ដោយគង់ សូរិយា
ភ្នំពេញៈ ទីផ្សារលំនៅដ្ឋាន និងអាគារបែបសហកម្មសិទ្ធិ ដែលមានតម្លៃមធ្យមនៅតែមានតម្រូវការខ្ពស់នៅលើទីផ្សារ។ នេះបើតាមការសិក្សាមួយ។
យោងតាមការស្ទង់មតិអចលនទ្រព្យឆ្នាំ២០១៩ របស់ Realestate.com.kh ក្នុងចំណោមអ្នកផ្តល់ចម្លើយជាង ២០០០នាក់បានបង្ហាញថា ប្រហែល ៤០ភាគរយ នៃអ្នកផ្ដល់ចម្លើយទាំងអស់ ចាប់អារម្មណ៍ចង់ទិញផ្ទះតម្លៃក្រោម ៥ម៉ឺនដុល្លារ និងមាន ២៦% ចាប់អាម្មណ៍ទិញផ្ទះតម្លៃ ៥០០០០ ទៅ ៧៥០០ដុល្លារ។
លោកស្រីអាន សុធីតានា យិកាក្រុមហ៊ុន CBRE Cambodia បានលើកឡើងថា ខុនដូតម្លៃសមរម្យមានតម្លៃចន្លោះពី១,២០០ ដុល្លារ ទៅ១,៥០០ដុល្លារឡើងទៅ ក្នុងមួយម៉ែត្រការ៉េ និងខុនដូថ្នាក់កណ្តាលមានតម្លៃពី ១,៥០០ ទៅ ២,៥០០ដុល្លារ ជាងក្នុងមួយម៉ែត្រការ៉េ និងខុនដូតម្លៃខ្ពស់មានតម្លៃចាប់ពី ៣,០០០ដុល្លារ/ម៉ែត្រការ៉េ។
យោងតាមរបាយការណ៍របស់ CBRE Cambodia ឆ្នាំ២០២០ នេះវិញ CBRE Cambodia រំពឹងថា ទីផ្សារខុនដូ នឹងកើនឡើង ៥៥ភាគរយ ក្នុងនោះទីផ្សារខុនដូតម្លៃសមរម្យ (affordable) មានភាពទាក់ទាញខ្លាំងជាងគេក្នុងចំណោមអតិថិជនក្នុងស្រុក។
ចំណែកបើនិយាយអំពីតម្លៃផ្ទះទូទៅវិញ មិនថា វីឡា ឬផ្ទះក្នុងបុរីនោះទេ គឺនៅមិនទាន់ឈានដល់កម្រិតខ្ពស់បំផុតនៅឡើយ ស្របពេលដែលតម្រូវការសរុបត្រូវបានគេប៉ាន់ស្មានថាមានប្រមាណជាង៨០ម៉ឺនខ្នង គិតចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០៣០ ពោលគឺប្រមាណជាង៥ម៉ឺនខ្នងក្នុងមួយឆ្នាំៗ នេះបើយោងតាមការសិក្សារបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោកឧកញ៉ាលី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាបានទទួលស្គាល់ថា ទីផ្សារលំនៅដ្ឋានតម្លៃសមរម្យនៅតែមានតម្រូវការខ្ពស់ និងងាយលក់ចេញជាងលំនៅដ្ឋានដែលមានតម្លៃថ្លៃ ប៉ុន្តែមិនមែនមានន័យថា លំនៅដ្ឋានមានតម្លៃថ្លៃលក់មិនចេញនោះទេ វាអាស្រ័យលើទីតាំង និងគំរោងនិមួយៗ ដែលអ្នកអភិវឌ្ឍន៍បានសាងសង់ឡើង។
លោកបន្តថា “ការអភិវឌ្ឍលំនៅដ្ឋានតម្លៃសមរម្យ មិនអាចធ្វើបាននៅតំបន់ដែលដីមានតម្លៃខ្ពស់នោះទេ ប៉ុន្តែការរីកចម្រើននិងការពង្រីកក្រុង បានផ្តល់ឳកាសឲ្យអ្នកអភិវឌ្ឍន៍អាចសាងសង់លំនៅដ្ឋានតម្លៃសមរម្យបាន សំរាប់តំបន់ជាយក្រុង”៕