អ្នកជំនាញអះអាងថា ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតែមានតម្រូវការខ្ពស់ ដោយសារកត្តាមួយចំនួន

ចែករំលែក

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ តាមការសិក្សារបស់អ្នកជំនាញក្នុងវិស័យលំនៅដ្ឋានបានបង្ហាញថា នៅក្នុងមួយឆ្នាំតម្រូវការលំនៅដ្ឋានស្នាក់នៅរបស់ពលរដ្ឋកម្ពុជាមានចំនួនរហូតដល់ប្រមាណ៥ម៉ឺនខ្នងជាប្រចាំ ដែលក្នុងនោះប្រភេទលំនៅដ្ឋានតម្លៃសមរម្យសម្រាប់មន្ត្រីរាជការ និងអ្នកមានចំណូលទាបស្ថិតនៅក្នុងកម្រិតខ្ពស់។ យ៉ាងណាក៏ដោយ គេសង្កេតឃើញថា ទោះជាមានតម្រូវការលំនៅដ្ឋានប្រភេទនេះច្រើន ប៉ុន្តែសម្រាប់អ្នកអភិវឌ្ឍន៍បានជួបភាពប្រឈមចំពោះការលក់នៅលើទីផ្សារ។

អគ្គនាយកក្រុមហ៊ុន PREMIUM Group កាលពីព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ នេះ បានទទួលស្គាល់ថា តម្រូវការលំនៅដ្ឋានដែលមានតម្លៃសមរម្យពិតជាមានតម្រូវការទីផ្សារខ្ពស់ពីសំណាក់ប្រជាពលរដ្ឋដែលមានចំណូលទាប ប៉ុន្តែចំពោះភាពប្រឈមទៅនឹងការលក់នៅលក់នៅលើទីផ្សារអាចបណ្តាលមកពីហេតុផលពាក់ព័ន្ធមួយចំនួនក្នុងការអភិវឌ្ឍគម្រោង។

លោក ម៉ាន់ ចាន់ឌី បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថា “ភាគច្រើនគម្រោងដែលអភិវឌ្ឍន៍លំនៅដ្ឋានមានតម្លៃទាប គឺស្ថិតនៅឆ្ងាយពីតំបន់ក្រុង ឬនៅជាយក្រុងបន្តិច ដោយសារតែតម្លៃដីសម្រាប់អភិវឌ្ឍន៍មានកម្រិតទាប អាស្រ័យផលដល់ការវិនិយោគសមស្របសម្រាប់ការលក់ចេញ”។ លោកបានបន្តទៀតថា “ជាធម្មតា ផ្ទះដែលមានតម្លៃទាប គឺជាតម្រូវការរបស់ប្រជាពលរដ្ឋជាច្រើន ប៉ុន្តែភាពប្រឈមនៃការលក់ គឺដោយសារតែពាក់ព័ន្ធទៅនឹងតំបន់លំនៅដ្ឋាននៅឆ្ងាយពីក្រុង ប្រព័ន្ធទឹកស្អាតមិនទាន់មានគ្រប់គ្រាន់ ហើយអ្វីដែលពិសេសនោះគឺការសាងសង់ទំហំផ្ទះតែម្ដង”។

លោកបានបន្តទៀតថា “ដោយសារតែតម្លៃផ្ទះប្រភេទនេះត្រូវលក់ចេញក្នុងកម្រិតទាប ដូច្នេះអ្នកអភិវឌ្ឍន៍តែងពិចារណាទៅលើតម្លៃថ្លៃដើម ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីចូលទៅក្នុងគម្រោង គឺសុទ្ធតែជាការចំណាយរបស់អ្នកអភិវឌ្ឍន៍ ដូច្នេះនៅពេលសាងសងលំនៅដ្ឋានប្រភេទនេះ ពួកគាត់ត្រូវកាត់បន្ថយនូវចំណាយថ្លៃដើមតាមរយៈការកាត់បន្ថយទំហំផ្ទះ និងការរចនាម៉ូដនានាផងដែរ។ នៅពេលដែលព្យាយាមកាត់បន្ថយចំណាយថ្លៃដើម វានឹងធ្វើឱ្យលំនៅដ្ឋានខ្វះភាពទាក់ទាញ ដូចជាប្រវែងផ្ទះខ្លី ឬមិនសូវមានក្បូរក្បាច់ខ្វះភាពទាក់ទាញជាដើម”។

