ដោយ ៖ រ៉ាណេត
ភ្នំពេញៈ កម្ពុជាគឺជាប្រទេសមួយនៅក្នុងតំបន់អាស៊ាន ដែលទទួលរងនូវផលប៉ះពាល់ពីវិបត្តិជំងឺឆ្លង Covid-19 ប៉ុន្តែត្រូវបានរាជរដ្ឋាភិបាលរៀបចំយុទ្ធសាស្ត្រ និងវិធានការនានាដើម្បីទប់ទល់ ដែលជាលទ្ធផលយើងទទួលបានភាពល្អប្រសើរ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ាន ក៏ដូចជាប្រទេសដទៃទៀតនៅលើពិភពលោក។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោក ច្រឹក សុខនីម បានមានប្រសាសន៍កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះថា នៅពេលនិយាយពីសេដ្ឋកិច្ច គេនឹកឃើញដល់វិស័យអចលនទ្រព្យ ដែលជាសរសរស្ដម្ភមួយចំនួនក្នុងចំណោ មវិស័យផ្សេងទៀត។
លោកបន្តថា វិស័យអចលនទ្រព្យនៅក្នុងអំឡុងពេល៣ ទៅ៤ខែចុងក្រោយនេះ បានទទួលរងនូវផលប៉ះពាល់យ៉ាងច្រើន ដែលក្នុងនោះរួមដូចជា មុនពេលជួបវិបត្តិជំងឺ Covid-19 ទីផ្សារអចលនទ្រព្យមានការធ្លាក់ចុះបន្តិច ដោយសារតែរដូចកាលចូលឆ្នាំសាកល ដែលជនជាតិស្បែកសមួយចំនួន បានយកពេលវេលាសម្រាប់ថ្ងៃសម្រាកប្រចាំឆ្នាំទេសចរណ៍នៅតាមតំបន់កម្សាន្តនានា។
បន្ទាប់ពីនេះ ចូលដល់រដូវបុណ្យចូលឆ្នាំចិន ដែលប្រជាជនភាគច្រើនជាអ្នកវិនិយោគនៅកម្ពុជាក៏ចាកចេញ ទៅប្រទេសកំណើតរបស់ខ្លួនដើម្បីជួបជុំគ្រួសារ ស្របពេលដែលកម្ពុជាប្រឈមជាមួយ នឹងការដកប្រព័ន្ធអនុគ្រោះពន្ធEBAផងដែរ ហើយបញ្ហាចុងក្រោយ និងមានទំហំធំនៅពេលនេះ គឺវិបត្តិនៃជំងឺ Covid-19 ដែលពិភពលោកទាំងមូល ក៏ដូចជាកម្ពុជាកំពុងតែជួបប្រទះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍បន្តទៀតថា “ក្នុងពេលប្រឈមនឹងជំងឺឆ្លងមួយនេះ បានផ្តល់ផលប៉ះពាល់ជាច្រើនដល់វិស័យអចលទ្រព្យនៅកម្ពុជា ដូចជាអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន ក៏ដូចជាអ្នកទិញអចលនទ្រព្យជារួមផងដែរ។
លោកបន្តថា “ប៉ុន្តែដោយសារតែកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍន៍ ដូច្នេះសម្រាប់វិស័យអចលនទ្រព្យ បើធ្វើការប្រៀបធៀបទៅនឹងបណ្តាប្រទេសដទៃទៀតនៅក្នុងតំបន់ អ្នកវិនិយោគនៅតែមានឱកាស ដោយសារតែតម្លៃនៅទាបជាងគេ និងមានវិសាលភាពធំធេងនៅឡើយ ហើយក៏នៅតែមានសក្ដានុពលក្នុងការទិញ-លក់ផងដែរ។
លោកបញ្ជាក់ថា ដោយសារតែបញ្ហា Covid-19 បានធ្វើឱ្យប្រជាជន ក៏ដូចជាអ្នកជំនួញនៅក្នុងវិស័យអចលនទ្រព្យ មានភាពភ័យខ្លាចមិនហ៊ានដើរចេញពីផ្ទះ ទៅជួបភ្ញៀវ (ជំនួបអ្នកទិញ និងអ្នកលក់) ប៉ុន្តែក្នុងនាមជាភ្នាក់ងារអចលនវត្ថុ គឺនៅតែប្រកបអាជីពរបស់ខ្លួនតាមរយៈការផ្ដល់ព័ត៌មាន និងពិគ្រោះយោបល់តាមប្រព័ន្ធអេឡិចត្រូនិក គ្រាន់តែមិនបានទូលំទូលាយ។
លោកច្រឹក សុខនីមបានបញ្ជាក់ថា នៅក្នុងតំណាក់កាលនេះ ទាំងទីផ្សារជួល និងទីផ្សារលក់ មិនថាតែចំពោះប្រទេសកម្ពុជា ប្រទេសនៅក្នុងតំបន់អាស៊ាន ក៏ដូចជាពិភពលោក គឺមានការធ្លាក់ចុះប្រមាណ៥០-៦០ភាគរយ។ ប្រសិនបើភាពប្រឈម និងការរាតត្បាតនៃវិបត្តិជំងឺCovid-19 នៅតែអូសបន្លាយបន្តក្នុងរយៈពេលយូរ ចរន្តទិញ-លក់នឹងប្រឈមនឹងភាពជាប់គាំង ហើយម្ចាស់អចលនវត្ថុ ដែលទទួលបានកម្ចីពីធនាគារនឹងប្រឈមនឹងហានិភ័យខ្ពស់បំផុត។
ដោយឡែកសម្រាប់ការទទួលបានលទ្ធផលល្អ ពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 នៅពេលបច្ចុប្បន្ន កម្ពុជាអាចនឹងមានចរន្តទិញ-លក់ក្នុងស្រុកឡើងវិញបន្តិចម្ដងៗ ទៅតាមយន្តការនៃកិច្ចការងារសេដ្ឋកិច្ច នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសនានានៅក្នុងតំបន់អាស៊ានផងដែរ៕