ដោយៈ ច្រាយ ចំណាន
ភ្នំពេញៈ នៅក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ វិស័យអចលនទ្រព្យនៅកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ ជាមួយនឹងតម្លៃទុនវិនិយោគរាប់ពាន់លានដុល្លារ ប៉ុន្តែកំណើននេះ បើប្រៀបធៀបជាមួយបណ្តាប្រទេសក្នុងតំបន់ កម្ពុជានៅតែមានកម្រិតនៅឡើយ។ នេះបើតាមការអះអាងរបស់ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា លោកច្រឹក សុខនីមបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ថា ការវិនិយោគលើវិស័យអចលនទ្រព្យ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយសារលំហូចូលនៃវិនិយោគបរទេស និងស្ថេរភាពសេដ្ឋកិច្ច និងនយោបាយនៅក្នុងប្រទេស។
-->
លោកបានបញ្ជាក់ថា “វិស័យអចលនទ្រព្យនៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប ក្រុងព្រះសីហនុ ក្រុងប៉ោយប៉ែត បាវិត កែប និងតំបន់់ផ្សេងៗទៀត ត្រូវបានមើលឃើញពីកំណើន ឥតឈប់ឈរនៃការសាងសង់ ដែលកំពុងដំណើរការស្របពេលល ដែលការវិនិយោគធំៗភាគច្រើនមកពីប្រទេសចិន ដែលបានជួយជំរុញឱ្យមានភាពរីកចំរើនយ៉ាងខ្លាំង” ។ លោកបន្តថា “ជាក់ស្តែងនៅក្នុងទីក្រុងភ្នំពេញ មានគម្រោងអភិវឌ្ឍន៍ជាច្រើនទាំងលំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងអភិវឌ្ឍន៍ចម្រុះ ដែលបានបញ្ចប់ការសាងសង់ និងកំពុងដំណើរការក្នុងផែនការសាងសង់ ហើយជាលទ្ធផលយើងឃើញមានការផ្គត់ផ្គង់ខុនដូ អាផាតមិន បុរី និងលំនៅដ្ឋានផ្សេងៗទៀតមានការកើនឡើង” ។
ស្ថិតនៅក្នុងស្ថានការនៃវិបត្តិជំងឺសាកល Covid-19 ទោះបីជាទទួលរងនូវឥទ្ធិលអវិជ្ជមានខ្លះ នៅក្នុងវិស័យអចលនទ្រព្យក៏ដោយ ប៉ុន្តែមានការព្យាករណ៍ថា បន្ទាប់ពីការធ្លាក់ចុះទីផ្សារអចលនទ្រព្យនាពេលនេះ កម្ពុជានឹងអាចទទួលបានកំណើនវិនិយោគពីបណ្តាក្រុមហ៊ុនអន្តរជាតិជាដៃគូឡើងវិញ។ នេះបើផ្អែកតាមរបាយការណ៍ដែលបង្ហាញពីវត្តមានក្រុមហ៊ុនទទួលបានអាជ្ញាប័ណ្ណថ្មី ចេញដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលកន្លងទៅ។
ក្នុងរយៈពេល៥ឆ្នាំខាងមុខ កំណើននៃវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែត្រូវបានគេរំពឹងថា នឹងមានការកើនឡើងយ៉ាងខ្លាំង ចំពោះការអភិវឌ្ឍ ខុនដូ និងបុរី ការវិនិយោគផ្ទាល់ពីបរទេសតម្លៃដីតម្រូវការ និងការផ្គត់ផ្គង់ ហើយកម្ពុជានៅតែរក្សាបានភាពលំនឹងនៃកំណើនក្នុងវិស័យអចលនទ្រព្យ និងសំណង់ ប៉ុន្តសន្ទុះនៃកំណើនសេដ្ឋកិច្ច ក៏ដូចជា ភាពរីកចម្រើននៅក្នុងវិស័យណាមួយ វាមិនអាចចេះតែកើនឡើងរហូតបាននោះទេ គឺអាចនឹងដល់ចំណុចណាមួយធ្លាក់ចុះវិញជាមិនខាន។
លោកច្រឹក សុខនីម បានបន្តទៀតថា “សម្រាប់វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជានៅត្រឹមរយៈ៣ឆ្នាំចុងក្រោយនេះ មានកំណើនយ៉ាងគំហុកហួសពីក្ដីរំពឹង។

ដោយឡែកសម្រាប់នៅឆ្នាំបន្ទាប់ យើងមិនអាចកំណត់ថា នឹងមានកំណើនខ្ពស់ដូចនេះទៀតនោះទេ ដែលវាក៏អាស្រ័យទៅលើបរិបថ និងស្ថានភាពនៃស្ថិរភាពក្នុងសង្គមជាក់ស្ដែង ជាពិសេសឧបសគ្គនៃជំងឺ Covid-19 ប៉ុន្តែយើងននៅតែមានសុទិដ្ឋិនិយមថា នឹងមានសញ្ញាល្អ ខណៈដែលប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់កម្ពុជាមានស្ថានការកាន់តែល្អជាបន្តបន្ទាប់។
ជាមួយគ្នានេះ លោកក៏បានធ្វើការប្រៀបធៀបជាមួយប្រទេសជិតខាង ដូចជាប្រទេសថៃ ប្រទេសវៀតណាម វិស័យសំណង់នៅកម្ពុជា នៅតែមានភាពល្អប្រសើរដដែល ដោយសារតែកត្តាតម្លៃនៅកម្ពុជា មានកម្រិតទាបជាង ហើយវិសាលភាព និងឱកាសវិនិយោគនៅមានភាពទូលំទូលាយច្រើន៕