លោកបានបញ្ជាក់ទៀតថា “ប្រសិនបើមានការចូលរួមជួយជ្រោមជ្រែងពីសំណាក់រដ្ឋាភិបាលក្នុងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផ្លូវថ្នល់ បណ្តាញទឹកស្អាត បណ្តាញអគ្គិសនីចូលទៅកាន់គម្រោងទាំងនេះ វានឹងជួយកាត់បន្ថយថ្លៃដើម ហើយអ្នកអភិវឌ្ឍន៍នឹងបង្កើនគុណភាព សោភ័ណភាពសំណង់ឱ្យកាន់តែមានភាពទាក់ទាញ និងកាន់តែមានតម្រូវការខ្ពស់ជាក់ជាមិនខាន”។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា បច្ចុប្បន្ននេះ ជាការឆ្លើយតបទៅនឹងតម្រូវការជាក់ស្ដែងទៅលើលំនៅដ្ឋានដែលមានតម្លៃសមរម្យសម្រាប់អ្នកមានចំណូលទាប មានក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍន៍ចំនួន៥ បានបោះទុនធ្វើការអភិវឌ្ឍ និងសាងសង់ដែលមានចំនួនសរុបប្រមាណ១៥០០០ខ្នង ស្ថិតនៅខេត្ត/ក្រុងផ្សេងគ្នា កំពុងតែបន្តសកម្មភាពយ៉ាងសកម្ម ដែលក្នុងនោះនៅក្នុងរាជធានីភ្នំពេញចំនួន២គម្រោង នៅក្នុងខេត្តកណ្តាលចំនួន២គម្រោង និងខេត្តបន្ទាយមានជ័យចំនួន១គម្រោង។

ក្រុមហ៊ុនចំនួន៥ ដែលបានបណ្តាក់ទុនយ៉ាងសន្ធឹកសន្ធាប់ទៅលើការអភិវឌ្ឍនៅក្នុងវិស័យនេះរួមមានដូចជា ៖
ទី១- ក្រុមហ៊ុន WorldBridge Home ចំនួន ២ ៥៤៧ខ្នង លើផ្ទៃដីទំហំ ២៤ហិកតា ស្ថិតនៅភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ដែលបច្ចុប្បន្នសម្រេចបានប្រមាណ ៨៧ ភាគរយ។

ទី២- ក្រុមហ៊ុន B & BM Development Co,. Ltd ចំនួន ៥ ៣៤០ខ្នង លើផ្ទៃដីទំហំ ៨០ហិកតា ស្ថិតនៅភូមិស្លែងដីដុះ ឃុំពញរែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ដោយបច្ចុប្បន្នសម្រេចបានប្រមាណ ៣៨ភាគរយ។

ទី៣- ក្រុមហ៊ុន ARAKAWA ចំនួន ២ ៩៦០ យូនីត (ខុនដូ) លើផ្ទៃដីទំហំ១៣ ៦៨០ម៉ែត្រការ៉េ ស្ថិតនៅភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលរហូតមកដល់ពេលបច្ចុប្បន្ននេះ បានសម្រេចប្រមាណ៤៩ភាគរយ។

ទី៤- បុរីហ្គ្រេនផាក ចំនួន ៥០៧ខ្នង លើផ្ទៃដីទំហំ ៥,១៦ហិកតា ស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បច្ចុប្បន្នសម្រេចបានការសាងសង់ប្រមាណ ៦៦ភាគរយ។

ទី៥- ក្រុមហ៊ុន អិម អ សុខារ៉េស៊ីដេន គ្រុប ឯ.ក ចំនួន៤ ២៩៦ យូនីត(ខុនដូ) ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ៕


ចែករំលែក