ដោយ ហ្សូលី
ភ្នំពេញៈ នៅក្នុងពេលបច្ចុប្បន្នវិស័យអចលនទ្រព្យ កំពុងប្រឈមនឹងបញ្ហាមួយចំនួន អ្នកអភិវឌ្ឍលើវិស័យនេះ កំពុងគិតគូស្វះស្វែងរកវិធីសាស្រ្តយ៉ាងណា ដើម្បីទប់ទល់នៃការរាលដាលរបស់វីរុសនេះ ដូច្នេះអ្នកជំនាញបានប្រាប់ពីយុទ្ធសាស្រ្តមួយចំនួន ដើម្បីកាត់បន្ថយបញ្ហាប្រឈម។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ Amaktak Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់ឱ្យដឹងតាមទូរសព្ទ នៅរសៀលថ្ងៃទី ២៣ មីនា ឆ្នាំ ២០២០កន្លងមកថា ដើម្បីកាត់បន្ថយបញ្ហាប្រឈម អ្នកអភិវឌ្ឍន៍ ដែលកំពុងដំណើរការគម្រោងសាងសង់គួរផ្អាកសិន។ ប៉ុន្តែបើសិនជាចង់លក់ចេញ ឬក៏បន្ទាន់លុយ អាចដាក់លក់ដីនោះនៅក្នុងតម្លៃដែលសមរម្យទាបជាងទីផ្សារ។
-->
លោកស្រីបន្តថា “អ្នកវិនិយោគគួរណាតែផ្តល់នូវលក្ខខណ្ឌ បង់ប្រាក់ងាយស្រួលដល់អតិថិជន ប្រសិនបើចង់វាយចេញលឿន មានន័យថាងាយស្រួលបង់លុយ ការប្រាក់តិច រយៈពេលយូរ នោះច្បាប់ជាអាចទប់ទល់បាន ប្រសិនជាទាល់ច្រកជ្រុលជាធ្វើគម្រោងចំស្ថានភាពហើយ”។
អ្នកជំនាញមួយរូបទៀតគឺលោក ហៃ រ៉ាវី នាយកក្រុមហ៊ុន Daily Realty Group បានផ្តល់អនុសាសន៍ថា ក្នុងស្ថានភាពបែបនេះអ្នកអភិវឌ្ឍអចលនទ្រព្យ ដែលមានគម្រោងកំពុងដំណើរការសាងសង់ អាចបន្តការសាងសង់ទៀតបាន ប៉ុន្តែសម្រាប់គម្រោងថ្មីៗខ្លះក៏អាចព្យួរទុកសិនបានដែរ។
លោកបន្តថា “ដើម្បីឱ្យអចលនវត្ថុអាចលក់ចេញនោះ ស្ថិតនៅលើថាតើក្រុមហ៊ុនឬអ្នកអភិវឌ្ឍអាចបញ្ចុះតម្លៃបានដល់កម្រិតណា ដើម្បីទាក់ទាញអតិថិជន ព្រោះថាកាលណាអ្នកទិញដែលមានលទ្ធភាពឃើញថា មានការបញ្ចុះតម្លៃច្រើន ការកក់ប្រាក់មានលក្ខខណ្ឌល្អ នោះគេប្រាកដជាទិញ”។
បន្ថែមពីលើនេះលោកស្រី អាន សុធីតា នាយិកាភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុន CBRE នៅប្រទេសកម្ពុជា ធ្លាប់បានបញ្ជាក់ថា ដើម្បីជួយសម្រួលក្នុងស្ថានភាពបែបនេះ អ្នកអភិវឌ្ឍគួរណាត្រូវកាត់បន្ថយចំណាយ តាមដែលអាចធ្វើបាន ជាពិសេសត្រូវរក្សាចិត្តឱ្យនឹងនរ មិនត្រូវភ័យខ្លាច ជាពិសេសគួរតែរក្សាសុខភាពឱ្យមានមាំមួន៕