនរអចលនទ្រព្យ អ្នកវិនិយោគជំហានដំបូងគឺត្រូវរក្សាសុខភាពជាមុនសិន។ កាលៈទេសៈនេះ អ្នកវិនិយោគមានពីរប្រភេទគឺមានអ្នកហ៊ាននិងអ្នកមិនហ៊ាន។ សម្រាប់អ្នកវិនិយោគដែលមានលុយ គេឆ្លៀតឱកាសទម្លាក់តម្លៃ ព្រោះវាជាឪកាសចំណេញដែរ។»
ដោយឡែក លោកស្រី តាំង ហួរ បានព្យាករណ៍ថា ស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្នកំពុងមានភាពតានតឹងខ្លាំង ប៉ុន្តែវាមិនធ្ងន់ធ្ងរណាស់ណាទេ យ៉ាងយូរពាក់កណ្តាលឆ្នាំ ២០២០ នេះ ស្ថានភាពច្បាស់ជាត្រឡប់មកប្រសើរឡើងវិញ៕