មន្ត្រីជំនាញចាប់ផ្តើមចុះសិក្សាលម្អិត ពីគម្រោងផែនការស្តារឡើងវិញនូវព្រលានយន្ដហោះបាត់ដំបង

0

ដោយវុត្ថា

បាត់ដំបង៖ គណៈកម្មការចម្រុះរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋលេខាធិការអាកាសចរស៊ីវិល នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ នេះបានបើកិច្ចប្រជុំដើម្បីអនុវត្តការចុះស្រង់ស្ថិតិ វាស់វែង និងធ្វើប័ណ្ណកម្មសិទ្ធិដើម្បីបើកដំណើរអាកាសយានដ្ឋានខេត្តបាត់ដំបងឡើងវិញនាពេលខាងមុខនេះ ។

កិច្ចប្រជុំគណៈកម្មការចម្រុះនេះ ដឹកនាំដោយ លោក តម តិក សាលី អនុរដ្ឋលេខាធិការអាកាសចរស៊ីវិល និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីកម្ម សំណង់ និងសូរិយោដីខេត្ត លោកអភិបាលក្រុង លោកអភិបាលស្រុកសង្កែ មេឃុំ ចៅសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

លោក តិក សាលី បានរៀបរាប់អំពីគោលបំណង នៃការចុះធ្វើរដ្ឋបាលនៅបរិវេណដីជុំវិញអាកាសយាន្តដ្ឋានវាលបែកចានបាត់ដំបង ដើម្បីធ្វើការជួសជុលឡើងវិញ សម្រាប់បម្រើការងារយន្តហោះ ចុះឡើងនៅខេត្តបាត់ដំបង។

លោក ងួន រតនៈ បានស្វាគមន៍ និងសហការជាមួយគណ:កម្មការរួមគ្នាចុះធ្វើរដ្ឋបាលលើដីបរិវេណវាលយន្តហោះក្នុងខេត្តបាត់ដំបង ហើយបានទិន្នន័យច្បាស់លាស់មករាយការណ៍វិញ ជូនគណ:កម្មការក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ទៀត រហូតដល់ចប់ប្រកបដោយជោគជ័យ។

បន្ទាប់កិច្ចប្រជុំបច្ចេកទេសហើយ ក្រុមការងារគណៈកម្មការបានសម្រេចដាក់កម្មវិធីចុះទៅធ្វើរដ្ឋបាលទៅតាមជំហានៗ និងធ្វើការដោះស្រាយតាមកម្រិតជាក់ស្តែងផងដែរ។

សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងពិធីបើកបុណ្យទន្លេលើកទី ៦ កាលពីសប្តាហ៍កន្លងមកនេះ បានជំរុញឱ្យមានការសិក្សា និងថែរក្សាឱ្យបានល្អនូវព្រលានយន្តហោះ ខេត្តបាត់ដំបងឡើងវិញ បើទោះបីជាបច្ចុប្បន្នព្រលានយន្តហោះនេះ នៅមិនទាន់មានភាពចាំបាច់ក្នុងការសាងសង់ក្តី ប៉ុន្តែនៅពេលអនាគត នឹងត្រូវការអភិវឌ្ឍជាចាំបាច់។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍នៅក្នុងពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបងកាលពីថ្ងៃចុងសប្ដាហ៍មុននេះថា បើទោះបីរយៈពេលនេះមិនទាន់ត្រូវការ ក៏ប៉ុន្តែនៅពេលខាងមុខនេះ យើងច្បាស់ជាត្រូវការនូវព្រលានយន្តហោះ សម្រាប់ខេត្តបាត់ដំបង។

សម្តេចបន្តថា “ដូច្នេះបានជាខ្ញុំស្នើឲ្យឯកឧត្តមអភិបាលខេត្ត ស្នើឱ្យសម្តេចក្រឡា ហោម ស ខេង យកចិត្តទុកដាក់ទៅលើការគ្រប់គ្រង ដីធ្លីនៅក្នុងតំបន់នេះ និងជៀសវាងនូវការកសាងសំណង់ខ្ពស់ ដែលវាអាចប៉ះពាល់ដល់ការហោះហើរ នៅពេលដែលយើងពង្រីកនូវព្រលានយន្តហោះមួយនេះ”។

សម្តេចតេជោបានបន្តទៀតថា “បើទោះបីព្រលានយន្តហោះបាត់ដំបង មិនអាចក្លាយជាព្រលានយន្តហោះអន្តរជាតិក្តី ប៉ុន្តែនៅពេលប្រជាជនមានការរីកចម្រើនផ្នែកជីវភាព តម្រូវការធ្វើដំណើររបស់ប្រជាពលរដ្ឋកាន់តែខ្ពស់ ដូច្នេះតម្រូវឲ្យមានការហោះហើរក្នុងស្រុក ទើបត្រូវរៀបចំចក្ខុវិស័យទុកជាមុនបែបនេះ” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here