ដោយ ហ្សូលី
ភ្នំពេញៈ វិស័យអចលនទ្រព្យហាក់បីដូចជាមានភាពស្ងប់ស្ងាត់ ក្នុងនោះក៏មានអាជីវកម្មដីឡូតិ៍ផងដែរ ដោយសារតែការផ្ទុះនៃមេរោគឆ្លងកូវីដ១៩ ប៉ុន្តែយ៉ាងណាអ្នកជំនាញ និងអ្នកវាយតម្លៃអចលនទ្រព្យ ក៏បានបង្ហើបពីផលវិជ្ជមាន នៃការទិញដីឡូតិ៍ក្នុងពេលបច្ចុប្បន្នផងដែរ។
លោកអ៊ិន សំណាង អគ្គនាយកក្រុមហ៊ុន Show Up Real Estate បានមានប្រសាសន៍ប្រាប់គេហទំព័រ Property Area Asia នៅរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ ២០២០ នេះថា អ្នកដែលចង់វិនិយោគលើវិស័យដីឡូតិ៍ នាពេលនេះគឺជាឱកាស ព្រោះក្រោយពីកូវីដ១៩បញ្ចប់ទៅ អ្នកទិញអាចមានឱកាសចំណេញច្រើន។
-->
លោកបន្តថា “អ្នកដែលហ៊ាន គឺជាឱកាសរបស់គាត់ហើយ ដូច្នេះគាត់គួរតែវិនិយោគនៅពេលនេះ”។លោកបន្តថា “តម្លៃដីឡូតិ៍នៅជាយក្រុងបច្ចុប្បន្ន មានភាពធូរថ្លៃច្រើនដូចជាតំបន់ផ្លូវជាតិលេខ៣ និងផ្លូវជាតិលេខ ៤ ព្រោះថាផ្លូវជាតិលេខ៣ពង្រីកដល់ទៅ៦០ម៉ែត្រ ដែលសាងសង់បានប្រមាណ៤០%ហើយ”។
ចំណែករោងចក្រដែលនៅក្រុងភ្នំពេញ បាននិងកំពុងចាប់ផ្តើមរើទៅម្តុំតំបន់ផ្លូវជាតិលេខ៤ ដូច្នេះបន្តិចទៀតដីម្តុំនោះអាចនឹងឡើងថ្លៃ បើកាលណាអ្នកវិនិយោគទិញពីឥលូវទៅអាចចំណេញច្រើន។
ទន្ទឹមនេះអ្នកជំនាញមួយរូបទៀត លោក នី ទីណាត នាយកក្រុមហ៊ុនអចលនទ្រព្យ BASAK Realty បានគូសបញ្ជាក់ថា « ជាការពិត បញ្ហាកូវីដមិនមែនជាឧបសគ្គអ្វីយូរនោះទេ ខ្ញុំប៉ាន់ស្មានថាយ៉ាងច្រើន៣ ទៅ៤ខែទៀតវានឹងធូរស្រាលវិញហើយ”។លោកបន្ថែមថា “ក្នុងករណីអ្នកដែលមានលុយ គាត់អាចទិញដីឡូតិ៍បាន ប្រសិនបើមានគេចុះតម្លៃ ១០% ២០% ដែលនេះជាឱកាសចំណេញសម្រាប់ពួកគាត់”។
លោកឧកញ៉ាតេង រិទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ R Investment Group មានអនុសាសន៍ថា តាមពិតបើសិនជាអ្នកមានធនធាន ចង់ទិញដីឡូតិ៍សម្រាប់អនាគតនៅតែបាន ប៉ុន្តែសុំកុំរំពឹងខ្ពស់ពេក អាចរំពឹងត្រឹមចំនុចមួយបានហើយ ព្រោះកាលណារំពឹងខ្ពស់ពេក វាអាចជួបប្រទះបញ្ហា។ នៅឆ្នាំ ២០២០ នេះបញ្ហាអចលនទ្រព្យក៏មានបញ្ហាខ្លះៗដែរ មិនមែនគ្មានសោះនោះទេ។
យោងតាមការព្យាករណ៍របស់អ្នកជំនាញទាំង៣បានឱ្យដឹងថា ស្ថានភាពអចលនទ្រព្យ អាចនឹងមានភាពប្រសើរឡើងវិញ នៅពាក់កណ្តាលឆ្នាំ២០២០នេះ ដោយសារតែបញ្ហាវីរុស នៅប្រទេសចិនចាប់ផ្តើមបន្ធូរបន្ថយម្តងបន្តិចៗហើយ៕