តើ​ប្រធាន CVEA និយាយ​ពី​បញ្ហា​ប្រឈម​អ្វីខ្លះ​ទាក់ទង​នឹង​វិបត្តិ​សេដ្ឋកិច្ច​កំឡុងវិបត្តិ Covid-19

0

ដោយ ៖ រ៉ា​ណេ​ត

ភ្នំពេញៈ កម្ពុជា​គឺជា​ប្រទេសមួយ​នៅក្នុង​តំបន់​អាស៊ាន ដែល​ទទួលរង​នូវ​ផលប៉ះពាល់​ពី​វិបត្តិ​ជំងឺឆ្លង Covid-19 ប៉ុន្តែ​ត្រូវបាន​រាជរដ្ឋាភិបាល​រៀបចំ​យុទ្ធសាស្ត្រ និង​វិធានការ​នានា​ដើម្បី​ទប់ទល់ ដែលជា​លទ្ធផល​យើង​ទទួលបាន​ភាពល្អប្រសើរ បើ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា (CVEA) លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចុង​សប្ដាហ៍​កន្លងទៅនេះ​ថា នៅពេល​និយាយ​ពី​សេដ្ឋកិច្ច គេ​នឹកឃើញ​ដល់​វិស័យ​អចលនទ្រព្យ ដែលជា​សរសរ​ស្ដម្ភ​មួយចំនួន​ក្នុង​ចំ​ណោ ម​វិស័យ​ផ្សេងទៀត។

លោក​បន្តថា វិស័យ​អចលនទ្រព្យ​នៅក្នុង​អំឡុងពេល៣ ទៅ៤ខែ​ចុង​ក្រោយនេះ បានទទួល​រង​នូវ​ផលប៉ះពាល់​យ៉ាងច្រើន ដែល​ក្នុងនោះ​រួម​ដូចជា មុនពេល​ជួប​វិបត្តិ​ជំងឺ Covid-19 ទីផ្សារ​អចលនទ្រព្យ​មានការ​ធ្លាក់ចុះ​បន្តិច ដោយសារតែរ​ដូច​កាល​ចូលឆ្នាំ​សាកល ដែល​ជនជាតិ​ស្បែក​ស​មួយចំនួន បាន​យក​ពេលវេលា​សម្រាប់​ថ្ងៃ​សម្រាក​ប្រចាំឆ្នាំ​ទេសចរណ៍​នៅតាម​តំបន់​កម្សាន្ត​នានា។

បន្ទាប់​ពីនេះ ចូលដល់​រដូវ​បុណ្យចូលឆ្នាំ​ចិន ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នកវិនិយោគ​នៅ​កម្ពុជា​ក៏​ចាកចេញ ទៅ​ប្រទេស​កំណើត​របស់ខ្លួន​ដើម្បី​ជួបជុំ​គ្រួសារ ស្រប​ពេលដែល​កម្ពុជា​ប្រឈម​ជាមួយ នឹង​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBAផងដែរ ហើយ​បញ្ហា​ចុងក្រោយ និង​មាន​ទំហំ​ធំ​នៅពេលនេះ គឺ​វិបត្តិ​នៃ​ជំងឺ Covid-19 ដែល​ពិភពលោក​ទាំងមូល ក៏ដូចជា​កម្ពុជា​កំពុងតែជួបប្រទះ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​មានប្រសាសន៍​បន្តទៀតថា “ក្នុងពេល​ប្រឈម​នឹង​ជំងឺឆ្លង​មួយ​នេះ បានផ្តល់​ផលប៉ះពាល់​ជាច្រើន​ដល់​វិស័យ​អចល​ទ្រព្យ​នៅ​កម្ពុជា ដូចជា​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន ក៏ដូចជា​អ្នកទិញ​អចលនទ្រព្យ​ជារួម​ផងដែរ។

លោក​បន្តថា “ប៉ុន្តែ​ដោយសារតែ​កម្ពុជា ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍ ដូច្នេះ​សម្រាប់​វិស័យ​អចលនទ្រព្យ បើ​ធ្វើការ​ប្រៀបធៀប​ទៅនឹង​បណ្តា​ប្រទេស​ដទៃទៀត​នៅក្នុង​តំបន់ អ្នកវិនិយោគ​នៅតែមាន​ឱកាស ដោយសារតែ​តម្លៃ​នៅ​ទាប​ជាងគេ និង​មាន​វិសាលភាព​ធំធេង​នៅឡើយ ហើយក៏​នៅតែមាន​សក្ដានុពល​ក្នុង​ការទិញ-លក់​ផងដែរ។

លោក​បញ្ជាក់ថា ដោយសារតែ​បញ្ហា Covid-19 បានធ្វើឱ្យ​ប្រជាជន ក៏ដូចជា​អ្នកជំនួញ​នៅក្នុង​វិស័យ​អចលនទ្រព្យ មាន​ភាពភ័យខ្លាច​មិន​ហ៊ាន​ដើរ​ចេញពីផ្ទះ ទៅ​ជួប​ភ្ញៀវ (ជំនួប​អ្នកទិញ និង​អ្នកលក់) ប៉ុន្តែ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនវត្ថុ គឺ​នៅតែ​ប្រកប​អាជីព​របស់ខ្លួន​តាមរ​យៈ​ការផ្ដល់​ព័ត៌មាន និង​ពិគ្រោះ​យោបល់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក គ្រាន់តែ​មិនបាន​ទូលំទូលាយ។

លោក​ច្រឹ​ក សុខ​នី​ម​បាន​បញ្ជាក់ថា នៅក្នុង​តំណាក់កាល​នេះ ទាំង​ទីផ្សារ​ជួល និង​ទីផ្សារ​លក់ មិនថាតែ​ចំពោះ​ប្រទេស​កម្ពុជា ប្រទេស​នៅក្នុង​តំបន់​អាស៊ាន ក៏ដូចជា​ពិភពលោក គឺមាន​ការធ្លាក់ចុះ​ប្រមាណ៥០-៦០ភាគរយ។ ប្រសិនបើ​ភាព​ប្រឈម និង​ការ​រាតត្បាត​នៃ​វិបត្តិ​ជំងឺ​Covid-19 នៅតែ​អូសបន្លាយ​បន្ត​ក្នុង​រយៈពេល​យូរ ចរន្ត​ទិញ-លក់​នឹង​ប្រឈម​នឹង​ភាពជាប់គាំង ហើយ​ម្ចាស់​អចលនវត្ថុ ដែល​ទទួលបាន​កម្ចី​ពី​ធនាគារ​នឹង​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់បំផុត។

ដោយឡែក​សម្រាប់​ការទទួលបាន​លទ្ធផល​ល្អ ពី​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ Covid-19 នៅពេល​បច្ចុប្បន្ន កម្ពុជា​អាច​នឹងមាន​ចរន្ត​ទិញ-លក់​ក្នុងស្រុក​ឡើងវិញ​បន្តិចម្ដងៗ ទៅតាម​យន្តការ​នៃ​កិច្ចការងារ​សេដ្ឋកិច្ច នៅក្នុង​ប្រទេស​កម្ពុជា ក៏ដូចជា​បណ្តា​ប្រទេស​នានា​នៅក្នុង​តំបន់​អាស៊ាន​ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here