ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញ“វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ” ជូនក្រសួងបរិស្ថានចំនួន១៨ប័ណ្ណ ក្នុងនោះ១០ប័ណ្ណ សម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល និងតំបន់អភិរក្សនៃដែនជម្រកសត្វព្រៃ ពាមក្រសោប ខេត្តកោះកុង ដែលគ្រប់ដណ្តប់លើផ្ទៃដីសរុប៤.៦៧២,៦១ហិកតា និង៨ប័ណ្ណសម្រាប់សម្គាល់កម្មសិទ្ធិដីរដ្ឋក្នុងតំបន់ស្នូល នៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគីរី ដែលគ្របដណ្តប់លើផ្ទៃដីសរុប៤៥.៥១៩,២៦ ហិកតា។

-->
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានស្តីពី ការចុះបញ្ជីដីរដ្ឋនៃដែនជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងនិងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី នៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២០កន្លងមកឱ្យដឹងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងបន្តពិនិត្យចេញ “វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ”សម្រាប់តំបន់អភិរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ហើយក្រុមការងារអនុវត្តគម្រោងបាននិងកំពុងបន្តនីតិវិធី និងដំណើរការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ប្រើប្រាស់ដោយចីរភាពនៃដែនជម្រកសត្វព្រៃទាំងពីរ ដូចជា ការបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដី ក្នុងរយៈពេល១៥ថ្ងៃ និងការចុះប្រតិបត្តិសកម្មភាពអាទិភាពនៅទីវាលជាក់ស្តែង។
ក្រសួងបរិស្ថានបញ្ជាក់ថា “នេះគឺជាលទ្ធផលប្រវត្តិសាស្ត្រសម្រាប់កម្ពុជា ដែលរាជរដ្ឋាភិបាលបានគាំទ្រ និងជំរុញឱ្យមានការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិជាលើកដំបូង ហើយក៏ឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលលើការងារការពារ និងអភិរក្សធនធានធម្មជាតិនៅកម្ពុជាផងដែរ។

ក្រសួងបរិស្ថាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ នឹងបន្តដកស្រង់មេរៀន និងបទពិសោធពីគម្រោងនេះ ដើម្បីកែសម្រួលនីតិវិធី និងជំរុញដំណើរការចុះបញ្ជីដីរដ្ឋ នៅក្នុងតំបន់ការពារធម្មជាតិដទៃទៀតនៅទូទាំងប្រទេស៕