តើកត្តាអ្វីនាំឱ្យការិយាល័យរួម (Co-working Space) ទាក់ទាញសហគ្រិនវ័យក្មេងដែលបើកអាជីវកម្មផ្តួចផ្តើមថ្មី?

0

ដោយ ហ្សូលី

ភ្នំពេញ៖ ការិយាល័យរួម (Co-Working Space) ដែលជាកន្លែងធ្វើការសម្រាប់សហគ្រិនឯករាជ្យវ័យក្មេងឬជាក្រុមមានសមាជិកតិច ដែលមានបំណងបើកអាជីវកម្មផ្តួចផ្តើមថ្មី បច្ចុប្បន្នវាកំពុងទាក់ទាញនិងមានភាពពេញនិយមច្រើនដោយសារកត្តាចំបងមួយចំនួន។

បើតាមឱ្យដឹងពីអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Century21 Fortuna Investment លោក វ៉ា វីរៈ នៅរសៀលថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២០ បានបញ្ជាក់ថា « ការិយាល័យរួមមានអត្ថប្រយោជន៍ច្រើនដោយមានផ្តល់បរិក្ខារពេញលេញដូចជា គ្រឿងសង្ហារឹម បណ្តាញអ៉ិនធឺណែត ម៉ាស៊ីនត្រជាក់ ដោយមិនចាំបាច់រៀបចំខ្លួនឯងនោះទេ។»

លោកពន្យល់ថា ក្រុមហ៊ុនតូចៗឬសហគ្រិនវ័យក្មេងមិនចាំបាច់ជួលការិយាល័យធំៗផ្ទាល់ខ្លួនឡើយ ព្រោះទីនោះមានតម្លៃថ្លៃ ដូច្នេះការិយាល័យរួមនឹងផ្តល់ឱ្យនូវតម្លៃសមរម្យដែលអាចផ្តល់ជាការបង់ប្រចាំខែគិតទៅតាមម៉ែត្រការ៉េឬតុ។ ប៉ុន្តែបច្ចុប្បន្នទីផ្សារគិតជាតុច្រើនជាង អាចអង្គុយបាន ៣ទៅ៤នាក់ រីឯតម្លៃវិញមានចាប់ពី៣០០ដុល្លារឡើងទៅ តាមចំនួនតុ។

មិនតែប៉ុណ្ណោះ កត្តាគួរឱ្យទាក់ទាញមួយទៀតនោះ លោក វ៉ា វីរៈ បានលើកឡើងថា « ក្រុមហ៊ុនឬអាជីវកម្មផ្តួចផ្តើមថ្មីអាចកំណត់ទីតាំងរបស់ការិយាល័យរួមបាន ឧទាហរណ៍ នៅពេលមានការទម្លាក់ទំនិញ ផ្ញើសំបុត្រ ឯកសារនានា ព្រមទាំងរបស់របរចាំបាច់ផ្សេងៗនោះបានដោយមិនចាំបាច់ព្រួយបារម្ភច្រើន។»

ទន្ទឹមនេះ លោកសង្កត់ធ្ងន់ថា សហគ្រិនអាចមានឱកាសជួបមនុស្សច្រើននៅទីនោះ អាចប្រាស្រ័យទាក់ទងគ្នា ចែករំលែកបទពិសោធន៍ និងជួយសហការគ្នាទៅវិញទៅមក ព្រោះភាគច្រើនការិយាល័យរួមច្រើនតែស្ថិតនៅតំបន់ទីប្រជុំជន ងាយស្រួលជួបពិភាក្សាជាមួយអតិថិជនផងដែរ។

អ្នកជំនាញមួយរូបដែលជាអគ្គនាយកក្រុមហ៊ុន ERA គឺលោក ខន គង្គារ បានមានប្រសាសន៍ប្រាប់គេហទំព៍រ Property Area Asia នេះថា « កត្តាមានច្រើនដូចជា ការិយាល័យរួមអនុញ្ញាតឱ្យក្រុមហ៊ុនតូចៗអាចធ្វើការមានវិជ្ជាជីវៈ ហើយមួយទៀតនោះបើពួកគាត់ទៅជួលការិយាល័យធំៗ អាចនឹងមិនមានលទ្ធភាពជួល ដូច្នេះការិយាល័យរួមនេះនឹងផ្តល់ឱកាសឱ្យពួកគាត់បាន។»

ជាការពិត ការិយាល័យរួមមិនទាន់មានការរីកដុះដាលទូទាំងប្រទេសកម្ពុជានៅឡើយទេ ដោយឡែកមានច្រើនតំបន់គួរសមក្នុងទីក្រុងភ្នំពេញដូចជា ម្តុំបឹងកេងកង ទួលទំពួង បឹងព្រលឹត និងទួលគោកជាដើម។ យ៉ាងណាមិញ អ្នកវិនិយោគលើវិស័យការិយាល័យរួមសម្រាប់ជួលឬហៅថា Co-working Space នេះ ចាប់ផ្តើមលូតលាស់បន្តិចម្តងៗ ព្រោះថាកម្ពុជាកំពុងមានការកើនឡើងខ្លាំងនូវសហគ្រិនឬអ្នកដែលចង់រកស៊ីមុខជំនួញផ្សេងៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here